
លោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហុង មិនា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំពន្លឿនការដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដែលផ្ញើចូលតាមផេចរបស់លោក ស្របពេលក្រុមការងារទទួលបានសំណូមពរជិត ១ ៨០០ គណនី ក្នុងនោះដោះស្រាយបានជាង ៨០០ គណនី។
យោងរបាយការណ៍បូកសរុបស្តីពីការទទួលមតិ-យោបល់ ឬសំណូមពររបស់មហាជនដែលបានខមម៉ិន និងផ្ញើសារក្នុងគេហទំព័រហ្វេសប៊ុករបស់ «សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»ដោយចាប់ពីឆ្នាំ ២០២០ រហូតដល់ដំណាច់ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមការងារទទួលបានចំនួនម្ចាស់ ១ ៧៦៨គណនី។ ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង ៦៤៧ គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមខ្លះត្រូវបានបង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
ក្នុងរបាយការណ៍បានឱ្យដឹងថា ចំពោះអង្គភាពដែលបានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីនោះរួមមាន អង្គស្នងការនគរបាលជាតិ ២៧៥ អគ្គនាយកដ្ឋានរដ្ឋបាល (បានបញ្ជូនទៅរាជធានី-ខេត្តដើម្បីជាសមត្ថកិច្ច) ៤០១ អគ្គាធិការដ្ឋាន ៦៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៤៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ១២ អគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ១ និងអគ្គនាយកដ្ឋានពន្ធនាគារ ដោះស្រាយបានចំនួន ៤ គណនី។ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
ជាមួយនឹងលទ្ធផលដែលសម្រេចបាននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់លោក។
លោកបន្តថាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថា រាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។
លោកបញ្ជាក់ថា៖«រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ»។
លោក ជា សុគន្ធា ប្រធានក្រុមការងារដោះស្រាយមតិយោបល់ និងសំណូមពរពលរដ្ឋដែលបានបញ្ជូន ចូលមកលើហ្វេសប៊ុកលោក ស ខេងបានឱ្យដឹងថា ចាប់តាំងពីបង្កើតក្រុមការងារនេះ កាលពីខែកក្កដា ឆ្នាំ២០២០ រហូតមកក្រុមការងារបានដោះស្រាយមតិយោបល់ និងសំណូមពរពលរដ្ឋជាប្រចាំមិនដែលអាក់ខានឡើយ។ ប៉ុន្តែលោកថា សំណុំរឿងដែលក្រុមការងារមានការលំបាក និងត្រូវចំណាយពេលវេលាច្រើនក្នុងការដោះស្រាយ គឺករណីវិវាទដីធ្លីនៅថ្នាក់មូលដ្ឋានរាជធានី-ខេត្ដ ដែលត្រូវផ្ទេរសំណុំរឿងទៅកាន់អាជ្ញាធរ មូលដ្ឋាន ដើម្បីសហការជាមួយក្រុមការងារក្រសួងមហាផ្ទៃក្នុងការដោះស្រាយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងថា ការបង្កើតឱ្យមានការទទួលបណ្តឹង ឬសំណូមពរពលរដ្ឋដោយផ្ទាល់តាមហ្វេសប៊ុកបែបនេះ ជាវិធីជួយសម្រួលដល់ពលរដ្ឋដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរ និងថវិកាច្រើនមកដាក់បណ្ដឹង ហើយពលរដ្ឋអាចលើកពីបញ្ហាអសកម្ម និងការព្រងើយកន្តើយពីមន្ត្រីមូលដ្ឋានជម្រាបជូនដល់ថ្នាក់ដឹកនាំ។
លោកថ្លែងថា៖ «តាមលទ្ធផលឃើញថា ក្រុមការងាររបស់សម្តេចក្រឡាហោម ស ខេង បាននិងកំពុងដោះស្រាយ និងឆ្លើយតបបណ្តឹង និងសំណូមពររបស់ពលរដ្ឋបានមួយចំនួន។ ប៉ុន្តែបញ្ហាទាក់ទងករណីធំៗ ដូចជាករណីទំនាស់ដីធ្លីនៅតាមបណ្តាខេត្ត និងរាជធានីជាច្រើននៅមិនទាន់អាចដោះស្រាយ និងឆ្លើយតបបានដែរ»។
យ៉ាងណាក៏ដោយ លោក ស ខេង ថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍសង្គមជាតិ។
លោកក៏យកឱកាសនេះ ស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕