ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា គ្រឹះស្ថានឧត្ដមសិក្សា​ទាំងអស់​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​របស់​ក​ម្ពុ​ជា ជាពិសេស​នៅក្នុង​កាលៈទេសៈ នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​​ ១៩​។ លោក​ក៏បាន​លើកលែង​ការមិន​យក​ពន្ធលើប្រាក់ចំណេញរ​បស់​គ្រឹះស្ថាន​អប់រំ​ឯកជន​រយៈពេល​ ៥​ ឆ្នាំ​បន្តទៀត​។​

​លោក​ ហ៊ុន សែន បានលើកឡើង​ដូច្នេះ ក្នុងជំនួប​ជាមួយ​ប្រតិភូ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែល​ដឹកនាំ​ដោយ​លោក​ ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នា​ថ្ងៃទី​ ១ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​លោកនាយក​រដ្ឋមន្ត្រីបានបញ្ជាក់​នៅក្រោយ​ជំនួប​ថា លោក ហ៊ុន សែន​ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្នុង​ការជំរុញ​ការសិក្សា​តាម​អន​ឡាញ នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​ ១៩ កន្លងទៅនេះ​។

​លោក​ អ៊ាង សុផល្លែត បញ្ជាក់ថា​៖ «​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថានឧត្ដមសិក្សា​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​របស់​ក​ម្ពុ​ជា ជាពិសេស​នៅក្នុង​កាលៈទេសៈ នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩​។ ជាមួយគ្នា​នោះដែរ ក៏បាន​ចូលរួម​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ជួយ​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​នេះ​គឺជា​ការចូលរួម​ទាំងអស់​គ្នា​សម្រាប់​ភាព​រីកលូតលាស់​កម្ពុជា ត​ទៅមុខទៀត​»​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​សូម​គោរព​គាំទ្រ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​»​។​

​លោក តែ ឡូ​រិ​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន (Western University) ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១ ​ខែកុម្ភៈ​ថា សាលា​របស់លោក​បាន​ចូលរួម​សហការ​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើ​យ៉ាង​ម៉េ​ច​ឱ្យ​ការសិក្សា​កុំឱ្យ​រអាក់រអួល ទោះបី​មាន​ជំងឺ​កូ​វីដ​ ១៩ រីក​រាលដាល​យ៉ាងណាក៏ដោយ ហើយ​សាលា​របស់លោក​បាន​វិនិយោគ​បន្ថែម​លើ​សម្ភារ​រូបវន្ត​មួយចំនួនធំ​ដើម្បី​រៀប​ដំណើរការ​ឱ្យមាន​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​លោក​ថ្លែងថា​៖ «​កន្លងមក សាកលវិទ្យាល័យ​វេ​ស្ទើ​ន ក៏ដូចជា​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ដែរ (WIS) យើង​អត់​មាន​ខាតបង់​ការសិក្សា​ទេ គឺ​យើង​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​រហូត​។ ក្រៅពី​យើង​បង្កើន​សម្ភារ​រូបវន្ត​ដើម្បីឱ្យ​ដំណើរការបាន​ក្នុងការ​សិក្សា យើង​ក៏មាន​ការបន្ធូរបន្ថយ​ការបង់ប្រាក់ ការរក្សា​ទុកឱ្យ​សិស្ស​ជំពាក់​ប្រាក់​រហូតមកដល់​ឥឡូវ​ហ្នឹង​ដោយ​បង់​រំលស់​បន្តិច​ម្តងៗ ធ្វើ​ម៉េច​ដើម្បីឱ្យ​ការសិក្សា​របស់​យើង​ហ្នឹង​កុំឱ្យ​វា​អាក់ខាន​។ យើង​មាន​គោលការណ៍​អនុគ្រោះ​ដល់​សិស្ស​ដែលមាន​បញ្ហា​ហិរញ្ញវត្ថុ​ហ្នឹង​គឺ​យើង​អត់​បង្ខំ​ទារ​ទេ គឺ​យើង​ទុកឱ្យ​ជំពាក់​ធ្វើ​ម៉េច​ឱ្យ​គាត់​បានមក​រៀន​មក​សិក្សា​បន្តទៀត​រហូតដល់​ចប់​ចុង​ចប់​ដើម​»​។​

​លោក​ តែ ឡូ​រិ​ន បាន​បន្ថែមថា កន្លងមក​លោក​ហ៊ុន សែន បាន​អនុគ្រោះ​លើកលែង​មិន​យក​ពន្ធលើប្រាក់ចំណេញ រយៈពេល​ ៥ ​ឆ្នាំ​កន្លងមកហើយ ដោយ​លោក​បន្ថែមថា​៖ «​ព្រឹក​មិញ​ហ្នឹង​ក៏​សម្តេច​បន្ត​លើកលែង​ការយក​ពន្ធលើប្រាក់ចំណេញ​ទាំង​អស់ហ្នឹង​បន្តទៅទៀត ឱ្យ​ ១ ​អាណត្តិ​ទៀត រហូត​ ៥​ ឆ្នាំ​ទៀត រហូតដល់​ឆ្នាំ​ ២០២៨​។ យើង​ក៏​អបអរសាទរ​ដែរ​ព្រឹក​មិញ​ហ្នឹង សប្បាយរីករាយ​គ្រប់គ្នា​»​។​

​លោក​បន្ថែមថា ការបន្ធូរបន្ថយ​មិន​យកពន្ធ​នេះ​គឺជា​ការលើកទឹកចិត្តរ​ប​ស់លោក ហ៊ុន សែន ដើម្បីឱ្យ​គ្រឹះស្ថាន​អប់រំ​ឯកជន​ខិតខំ​ពង្រឹង​ខ្លួន​ដោយ​ធ្វើ​ម៉េច​ទប់ទល់​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ និង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ឱ្យ​បានឈ្នះ​ទាំងអស់គ្នា និង​ឱ្យបាន​ចប់​ចុង​ចប់​ដើម​ដើម្បី​កុំឱ្យ​មាន​ផល​ប៉ះទង្គិច​ទាំងឡាយ​។

​លោក តែ ឡូ​រិ​ន លើកឡើងថា​៖ «​អ៊ីចឹង ជា​ជំនួយ​មួយ​ធំ​ណាស់ ដែល​សម្តេច​អនុគ្រោះ​ឱ្យ​យើង​ដោយ​មិន​ជាប់ពន្ធ​ហ្នឹង ព្រោះ​គាត់​យល់ថា វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​យក​មកប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​យើង​នៅ​ថ្ងៃ​អនាគត​វា​ជាការ​ចាំបាច់​»​។

​គួរ​បញ្ជាក់ថា កាលពី​ខែមីនា ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ទាំង​គ្រឹះស្ថានសាធារណៈ និង​ឯកជន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។

​របាយការណ៍​វាយតម្លៃ​រួមគ្នា​លើ​តម្រូវការ​អប់រំ​នៅ​កម្ពុជា​ក្នុងអំឡុងពេល​មាន​ជំងឺ​កូ​វីដ ​១៩​ កាលពី​ខែមីនា ឆ្នាំ​ ២០២១ របស់​ក្រសួង​អប់រំ បាន​បង្ហាញថា ការបិទ​សាលារៀន​ទាំងនេះ​បាន​បង្ក​ការរំខាន​ដល់​ការសិក្សា​នៅក្នុង​សាលារៀន​ប្រមាណ ១ ៣៤៨២ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់​ពីសា​លាម​ត្តេ​យ្យ​សិក្សា រហូតដល់​វិទ្យាល័យ ក្នុងនោះ​សិស្ស​ប្រមាណ ៣,២ ​លាន​នាក់​ត្រូវ​រង​ផលប៉ះពាល់​។​

​របាយការណ៍​បានឱ្យដឹងថា​៖ «​ការឆ្លើយតប​របស់​ក្រសួង​អប់រំ​រួមគ្នា​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍ និង​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឱ្យមាន​ការសិក្សា​ពី​ចម្ងាយ​ដែល​ផ្តល់​ជាប់​ជា​បន្ត​ដល់​កុមារ​នៅ​គ្រប់​ភូមិ​សិក្សា​ទាំងអស់​»​។​

​គួរ​រំឭក​ផងដែរ​ថា កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​សង្កេតឃើញ​សាលា​ប្រមាណ ៥ ពាន់ ​ដែល​ក្រសួង​ទើបបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ជា​ដំណាក់កាលៗ​ក្នុង​រយៈពេល​ប្រមាណ ២ សប្ដាហ៍ មាន​សិស្ស​ចូលរៀន​តិចតួច​ត្រឹមតែ​ជាង ១ លាន​នាក់​៕