កំពង់ឆ្នាំងៈ ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​ ប្រកាសជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​តាម​ដងផ្លូវ​ក្រាល​កៅស៊ូ ក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​បាន​សាងសង់​សំយាប និង​ដាក់​ស្លាក​យីហោ ​ឬ​តាំង​លក់ទំនិញ​ផ្សេងៗ នៅលើ​ការ៉ូឡា ឬ​ដី​ចំណីផ្លូវ​ត្រូវ​កាត់ និង​រុះ​រើចេញ​ឱ្យអស់​ត្រឹម​ថ្ងៃទី​​ ៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣​ ជា​កំហិត​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ថ្ងៃទី​ ៣០ ខែមករា​ បានឱ្យដឹងថា រដ្ឋបាល​ក្រុង​ត្រូវ​រៀបចំ​សោភណភាព​ទូទាំង​ក្រុង​កំពង់ឆ្នាំង​ឱ្យមាន​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​ល្អ ជាទី​ក្រុង​ប្រកបដោយ​សោភណភាព និង​មាន​អនាម័យ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត និង​សំដៅ​រៀបចំ​លម្អ​ទីក្រុង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។

​ដើម្បីឱ្យ​ស័ក្តិសម​ជាទី​ក្រុង​ស្អាត​នោះ រដ្ឋបាល​ក្រុង​បញ្ជាក់ថា នឹងត្រូវ​ធ្វើការ​រៀបចំ​ទី​ ១ នៅខាងមុខ​របង​ផ្ទះ ឬ​របង​មន្ទីរ​អង្គភាព​នានា មិនឱ្យ​មានការ​សង់​សំយាប និង​ដាក់តាំង​លក់ ទំនិញ​គ្រប់បែបយ៉ាង​។ ទី​២ នៅតាម​មុខផ្ទះ ចាប់ពី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រហូតដល់​អាហារ​ដ្ឋា​ន​មិត្តភាព ​(​វិមានឯករាជ្យ​) ត្រូវ​ដក​គម្លាត​ពី​ចិញ្ចើមផ្លូវ ​(ទុក​សម្រាប់​ថ្មើរជើង​)​ ប្រវែង ៣ ​ម៉ែត្រ ហើយ​ផុតពី​នោះ​ក៏​មិនត្រូវ​ធ្វើការ​សង់​សំយាប ឬ​បិទបាំង​ដែលនាំឱ្យ​បាត់បង់​សោភណភាព​ឡើយ​។​

​លោក ហ៊ីង ភ័ព្វ​មិនា អភិបាលក្រុង​កំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា បន្ទាប់ពី​ចេញ​សេចក្តីជូនដំណឹង​ហើយ​រដ្ឋបាល​ក្រុង​បាន​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​តែម្តង​ដើម្បីឱ្យ​ពួកគាត់​បានដឹង និង​ទុកពេល​ឱ្យ​ពួកគាត់​ធ្វើការ​រុះរើ និង​រៀបចំ​ឱ្យបាន​ស្អាត​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ក្រុង​។ ជា​នីតិវិធី​រដ្ឋបាល​ក្រុង​នឹង​ជូនដំណឹង​ជា​លើក​ទី​ ២ ម្តងទៀត​ករណី​ដែល​ប្រជាពលរដ្ឋ​នៅតែ​មិនទាន់​រុះរើ​រៀបចំ​បាន​ត្រឹមត្រូវ​។

​លោក​ថ្លែងថា​៖ «​លើក​ទី​ ២ ​ក្នុងករណី​ដែល​គាត់​មិនទាន់​អនុវត្ត​ទេ​អាហ្នឹង​យើង​ប្រជុំ​គណៈបញ្ជាការ​ដើម្បី​សម្រេច​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​តែម្តង លើក​ទី ​១​ យើង​កម្រិត​ត្រឹម​ថ្ងៃទី​ ៦ ​កុម្ភៈ ហើយ​លើក​ទី​ ២ ​ប្រហែល​អាច​ត្រឹម​ពាក់កណ្តាល​ខែកុម្ភៈ ទើប​យើង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុងករណី​ដែល​គាត់​អត់​ព្រម​»​។​

​លោក ហ៊ីង ភ័ព្វ​មិនា ប្រាប់ថា ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទិសដៅ​របស់​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង ទី​ ១​ គឺ​ធ្វើ​ផ្លូវ ហើយ​ផ្លូវ​នេះ​ទៀតសោត​នឹងធ្វើ​ឱ្យបាន​រួចរាល់​យ៉ាងយូរបំផុត​ត្រឹម​ឆ្នាំ​ ២០២៤ ផ្លូវ​ក្នុង​ក្រុង​ត្រូវតែ​ជា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ​។ ទី​២ ពាក់ព័ន្ធ​ជាមួយ​ភ្លើង​បំភ្លឺ ដែល​រហូតមក​ដល់ពេលនេះ​រដ្ឋបាល​ក្រុង​បំពាក់​សូ​ឡា​បាន​ប្រមាណ ៥០០​ បង្គោល ក្រៅពី​ប្រើ​សូ​ឡា ផ្លូវ​មួយចំនួន គឺ​ប្រើ​ភ្លើងអគ្គិសនី​។

​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​ប្រាប់ថា ក្រៅពី​ផ្លូវ​និង​ភ្លើង​នេះ គោលដៅ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​គឺជា​ការយកចិត្តទុកដាក់​លើ​រឿង​សំរាម ដោយ​បន្ត​ផ្សព្វផ្សាយ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ភ្ជាប់​សេវា​សំរាម​ឱ្យបាន​ច្រើន​។

​ចំណុច​ ១​ ទៀត គឺ​រដ្ឋបាល​ក្រុង​នឹង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អ និង​រៀបចំ​កែលម្អ​សួន​បន្ថែមទៀត ដូចជា​សួន​ទឹក​នៅមុខ​សាលាខេត្ត សួន​នៅមុខ​វិទ្យាល័យ​សុរាម្រិត និង​សួន​នៅតាម​បណ្តោយ​មាត់ទន្លេ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ប្រកួតប្រជែង​ទីក្រុង​ស្អាត​គឺ​ ១​ ចំណែក ប៉ុន្តែ​ជាមួយគ្នា​ហ្នឹង​យើង​ត្រូវតែ​រៀបចំ​ក្រុង​យើង​ឱ្យ​ស្អាត មាន​សោភណភាព​ដើម្បី​ទាក់ទាញ​ទេសចរ​ផងដែរ​»​។

លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បញ្ជាក់ថា ចំពោះ​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នេះ រដ្ឋបាល​ក្រុង​បានធ្វើ​ការដាក់​ឯកសារ​រួចរាល់​អស់ហើយ​។ ចំពោះ​ការប្រកាស​លទ្ធផល​អាច​នឹងធ្វើ​ឡើង​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ​ ២០២៣​។

​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ជា​ចលនា ​១ ធ្វើឡើង​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព និង​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ទីក្រុង ជួយ​ពង្រឹង និង​លើកកម្ពស់​រូបភាព​នៅតាម​បណ្តា​ទីក្រុង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការប្រឡងប្រណាំង​នេះ​ក៏​ជា​ឧបករណ៍​ផ្សព្វផ្សាយ សេវាកម្ម​បៃតង ថែមទាំង​ចូលរួម​ការការពារ និង​លើកកម្ពស់​បរិស្ថាន ពង្រឹង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅតាម​បណ្តា​ទីក្រុង ព្រមទាំង​ធ្វើឱ្យមាន​សមភាព​ក្នុងសង្គម ពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​វិស័យ​ទេសចរណ៍​ដោយ​ជំរុញ និង​ពង្រីក​លំហូរ​ភ្ញៀវទេសចរ​ទៅគ្រប់​តំបន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​៕