​សៀមរាបៈ​ ​ឆ្នាំនេះ​ មិន​ខុសពី​ឆ្នាំមុនៗ​ទេ អ្នក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរា​ប បាន​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​គ្នា ​សម្រាប់​ធ្វើ​ម្ហូប​ក្នុង​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្ន​កតា​នៅ​រៀងរាល់​ខែមាឃ​តាម​ទម្លាប់​ពី​បុរាណ ដោ​យ​ក្ដី​សប្បាយ​រីករាយ​។

​ពិធី​ចាប់​ត្រី​ឡើង​មាឃ​សម្រាប់​ឆ្នាំនេះ ​​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១ ​ខែកុម្ភៈ​ដោយ​អ្នកភូមិ​បង្កោង​ស្ទើរតែ​ទាំងអ​ស់​ បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​បឹង​បុរាណ​មួយ​ដែល​ពួកគេ​បាន​រួមគ្នា​អភិរក្ស​ត្រី​មិនឱ្យ​មានការ​នេសាទ​ផ្តេស​ផ្តាស ​គឺ​ទុក​សម្រាប់​តែ​រកត្រី​រួមគ្នា​ក្នុង ​១​ ឆ្នាំ​ម្តងនា​ឱកាស​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្ន​កតា​ប៉ុណ្ណោះ​។ នេះ​បើតាម​សម្ដី របស់​បុរស​ជា​ចាស់​ទុំ​ម្នាក់ ​ក្នុងភូមិ​ដាច់​ស្រយាល​មួយ​នេះ​។

​លោក ​ពេជ្រ ឃិន មេភូមិ​បង្កោង​នៃ​ឃុំ​អំពិល​បាន​ថ្លែងថា នៅ​ថ្ងៃទី​​ ១ ខែកុ​ម្ភៈ ឆ្នាំ​ ២០២៣​ អ្នក​ភូមិ​ក្មេង​ ចាស់ ​ប្រុស ​ស្រី ជា​ច្រើន​រយ​នាក់​បាន​មក​ជួបជុំ​គ្នា​តាំងពី​ព្រលឹម​ស្រាងៗ​តាម​ការ​កំណត់​របស់​គណៈក​ម្មការ​រៀបចំ​ពិធី​ដោយ​ក្នុង​ដៃ​មាន​កាន់​សំណាញ់ ​អង្រុត​ឈ្នាង​និង​ទ្រុង​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ទោះជា​ទឹក​នៅក្នុង​បឹង​ឆ្នាំនេះ​មាន​បរិមាណ​ច្រើន​ជាង​ឆ្នាំ​មុនៗ ​ប៉ុន្តែ​ទិន្ន​ផល​ត្រី​ក្នុង​បឹង​ក៏​សម្បូរ​ណាស់​ដែរ ​ដូច្នេះ​យើង​សង្ឃឹម​ថា ​ការចាប់​ត្រី​រួមគ្នា​សម្រាប់​យក​ទៅ​ធ្វើ​ម្ហូប​អាហា​រ​ឬ​ធ្វើ​ទឹកស​ម្ល​នំ​បញ្ចុក​សម្រាប់​ពិធី​ឡើង​មាឃ​នៅ​ថ្ងៃនេះ​​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ទាំង​អស់​គ្នា​» ។​

​បើតាម​លោក​ ឃិន ​អ្នកភូមិ​ដែល​មាន​សិទ្ធិ​ចុះ​ចាប់​ត្រី​ក្នុង​បឹង​បុរាណ​នោះ​គឺ​មានតែ​អ្នក​ភូមិ​បង្កោង​នៃ​ឃុំ​អំពិល​ប៉ុណ្ណោះ ​រីឯ​អ្នកភូមិ​ផ្សេង​ទៀត​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ចាប់​ត្រី​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ​ទេ​ ប៉ុន្តែ​ ១​ ថ្ងៃ​បន្ទា​ប់មក​អ្នក​ភូមិ​ផ្សេង​ ឬ​អ្នក​មកពី​ខេត្ត​ឆ្ងាយៗ​អាច​ចូលរួម​ទៅ​ចុះ​ចាប់​ត្រី​នៅក្នុង​បឹង​បុរាណ​នោះ​បាន​ដែរ ​ដោយ​ប្រើ​ដៃ ឬ​តែ​ឧបករ​ណ៍​បុរាណ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្ថែម​ថា​៖ «​ត្រី​នៅ​ក្នុង​សម្រាស់​ដែល​ត្រូវបាន​គណៈ​កម្ម​ការ​រៀប​ចំ​កម្មវិធី​ហ៊ុម​ព័ទ្ធ​នៅក្នុង​ផ្ទៃ​បឹង​នេះ​ គឺ​មិន​អនុញ្ញាត​ឱ្យ​ចាប់​យក​ទៅធ្វើ​ម្អូ​ប​អាហារ​ជា​លក្ខណៈ​គ្រួសារ​ឡើយ​គឺ​ទុក​សម្រាប់​ចាប់​រួម​យក​ទៅ​ធ្វើជា​ម្ហូប​អាហារ​និង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​ពី​ធី​ឡើង​មាឃ​តែ​ប៉ុណ្ណោះ​។ ដោយ​ឡែក​ ត្រី​ដែល​រកបាន​ពី​បឹង ប្រជា​ពលរដ្ឋ​អាច​យក​ទៅ​ធ្វើ​ម្ហូបអា​ហារ​ជា​លក្ខណៈ​គ្រួ​សារ​បាន​»​។​

​ទ្រនិច​នាឡិ​កា​ចង្អុល​ម៉ោង​៧​ព្រឹក គណៈក​ម្មការ​រៀបចំ​ពិធី​បាន​បាញ់​កាំជ្រួច​ធ្វើជា​សញ្ញា​ដើម្បីឱ្យ​អ្នកភូមិ​អាច​ចាប់​ផ្ដើម​ចុះ​ចាប់​ត្រី​ក្នុង​បឹង​បុរាណ​នោះ​រួម​គ្នា​បាន​។

​យុវជ​ន យឿ​ន ដា​រ៉ា អាយុ​ ២៤​ ឆ្នាំ រស់​នៅ​ភូមិ​បង្កោង ​ឃុំ​អំពិល ​ស្រុក​ប្រាសាទ​បា​គង​ដែល​បាន​ចូលរួម​ចុះ​ចាប់​ត្រី​នៅក្នុ​ង​បឹង​អភិរក្ស​នោះ បាន​និយាយថា ក្នុង​ ១ ​ឆ្នាំ​អ្នកភូមិ​នៅទី​នេះ អាច​ចាប់​ត្រី​រួមគ្នា​បានតែ​ ១ ​ដង​ប៉ុណ្ណោះ ​ដើម្បី​យក​ត្រី​ទាំង​នោះ​ទៅធ្វើ​ម្ហូប​អាហារ​ ឬ​ទឹក​សម្ល​នំ​បញ្ចុក ​សម្រាប់​ពិធី​ឡើង​មាឃ​នៅក្នុង​ភូមិ ដែល​ជា​ទំនៀម​ទម្លាប់​របស់​អ្នក​ភូមិ​បង្កោង​តាំង​ពី​បុរាណ​មក​។​

​ដា​រ៉ា បាន​បញ្ជាក់​ថា​៖ «​តាំងពី​ខ្ញុំ​ធំ​ដឹងក្ដី​មក ខ្ញុំ​បាន​ឃើញ​ឪពុក​ម្ដាយ​ខ្ញុំ និង​អ្នកភូមិ​បង្កោង​នាំគ្នា​រៀបចំ​ពី​ធី​នេះ​ជា​រៀងរាល់​ឆ្នាំ​។ ខ្ញុំ​យល់ថា​ វា​ជាការ​បង្ហាញ​ពី​ការ​រួបរួម​សាមគ្គី​គ្នា​របស់​ប្រជា​ពលរដ្ឋ​នៅក្នុ​ង​សហ​គមន៍​របស់​យើងខ្ញុំ​ផង​និង​ជា​ការ​ថែរក្សា​ប្រពៃ​ណី​វប្ប​ធម៌ ដូនតា​ដែល​បាន​បន្សល់​ទុក សម្រាប់​ពួក​យើង​ជា​កូន​ចៅ​ជំនាន់​ក្រោយ​ផង​»​។​

​សកម្ម​ភាព​ចាប់​ត្រី​រួមគ្នា​ក្នុង​បឹង​បុរាណ​របស់​អ្នកភូមិ​បង្កោង​នេះ​ ត្រូវបាន​អាជ្ញា​ធរ​ជាតិ​អប្សរា​ចាត់​ទុកថា​ «​ជាការ​រួមចំ​ណែក​ថែរក្សា​ប្រពៃ​ណី​វប្ប​ធម៌​ទាំង​រូបី​ និង​អរូបីដែលជា​អត្តស​ញ្ញាណ​របស់​អង្គរ​ឱ្យមាន​ជីវិត​រស់​រវើក​»​។​

​តាម​រយៈ​ការផ្សព្វ​ផ្សាយ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ម​កទល់​ប​ច្ចុប្បន្ននេះ ប្រ​ជាពលរដ្ឋ​នៅ​តំបន់​អង្គរ​ នៅតែ​បន្ត​ថែរក្សា​ប្រពៃណី​វប្បធម៌​ទាំង​រូបី​ និង​អរូបី​ដែល​បន្សល់​ពី​ដូនតា​មក ដែល​ក្នុង​នោះ​ជា​រៀងរា​ល់ឆ្នាំ​បងប្អូន​ប្រជា​ពលរដ្ឋ​ តែងតែ​រួមគ្នា​មក​ប្រារព្ធ​ពិធី​ផ្សេង​ៗ ជុំវិញ​តំបន់​អង្គរ​ ដូចជា​ ពិធី​ឡើង​មាឃ ​ឡើងអ្ន​កតា និង​ពិធី​ប្រពៃណី​សាសនា​ជាច្រើន​ទៀត​ដែល​ប្រពៃ​ណី​ទំនៀម​ទម្លាប់​ទាំង​អស់​នេះហើយ​ជាការ​បន្ត​នូវ​អត្ត​សញ្ញាណ​របស់​អង្គរ​ឱ្យ​មាន​ជីវិត​រស់​រវើក​៕