
លោកប្រាក់ សុខុន (កណ្ដាល) ក្នុងពេលពិភាក្សាជាមួយគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភា កាលពីថ្ងៃទី១ កុម្ភៈ ។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ កម្ពុជាប្តេជ្ញាបន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើទិដ្ឋភាពច្បាប់ដើម្បីការពារ ផលប្រយោជន៍ស្នូលធានាសន្តិភាព អធិបតេយ្យ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្តទៅរកពហុប៉ូលនិងមានភាពស្មុគស្មាញ។
កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរបស់រដ្ឋសភា ជុំវិញគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក។
នាឱកាសនោះ លោក ប្រាក់ សុខុន បានធ្វើបទបង្ហាញដោយលើកឡើងពីស្ថានការណ៍វិវត្តដោយស្រួចស្រាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។លោកបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងវិវត្តទៅរកប្រព័ន្ធអន្តរជាតិដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគស្មាញ ដែលអាចនាំឱ្យពិបាកស្មាននិងប្រកបដោយគ្រោះថ្នាក់ក្នុងបំផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិ។
លោក ប្រាក់ សុខុន រៀបរាប់ពីបញ្ហាក្តៅក្នុងតំបន់និងអន្តរជាតិដូច្នេះថា៖«មានការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាពនិងគំនិតផ្តួចផ្តើមយ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះនៃជំងឺរាតត្បាតកូវីដ ១៩ សង្ក្រាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េជាដើម»។
លោករដ្ឋមន្ដ្រីបានបន្ថែមថា ក្នុងបរិបទប្រណាំងប្រជែងឥទ្ធិពលដ៏ខ្លាំងក្លាក្នុងពិភពលោក និងភាពមិនប្រាកដប្រជានៃទំនាក់ទំនងអន្តរជាតិ កម្ពុជាត្រូវប្រកាន់នយោបាយការបរទេសដែលការពារផលប្រយោជន៍ស្នូលរបស់ជាតិ ដែលអនុលោមតាមរដ្ឋធម្មនុញ្ញ នយោបាយការបរទេសបុរេសកម្ម ដែលធានាដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជភាព សន្តិភាព និងការអភិវឌ្ឍសង្គម។
លោកប្រាក់សុខុន បានគូសបញ្ជាក់ថា៖«កម្ពុជាអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងអាស៊ានព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញកិច្ចការអន្តរជាតិ បានលើកឡើងថា ទស្សនៈនិងចក្ខុវិស័យថ្នាក់នាំកម្ពុជាលើកិច្ចការបរទេសតែងផ្តោតចម្បងលើគោលការណ៍សន្តិភាព និងដើរនៅគន្លងកណ្តាល ដែលបាននាំឱ្យកម្ពុជារក្សាបានអព្យាក្រឹតភាព អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងគោលដៅការពារសន្តិភាពជាតិ ការអភិវឌ្ឍនិងអាចលើកកម្ពស់វិបុលភាពជាតិ និងប្រជាជន។
លោកបានបញ្ជាក់ថា៖«គោលការណ៍ទាំងនេះបានសបញ្ជាក់រួចមកហើយក្នុងការដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់ អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំមុន។ កម្ពុជាក្នុងនាមជាប្រទេសតូចគឺត្រូវបង្កើតមិត្តឱ្យបានច្រើននិងមិនលម្អៀងទៅរកមហាអំណាចឬប្រទេសណាមួយឡើយ ពោលគឺការយកវិធានច្បាប់អន្តរជាតិ ស្មារតីពហុភាគីនិយមនិងសន្តិភាព ដែលមានអង្គការសហប្រជាជាតិជាស្នូល»។
បើតាមអ្នកស្រាវជ្រាវរូបនេះ គោលនយោបាយការបរទេសកម្ពុជាមានលក្ខណៈបត់បែន ឆ្លាត និងប្រាកដនិយម (Pragmatics)ដែលអាចឆ្លើយតបទាន់ពេលវេលា និងដោះស្រាយបញ្ហាបានល្អ ត្រឹមត្រូវ និងប្រសិទ្ធភាពនៅក្នុងបរិបទសណ្តាប់ធ្នាប់ពិភពលោកដែលផ្លាស់ប្តូរលឿននិងមានភាពច្របូកច្របល់ខ្លាំង។
សម្រាប់លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិបានថ្លែងថា បន្ទាត់នយោបាយការបរទេសកម្ពុជារយៈពេល៥ឆ្នាំមកនេះ ជាពិសេសមួយរយៈចុងក្រោយដែលកម្ពុជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានដើរនយោបាយការបរទេសដ៏ប្រយ័ត្នប្រយែងនិងបត់បែនរហ័សផ្អែកលើនិយាមគោលការណ៍អន្តរជាតិនិងរដ្ឋធម្មនុញ្ញជាតិ ក្នុងកាលៈទេសៈកម្ពុជានិងប្រទេសតូចៗផ្សេងទៀតរងឥទ្ធិពលការប្រជែងភូមិសាស្ត្រនយោបាយអាមេរិក និងចិន និងបញ្ហាវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
លោកសេង វណ្ណលី បានលើកឧទាហរណ៍ថា៖ «ជាក់ស្តែង ក្នុងបញ្ហាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅពេលកម្ពុជាប្រកាន់ជំហរជាមួយអង្គការសហប្រជាជាតិ គាំទ្រសេចក្តីសម្រេចនានាក្នុងន័យថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ី មិនមែនជារឿងងាយឡើយ ដែលកម្ពុជាត្រូវរងសម្ពាធខ្លាំងពីរុស្ស៊ី រហូតមានការលើកឡើងថា កម្ពុជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ខណៈកម្ពុជាគ្រាន់តែផ្តល់ជំនួយមនុស្សធម៌»។
លោកបន្តថា៖«បើកម្ពុជាមិនធ្វើដូច្នេះទេ ជាការព្រងើយកន្តើយនឹងអំពើឈ្លានពានរបស់រដ្ឋធំលើរដ្ឋតូចដែលកម្ពុជាក៏ជារដ្ឋតូចដែរនោះ»។
លោកសេង វណ្ណលី គាំទ្រគោលនយោបាយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរដ្ឋដៃគូ តួយ៉ាងចិនជាដើម ក្នុងការបត់បែន ធ្វើពិពិធកម្មដើម្បីផលប្រយោជន៍ដល់កម្ពុជាក្នុងកាលៈទេសៈប្រជែងឥទ្ធិពលរបស់មហាអំណាច ជាពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាលប្រយ័ត្នប្រយែងលើនយោបាយការបរទេសសន្តិសុខ និងយោធា ខណៈកម្ពុជាកំពុងរងការរិះគន់និងការសង្ស័យលើបញ្ហាផ្តល់មូលដ្ឋានយោធាចិនលើទឹកដីខ្លួនពីសំណាក់សម្ព័ន្ធមិត្តរបស់អាមេរិក ឬបស្ចិមលោក។
លោកបន្ថែមថា បើកម្ពុជាចង់ប្រែក្លាយបញ្ហាទៅជាឱកាស លុះត្រាកម្ពុជាមានស្ថិរភាពនយោបាយផ្ទៃក្នុង និងមានបរិយាកាសអំណោយផលដល់ការវិនិយោគ និងច្បាប់ ឬនីតិរដ្ឋល្អ៕