
ព្រះសង្ឃចូលរួមនៅក្នុងមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសនាពេលកន្លងមក។ រូបថត Sar Kheng page
ភ្នំពេញៈ គណៈសង្ឃរាជធានីភ្នំពេញ បានផ្សព្វផ្សាយសេចក្តីសម្រេចរួមគ្នាមួយដែលចេញដោយមន្ទីរធម្មការ និងសាសនានិងគណៈសង្ឃរាជធានីភ្នំពេញក្រោយប្រជុំអនុសំវច្ចរៈមន្ត្រីសង្ឃក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ដោយដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយ និងទប់ស្កាត់បញ្ហាខ្លះដែលញាំញីវិស័យព្រះពុទ្ធសាសនាកម្ពុជា។
សេចក្តីសម្រេចរួមនោះបង្ហាញពីវិធានការជាច្រើនដើម្បីទប់ស្កាត់នូវទង្វើដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ការរៃអង្គាសប្រាក់ ការបួសក្លែងក្លាយ ការសាងសង់ចេតិយ ការពង្រឹងវិន័យ ការគ្រប់គ្រងកម្មវិធីផ្សាយតាមរលកធាតុអាកាស ការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅវត្តអារាម ការហាមឃាត់ព្រះសង្ឃចូលរួមការដង្ហែក្បួនតាមទីសាធារណៈជាដើម ព្រមទាំងការជំរុញឱ្យចៅអធិការវត្តរៀបចំចុះប្លង់ដីវត្តដើម្បីបញ្ចៀសទំនាស់ដីព្រំប្រទល់វត្តជាដើម។
សេចក្តីប្រកាសរួមនោះបានលើកឡើងថា «ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់លើចំណុចខ្សោយ និងបញ្ហាប្រឈមដែលកើតមានក្នុងរយៈពេលពេញ ១ ឆ្នាំកន្លងមក សង្ឃសន្និបាតទាំងមូលបានរកឃើញមធ្យោបាយល្អ ចំណុចជាគន្លឹះសំខាន់ៗទុកជាមូលដ្ឋាន ឈានទៅដោះស្រាយបញ្ហាជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា រាជធានីភ្នំពេញ»។
សេចក្តីសម្រេចដដែលបានសរសេរថា ព្រះសង្ឃគ្រប់វត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការប្រតិបត្តិធម៌វិន័យ ពុទ្ធប្បញ្ញត្តិ ពុទ្ធានុញ្ញាតឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីជាគំរូដល់ពុទ្ធបរិស័ទ និងរក្សាបាននូវភាពផូរផង់នៃព្រះពុទ្ធសាសនា យូរលង់តទៅ។
ក្រៅពីនោះសេចក្តីសម្រេចរួមក៏បានជំរុញការពង្រឹងការគ្រប់គ្រងវត្តដោយចងក្រងស្ថិតិព្រះសង្ឃ អ្នកស្នាក់នៅអចិន្រៃ្ដយ៍ក្នុងវត្តឱ្យបានច្បាស់លាស់ដើម្បីឈានទៅទប់ស្កាត់បាតុភាពផ្សេងៗដែលកើតមានក្នុងវត្តដើម្បីរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញដែលបានចុះហត្ថលេខា និងប្រថាប់ត្រាលើសេចក្តីសម្រេចនោះមានថេរដីកាថា កន្លងមក ការផ្សព្វផ្សាយតាមរលកធាតុអាកាសតាមរយៈការជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ ក្នុងនាមផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ប៉ុន្តែជាក់ស្តែងការផ្សព្វផ្សាយខ្លឹមសារធម៌គឺមានតិចតួចដោយជំនួសមកវិញនូវការផ្សាយឈ្មោះសប្បុរសជនដែលឧបត្ថម្ភទៅវិញ។
ព្រះអង្គមានថេរដីកាបន្តថា តាមរយៈការសាកសួរអ្នកជួលម៉ោងផ្សព្វផ្សាយទាំងអស់រួចបូកសរុប រកឃើញថា ការផ្សព្វផ្សាយក្នុងឆ្នាំកន្លងមក គឺមានរហូតដល់ជាង ២ ០០០ ម៉ោង។
ជុំវិញការសាងសង់ចេតិយក្នុងវត្តវិញ ព្រះអង្គបានរំឭកថា ប្រហែល ១០ ឆ្នាំមុន មានសង្ឃប្រកាសមិនឱ្យមានការសង់ចេតិយនៅតាមវត្តអារាមដែលបង្កើតថ្មី ដោយណែនាំឱ្យមានការសាងសង់ចេតិយរួមមួយ ឬក៏រកវិធីដែលមិនចំណាយដីវត្តច្រើន។
ដោយឡែកវត្តចាស់ៗមានចេតិយរួចទៅហើយ តែផ្ទុយទៅវិញវត្តថ្មីៗដែលកើតក្រោយ បែរជាកើតចេតិយលឿន និងច្រើនជាងវត្តដែលមានវ័យចំណាស់ទៅទៀត។ក្រោយពីការសាងនោះមក ក៏មានអធិករណ៍ (ជម្លោះ) កើតមានជាបន្តបន្ទាប់រវាងអ្នកគ្រប់គ្រងវត្ត និងម្ចាស់ចេតិយ។
ព្រះមេគណ ឃឹម សន បញ្ជាក់ថា៖ «សង្ឃប្រកាសនោះមិនមានប្រសិទ្ធភាពទេ ចម្រើនពរ!យើងមិនអាចទប់ស្កាត់បានទេ យើងគ្មានអំណាច គឺបានត្រឹមសម្របសម្រួលរម្ងាប់អធិករណ៍ (ជម្លោះ) ប៉ុណ្ណោះ»។
ជាមួយគ្នានោះ ការរៃអង្គាសប្រាក់ដោយប្រើប្រាស់រូបភាពនិងសកម្មភាពក្នុងព្រះពុទ្ធសាសនា និងការក្លែងភេទជាអ្នកបួសក៏ជាក្តីកង្វល់មួយដែលនាំទៅដល់ផលប៉ះពាល់អវិជ្ជមានដល់វិស័យព្រះពុទ្ធសាសនាផងដែរ។
ព្រះអង្គបញ្ជាក់ថា៖ «ពេលខ្លះយើងចាប់បានហើយ យើងប្រគល់ជូនសមត្ថកិច្ច ហើយក្រោយមកក៏ឃើញអ្នកប្រព្រឹត្តមានសេរីភាពវិញ ហើយនៅពេលសួរទៅ គេថា មិនដឹងមានច្បាប់ណាដាក់ទោសផង។ សកម្មភាពនេះ ហាក់ដូចវែកចកអ៊ីចឹង ចម្រើនពរ» កាលពីខែកក្កដា ឆ្នាំ ២០២១ កម្លាំងនគរបាលខណ្ឌកំបូលចាប់ខ្លួនជនសង្ស័យ ១៨ នាក់ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រខណ្ឌកំបូល។
សេចក្តីសម្រេចត្រង់ចំណុច ៥ បានចែងថា ព្រះសង្ឃទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបន្តរក្សា និងប្រកាន់យកតម្លៃគុណធម៌ សីលធម៌រស់នៅល្អ ដោយចៀសវាងឱ្យបានការចូលរួមដោះស្រាយបញ្ហាផ្សេងៗតាមការដង្ហែក្បួន ឬការចូលរួមប្រជុំផ្សេងៗដែលខុសច្បាប់ ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសង្គម។ សេចក្តីសម្រេចរួមនោះក៏បានបង្ហាញថា ក្នុងពេលនេះ បញ្ហាទំនាស់ព្រំដីវត្តបានលេចចេញនូវភាពស្មុគស្មាញលំបាកដោះស្រាយដែលករណីខ្លះឈានដល់ប្តឹងគ្នាទៅតុលាការក៏មាន។
ដើម្បីទប់ស្កាត់បញ្ហាបែបនេះទៅថ្ងៃមុខ វត្តណាដែលមិនទាន់មានប្លង់ដីស្របច្បាប់ត្រូវរៀបចំប្លង់ដីវត្តឱ្យបានស្របច្បាប់ទុកជាមូលដ្ឋានក្នុងការថែរក្សាព្រំដីវត្ត និងជាទឡ្ហីករណ៍ ដោះស្រាយបញ្ហាដែលកើតមានដោយប្រការណាមួយ។
រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន ១៩៣៦ ស្មើនឹង ២៤០៤ បណ្ណ។
នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីដែលផ្សព្វផ្សាយក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំមុន។
យោងតាមរបាយការណ៍ផ្សព្វផ្សាយរបស់ក្រសួងធម្មការនិងសាសនា បច្ចុប្បន្នកម្ពុជាមានវត្តជាង ៥ ០០០ វត្ត ក្នុងនោះគណៈមហានិកាយចំនួនជាង ៤ ៨០០ វត្ត និងគណៈធម្មយុតិ្តចំនួន ២៦១ វត្ត ដោយមានព្រះសង្ឃជាង ៧ ម៉ឺនអង្គ,អាស្រមចំនួនជាង ១០០ និងមណ្ឌលវិបស្សនាចំនួន ២៤៕