
មន្ត្រីជំនាញ នៃគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ រូបថត NA
ភ្នំពេញៈ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដើម្បីដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិនិត្យ និងសម្រេច មុននឹងដាក់ទៅសម័យប្រជុំពេញអង្គនៃរដ្ឋសភា ពិភាក្សា និងអនុម័តនៅពេលខាងមុខ។
ក្នុងកិច្ចប្រជុំពិភាក្សានៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះគឺសមាជិក សមាជិកា រដ្ឋសភា ចង់បានការបំភ្លឺបន្ថែមពីតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនូវចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ដើម្បីជាមូលដ្ឋានក្នុងការប្រជុំពិភាក្សាឱ្យកាន់តែស៊ីជម្រៅ និងឯកភាពគ្នានាពេលនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់ សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា ថវិកាសមិទ្ធកម្មដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា។
លោកបានថ្លែងថា ៖ «ក្នុងគោលបំណងនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹកនាំការងាររៀបចំសេចក្តីព្រាងច្បាប់នេះចាប់តាំងពីឆ្នាំ២០២០ ដែលសេចក្តីព្រាងច្បាប់នេះគឺជាច្បាប់គោលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ពង្រឹងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម»។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ៖ «នេះជាជំហានដ៏សំខាន់សម្រាប់ពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាដែលអាចអនុវត្តក្នុងបរិការណ៍កម្ពុជា ព្រមទាំងស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ របស់រាជរដ្ឋាភិបាល និងស្របតាមឧត្តមានុវត្តជាអន្តរជាតិ»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នេះ មាន៩ជំពូក និង១០៩មាត្រា ហើយសេចក្តីព្រាងច្បាប់ស្តីនេះ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុម័តទាំងស្រុងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះផងដែរ។
យោងតាមរដ្ឋសភា បានឱ្យដឹងដែរថា ក្រោយពីមានការសាកសួរពីគណៈកម្មការជំនាញនានា និងបកស្រាយពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គប្រជុំបានឯកភាពលើខ្លឹមសាររួមនៃសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធឱ្យត្រឹមត្រូវតាមអត្ថបទច្បាប់ ហើយគណៈកម្មការជំនាញ និងរាយការណ៍ទៅគណៈអចិន្ត្រៃយ៍ពិនិត្យសម្រេចដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាពេលខាងមុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា «ថវិកាសមិទ្ធកម្ម» ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបានបន្ថែមថា លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចូល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕