ភ្នំពេញៈ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីមន្ទីរជំនាញដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញបានចុះរៀបចំឯកសារសម្រាប់ធ្វើបណ្ណកម្មសិទ្ធិផ្ទះជូនពលរដ្ឋទាំងអស់ដែលកំពុងរស់នៅអគារបុរីកីឡាទាំងទាំង ៨ ស្ថិតក្នុងភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា។
លោក ថេង សុថុល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចុះរៀបចំឯកសារធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងអគារបុរីកីឡាទាំង ៨ នេះ មានតែរយៈពេល ៣ថ្ងៃគត់ គឺថ្ងៃទី ១ ទី ២ និងថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ ការចុះធ្វើនេះ គឺជាកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ៧ មករា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ។
លោកបានឱ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនសម្រុកនាំគ្នាយកឯកសារមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ។ ជាមួយគ្នានោះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការដាក់ឯកសារបានឆាប់រហ័ស ក្រុមការងារបានដាក់មន្ត្រីទទួលឯកសារនៅគ្រប់ជាន់ទាំងអស់នៃអគារបុរីកីឡា។
លោកបញ្ជាក់ថា៖ «ឥឡូវក្រុមការងារជំនាញកំពុងចុះធ្វើនីតិវិធីជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើបណ្ណកម្មសិទ្ធិផ្ទះជូនពួកគាត់ទាំង ៨ អគានៅអគារបុរីកីឡាហ្នឹង ដោយចាប់ផ្តើមពីថ្ងៃទី ១ កុម្ភៈនេះ ហើយព័ត៌មានបន្ថែមផ្សេងទៀតយើងមិនទាន់អាចប្រាប់បានទេ ព្រោះកំពុងមមាញឹកលើការងារនេះ»។
យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌបានឱ្យដឹងថា នេះមិនមែនជាការធ្វើបណ្ណកម្មសិទ្ធិនៅនឹងកន្លែងផ្ទះប្រជាពលរដ្ឋទេ គឺជាការចុះប្រមូលឯកសារសម្រាប់ធ្វើបណ្ណមានន័យថា នៅពេលប្រមូលឯកសារទាំងនោះសព្វគ្រប់ហើយទើបមន្ត្រីជំនាញយកទៅធ្វើបណ្ណជូនប្រជាពលរដ្ឋ។
លោក ថេង សុថុល ថ្លែងថា ដើម្បីឱ្យដំណើរការនៃការរៀបចំឯកសារចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិនេះ ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា សូមប្រជាពលរដ្ឋរៀបចំឯកសារពាក់ព័ន្ធឱ្យបានគ្រប់ សម្រាប់បង្ហាញជូនក្រុមការងារដូចជា ឯកសារកាន់កាប់ដីចេញដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងសាលាខណ្ឌ ឬលិខិតផ្ទេរសិទ្ធ បន្តពី ១ ទៅ ១។ លិខិតបញ្ជាក់ប្រវត្តិដី នៃការកាន់កាប់ផ្ទះ អត្តសញ្ញាណប័ណ្ណ ធ្វើនីត្យានុកូលកម្ម សំបុត្រអាពាហ៍ពិពាហ៍ (ថតចម្លង) សំបុត្រកំណើត (ថតចម្លង) សៀវភៅស្នាក់នៅ (ថតចម្លង)។
ជាមួយគ្នានេះ ករណីនៅលីវ មេម៉ាយ ពោះម៉ាយ ត្រូវមានលិខិតបញ្ជាក់ពីសង្កាត់ (ករណីមានសាលក្រមលែងលះពីតុលាការ ត្រូវភ្ជាប់មកជាមួយ) ចំណែកករណីផ្ទះដែលបានដាក់បញ្ចាំនៅធនាគារ ត្រូវមានលិខិតបញ្ជាក់ពីធនាគារ។
លោកបញ្ជាក់ថា៖ «ម្យ៉ាងវិញទៀតរដ្ឋបាលខណ្ឌ ៧ មករា សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលនៃយុទ្ធនាការចុះបញ្ជីធ្វើបណ្ណ កម្មសិទ្ធិនេះ បងប្អូនមិនអាចធ្វើការលក់ដូរ ឬផ្ទេរសិទ្ធិបានទេ ចាប់ពីពេលនេះហូតដល់បានទទួណបណ្ណកម្មសិទ្ធិ ចៀសវាងបង្កឱ្យមានការលំបាក និងរាំងស្ទះដល់ដំណើរការនៃការចុះបញ្ជី»។
លោក វ៉ាន់ សាវ៉ន ប្រជាពលរដ្ឋនៅអគារទី១ នៃអគារបុរីកីឡា បានឱ្យដឹងនៅថ្ងៃទី ១ ខែកុម្ភៈថា លោកមានការសប្បាយរីករាយនៅពេលដែលមានការចុះប្រមូលរៀបចំឯកសារដើម្បីធ្វើបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបែបនេះ។ ជាមួយគ្នានោះ អាជ្ញាធរ និងមន្ត្រីជំនាញ បានបង្កលក្ខណៈងាយស្រួលដោយបានបែងចែកក្រុមទទួលឯកសារនៅគ្រប់អគារ គ្រប់ជាន់ទាំងអស់ ហេតុនេះធ្វើបានរហ័សហើយចំណាយពេលតិច ជាពិសេសពលរដ្ឋមិនខាតពេលយូរមុនចេញទៅប្រកបរបររកទទួលទាននោះទេ។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តដែលមានអាជ្ញាធរ មានមន្ត្រីជំនាញអីចុះមកធ្វើការងារនេះ គឺងាយស្រួលពលរដ្ឋមិនបាច់ខាតពេលវេលាធ្វើដំណើរទៅដាក់ឯកសារទេ គឺគ្រាន់តែត្រៀមឱ្យហើយ និងយកទៅដាក់ជាការស្រេច។ ខ្ញុំដាក់បានលឿនជាងគេដាក់បានមុនគេ ព្រោះឯកសារខ្ញុំគ្រប់គ្រាន់ហើយត្រៀមរួចជាស្រេច ព្រោះមុនគេចុះមកគេបិទសេចក្តីជូនដំណឹងគ្រប់អគារហ្នឹង»៕