ភ្នំពេញៈ អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​វិធានការ​ណែនាំ ៤​ ចំណុច ដល់​ម្ចាស់​ចម្ការកៅស៊ូ​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​សម្អាត និង​ធ្វើ​ផ្លូវ ព្រមទាំង​ប្រុងប្រយ័ត្ន​ការដុត​ភ្លើង​ក្នុង​ចម្ការកៅស៊ូ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​នៅក្នុង​ចម្ការកៅស៊ូ​។​

​យោង​លិខិត​ចុះ​ថ្ងៃទី​​ ៣០ ខែមករា ឆ្នាំ​ ២០២៣ ​ស្ដីពី​ «​វិធានការ​បង្ការ​អគ្គិភ័យ ក្នុង​ចម្ការកៅស៊ូ​នៅ​រដូវ​ជ្រុះ​ស្លឹក​» អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា កត់សម្គាល់​ឃើញថា ជា​រៀងរាល់ឆ្នាំ រដូវ​កៅស៊ូ​ជ្រុះ​ស្លឹក បានចាប់ផ្តើម​ពី​ខែមករា រហូតដល់​ចុងខែ​កុម្ភៈ​។ ក្នុងអំឡុង​ពេលនេះ ការ​កាត់​ឬ​ដុត​សម្អាត​ស្មៅ រុក្ខជាតិ​ចង្រៃ រួមទាំង​ស្លឹក​កៅស៊ូ ដែល​ជ្រុះ​នៅក្នុង​ចម្ការ អាច​បង្ក​ជា​អគ្គិភ័យ ដែល​អាចធ្វើឱ្យ​ខូចខាត​ដល់​ដំណាំ​កៅស៊ូ​។​

​ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​នៅក្នុង​ចម្ការកៅស៊ូ អគ្គនាយកដ្ឋាន​កៅស៊ូ បានធ្វើ​ការណែនាំ​នូវ​វិធានការ​ចំនួន​ ៤​ ចំណុច ដែល​រាប់បញ្ចូល​ទាំង​បច្ចេកទេស​នៃ​ការ​កាត់​ឬ​ដុត​សម្អាត​ស្មៅ រុក្ខជាតិ​ចង្រៃ រួមទាំង​ស្លឹក​កៅស៊ូ​ដែល​ទុំ​ជ្រុះ ដល់​ម្ចាស់​ចម្ការកៅស៊ូ​ទាំងអស់​យកទៅអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។ ជា​លក្ខណៈ​បច្ចេកទេស ម្ចាស់​ចម្ការ​ត្រូវ​កាត់​ស្មៅ​ឬ​រុក្ខជាតិ​ចង្រៃ​នៅ​ជុំវិញ​ចម្ការ និង​តាម​ចន្លោះ​រង​កៅស៊ូ​ជាប់​ផ្លូវ​ធ្វើដំណើរ និង​ត្រូវ​ប្រមូល​ទាំង​ស្លឹក កៅស៊ូ​ដែល​ជ្រុះ​ដាក់​គរ​ជា​គំនរៗ​ប្រវែង​ ២៥ ​ម៉ែត្រ ពីគ្នា​តាម​ចន្លោះ​រង​កៅស៊ូ​ដាច់ៗ​ពីគ្នា និង​ត្រូវ​ដុត ​១ ​គំនរ​ម្ដងៗ ដោយ​ចាប់ផ្តើម​ពី​គំនរ​ដែល​ស្ថិតនៅក្រោម​ទិស​ខ្យល់​។

​ការដុត​សម្អាត គឺ​ត្រូវ​ដុត​នៅពេល​ព្រឹក​ព្រលឹម និង​បញ្ឈប់​ការដុត​នៅវេលា​ម៉ោង​ ៩ ​ព្រឹក ដោយ​ត្រូវ​ឃ្លាំមើល​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ចៀសវាង​ផ្កាភ្លើង​ហើរ​ទៅ​ឆេះ​កន្លែង​ដទៃទៀត និង​ត្រូវ​ធានាថា ភ្លើង​ពិតជា​រលត់​អស់​ ១០០ ​ភាគរយ ក្រោយពេល​ឈប់​ដុត​។ ក្នុង​វិធាន​ការណែនាំ​នោះ អគ្គនាយកដ្ឋាន​កៅស៊ូ បាន ​«​ហាម​ដាច់ខាត​ការដុត​សម្អាត​នៅពេល​រសៀល ព្រោះ​អាច​បង្កឱ្យមាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​នៅវេលា​យប់ និង​មិនត្រូវ​រង់ចាំ​រហូតដល់​ស្លឹក​កៅស៊ូ​ជ្រុះ​ ១០០​ ភាគរយ ទើបបាន​ប្រមូល​ដុត​នោះទេ ព្រោះ​វា​បង្កើតជា​គំនរ ដែល​អាច​បង្ក​ឱ្យ​ភ្លើង​ឆេះ​ខ្លាំង​ពិបាក​គ្រប់គ្រង និង​ប៉ះពាល់​ដល់​ដើម​កៅស៊ូ​ក្នុង​ចម្ការ​»​។​

​បើតាម​វិធាន​ការណែនាំ​នោះ ការដុត​ស្លឹក​កៅស៊ូ ត្រូវធ្វើ​ឡើងជា​ ៣ ​ដំណាក់កាល​។ ក្នុងនោះ​ដំណាក់កាល​ដំបូង គឺត្រូវធ្វើ​ឡើង​នៅពេល​កៅស៊ូ​ជ្រុះ​ស្លឹក​បាន​ប្រមាណ ​៣០​ ភាគរយ ខណៈ​ដំណាក់កាល​បន្ទាប់​ត្រូវធ្វើឡើង នៅពេល​កៅស៊ូ​ជ្រុះ​ស្លឹក​បាន​ប្រមាណ ៦០​ ភាគរយ និង​ដំណាក់កាល​ចុងក្រោយ គឺ​នៅពេល​កៅស៊ូ​ជ្រុះ​ស្លឹក​បាន​ប្រមាណ​ ១០០ ​ភាគរយ​។

​បន្ថែម​ពីលើ​នេះ លោក ផេង មុ​ត្ថា​វី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដើម្បីឱ្យ​ដំណាំ​កៅស៊ូ មាន​សុខ​ភាពល្អ និង​ផ្ដល់​ទិន្នផល​ខ្ពស់​ប្រកបដោយ​គុណភាព ម្ចាស់​ចម្ការ​ត្រូវធ្វើ​ការថែទាំ​ទឹក ជី និង​ថ្នាំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស​។

លោក​បាន​បញ្ជាក់ថា​៖ «​ការប្រើ​ថ្នាំលាប​ទៅលើ​ដើម​កៅស៊ូ ដែល​មិន​ត្រឹមត្រូវ តាម​បច្ចេកទេស គឺអាច​ឱ្យ​ដើម​កៅស៊ូ​ងាប់​បាន ឬ​មិន​ផ្ដល់​ផល​ជា​ជ័រកៅស៊ូ​ឡើយ​»​។​

​លោក​បាន​បន្ថែមថា ជា​លក្ខណៈ​បច្ចេកទេស ការប្រើ​ថ្នាំលាប​ដើម​កៅស៊ូ នៅ​កន្លែង​ដែល​ត្រូវចៀរ​យក​ជ័រ គឺត្រូវធ្វើ​ឡើង ពី ​៤​ ទៅ​ ៨​ ដង ក្នុង​ ១ ​ឆ្នាំ អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ពូជ​កៅស៊ូ​នីមួយៗ ជាពិសេស ប្រភេទ​ពូជ PB2260 គឺ​មិនត្រូវ​លាប​វា​លើសពី​ ៤​ ដង​ក្នុង​ ១ ​ឆ្នាំ​ឡើយ​៕