​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​​​ ៣១ ខែមករា​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន ក្នុង​វេទិកា​ទេសចរណ៍​ឣា​ស៊ាន ​(ATF) ឆ្នាំ​ ២០២៣ ​ចាប់ពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ​នៅ​ទីក្រុង​យុ​ក្យា​កាតា (Yogyakarta) ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​ ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​ដែល​ដឹកនាំ​មន្ត្រី​ជំនាញ​នេះ​បាន​ថ្លែងថា​៖ «​ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ​នឹង​ពិភាក្សា​លើ​ផែន​ការបន្ត​អនុវត្ត​ការងារ​កន្លងមក ដែល​កើតចេញពី​សមិទ្ធផល​ក្នុងពេលដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​ ២០២២ ​ដែល​រួមមាន​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​មួយចំនួន​»​។​

​គំនិត​ផ្តួចផ្តើម​ទាំងនោះ រួមមាន​សេចក្តីប្រកាស​ភ្នំពេញ​ស្តីពី​បរិវត្ត​កម្ម​ទេសចរណ៍​អាស៊ាន ការសម្រេច​ការសិក្សា​ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​ការអនុវត្ត​ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន និង​ការសម្រេច​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ទេសចរណ៍ ប្រកបដោយ​ចីរភាព​ក្រោយ​វិបត្តិ​កូ​វីដ ​១៩​។ កិច្ចប្រជុំ​នេះ​នឹង​ពិនិត្យ​អនុម័ត​លើ​ឯកសារ​ពិធីសារ​មួយចំនួន​នៃ​កិច្ចប្រជុំ​គណៈកម្មការ​អាស៊ាន​ទាំង​ ៤ គឺ ទី​១ កិច្ចប្រជុំ​ក្រុមការងារ​ភាពជា​ដៃគូ​ទីផ្សារ​ទេសចរណ៍​អាស៊ាន ទី​២ ​កិច្ចប្រជុំ​គណៈកម្មការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ទេសចរណ៍​អាស៊ាន ទី​៣ កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន និង​ទី​៤​ កិច្ចប្រជុំ​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​។​

​លោក ថោង រដ្ឋ​សក្តិ ដែលជា​ឧ​ត្ត​ម​មន្ត្រី​ស្ថាប័ន​ជាតិ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងថា ស្របពេល​ជាមួយ​កិច្ចប្រជុំ​នេះ ក៏មាន​ការរៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​បូក​ ៣ ​មាន​ចិន ជប៉ុន និង​កូរ៉េ កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​បូក​ឥណ្ឌា​។​

​ក្រៅពីនេះ​ក៏មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​ចិន (ACC) មជ្ឈមណ្ឌល​អាស៊ាន​ជប៉ុន (AJC) មជ្ឈមណ្ឌល​អាស៊ាន​កូរ៉េ (AKC) អង្គការ​/​សមាគម​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ដូចជា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ក្រុមប្រឹក្សា​ធ្វើដំណើរ​ទេសចរណ៍​ពិភពលោក (WTTC) សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) សមាគម​ទេសចរណ៍​អាស៊ាន (ASEANTA) សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន (ATRA) ជាដើម​។ ក្នុងឱកាស​នោះ​ក៏​នឹងមាន​ជំនួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។ នេះ​បើតាម​លោក​ថោង រដ្ឋ​សក្តិ​។​

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​ ២០២៣ ​នេះ វេទិកា ATF នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​អាស៊ាន​៖ ដំណើរ​ទៅកាន់​គោលដៅ​ដ៏​អស្ចារ្យ​» ដែល​ចូលរួម​ដោយ​មន្ត្រី​ទេសចរណ៍ ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី និង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​។​

​ក្រសួងទេសចរណ៍​កម្ពុជា​បញ្ជាក់ថា កម្ពុជា​ក៏បាន​សហការ​ជាមួយ​ផ្នែក​ឯកជន​កម្ពុជា​ក្នុងការ​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដោយ​រំពឹងថា នឹងមាន​ប្រតិភូ​ចូលរួម​ជាង​ ២០០០​ នាក់ មាន​ស្តង់​ពិព័រណ៍​ចំនួន​ ២៥០ និង​អ្នកលក់​មកពី​ ៥០០ ​ក្រុមហ៊ុន និង​មាន​អ្នកទិញ ជាង​ ២៥០ ​ក្រុមហ៊ុន​ផងដែរ​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹងថា កម្ពុជា​នឹង​ទទួល​ជយលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​ ២០២៣ ចំនួន​ ១៧ ពី​អាស៊ាន ក្រោម​ប្រភេទ​ស្តង់ដា​អាស៊ាន​ចំនួន ​៤ ដែល​ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​ជំនាញ​របស់​ក្រសួងទេសចរណ៍​។ រាជធានី​-​ខេត្ត​ចំនួន​ ៨​ នឹង​ទទួលបាន​ជយលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​ទាំង ​១៧​ នេះ​។​

​ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងទេសចរណ៍​ឥណ្ឌូនេស៊ី ប្រធាន​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​តំបន់ នៅ​ទីក្រុង Yogyakarta លោក Gusti Kanjeng Ratu Bendara រំពឹងថា វេទិកា ATF ឆ្នាំ​ ២០២៣ នេះ​នឹង​ក្លាយជា​ច្រក​ដើម្បី​ក្លាយជា​គោលដៅ​នាំមុខគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បញ្ជាក់ថា​៖ «ATF គឺជា​ច្រក​ទៅកាន់​កម្មវិធី​របស់​យើង​ក្នុង​ឆ្នាំ ​២០២៥​ ដែល​នឹង​ក្លាយទៅជា​ទិសដៅ​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។​

​គួរ​បញ្ជាក់ថា វេទិកា​ទេសចរណ៍​អាស៊ាន (ATF) គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​អ្នករៀបចំ​គោលនយោបាយ​ឧស្សាហកម្ម​កំពូល អ្នកអនុវត្ត​និង​អ្នកផ្គត់ផ្គង់​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍​ដែលមាន​មូលដ្ឋាន​នៅ​អាស៊ាន​។​

ATF មាន​កិច្ចសន្ទនា​រវាង​ស្ថាប័ន​ជាតិ​ទេសចរណ៍ និង​វិស័យ​ឯកជន​ព្រមទាំង​កម្មវិធី​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ក្នុងចំណោម​តួអង្គ​តាំងពិព័រណ៍​អាស៊ាន​និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ​មកពី​ទីផ្សារ​ទេសចរណ៍​ធំៗ​៕