ភ្នំពេញៈ លោកស្រី Jyotsna Puri អនុប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋ​មន្រ្តី​ក្រសួង​សិកម្ម រុក្ខាប្រមាញ់​អនុញ្ញាត​ឱ្យ​ចូលជួប​សម្ដែងការ​គួរសម និង​ពិភាក្សា​ការងារ​កាល​ពី​ថ្ងៃទី ២ ខែកុម្ភៈនេះ។

លោកស្រី Jyosna Puri បាន​ជម្រាប​ជូនលោក​នាយក​រដ្ឋ​មន្រ្តី​ថា អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម​សូម​សម្ដែង​នូវ​ការគោរព និង​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ការរក្សា​សុខ​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​របស់​កម្ពុជា​លើ​វិស័យ​កសិកម្ម។ លោកស្រី​ក៏បាន​គោរព​ថ្លែង​អំណរ​គុណ​ជួស​មុខ​ឱ្យ​ប្រធាន​មូលនិធិ​ប្រតិភូ​ចូលរួម ចំពោះ​ការបង្កើន​វិភាគទាន​ពី ៦០ ម៉ឺន​ដុល្លារ ទៅ ១ លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០២៥- ២០២៨ ហើយ​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​បន្ថែម​ទៀត។ នេះ​បើយោងតាម​លោក​អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។

លោកស្រី​ក៏បាន​សម្ដែង​នូវការគោរព​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី ដែល​បានខិតខំ​ប្រឹងប្រែង​ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម ជាពិសេស​ក្នុងគ្រា​មាន​កូវីដ ១៩ ដែល​ក្នុងនោះ​លោក​នាយក​រដ្ឋ​មន្រ្តី​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជា​ពលរដ្ឋ និង​ទប់ស្កាត់​ជំងឺនេះ​បាន​យ៉ាង​ជោគជ័យ។

លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​ឆ្លងកាត់​បន្ទាត់​ក្រីក្រ ជួយ​ក្នុងកិច្ច​គាំពារ​សង្គម ខាង​អាហារូបត្ថម្ភ និង​ការដាក់​ចេញ​នយោបាយ​ដ៏ល្អ សម្រាប់​វិស័យ​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​ឱ្យ​មាន​អ្នក​បច្ចេកទេស​កសិកម្ម​នៅ​តាម ឃុំ តាម​ជន​បទ និង​កម្មវិធី​ស្រោចស្រព នៃ​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ការផលិត​កសិផល​ដែល​មាន​គុណភាព​ស្របតាម​តម្រូវការ​ទីផ្សារ។

ជាការ​ឆ្លើយតប លោក​ហ៊ុន សែន​បានមាន​ប្រសាសន៍​ថា មូលនិធិ​អង្គការ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម ជាដៃគូ​ល្អ​ជាដៃគូ​ដែល​មាន​អាយុកាល​ជាង ៣០ ឆ្នាំ​មក​ហើយ ហើយ​អង្គការនេះ​មាន​ទស្សនៈ​ដូចគ្នា។

លោក​នាយក​រដ្ឋ​មន្រ្តី​បានមាន​ប្រសាសន៍​ថា៖«ក្នុងន័យ​នេះ យើង​ត្រូវ​បន្ត​ភាព​ជាដៃគូ​របស់​យើង​បន្ត​ទៅ​ទៀត។ កម្ពុជា​បាន​ផ្ដោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជន​បទ ចង់​ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​ផលិត​ហើយ​ទទួល​បាន​ផល​ចំណេញ ចង់​រក្សា​កុំឱ្យ​អ្នក​ដើរ​ឆ្លង​ផុត​បន្ទាត់​ក្រីក្រ​ហើយ​ធ្លាក់ចុះ​ទៅវិញ និង​ចង់​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​ទៅជា​កសិពាណិជ្ជកម្ម​ និង​កសិឧស្សាហកម្ម​»។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​សាជា​ថ្មី​ម្ដងទៀត​ចំពោះ​ភាព​ជាដៃគូ​ដ៏ល្អ​ជាមួយ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម ហើយ​បាន​សម្រេច​លើ​ការបង្កើន​វិភាគទាន​របស់​កម្ពុជា​ពី ៦០ ម៉ឺន​ដុល្លារ ​ទៅ ១ លាន​ដុល្លារ ចាប់​ពី​ឆ្នាំ ២០២៥ ដល់ ​ឆ្នាំ ២០២៨។

នៅថ្ងៃ​ដដែល​នោះផងដែរ​លោក​ឌិត ទីណា រដ្ឋ​មន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ក៏បាន​ទទួល​ជួប​សម្ដែងការ​គួរសម​ជាមួយ​លោកស្រី​Jyotsna Puriផងដែរ​។

លោកស្រី Jyotsna Puri អនុប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋ​មន្រ្តី​ក្រសួង​សិកម្ម រុក្ខាប្រមាញ់​អនុញ្ញាត​ឱ្យ​ចូលជួប​សម្ដែងការ​គួរសម។ រូបថត ក្រសួងកសិកម្ម

យោងតាម​ក្រសួង​កសិកម្ម​បាន​ឱ្យដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក ​មូល​និធិ ​IFAD បាន​ផ្ដល់​ហិរញ្ញប្បទាន​និង​សហការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ការអនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែលធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ ហៅកាត់​ថា ​ASPIRE ដែល​មាន​រយៈ​ពេល ៧ ឆ្នាំ។

លោកឌិត ទីណា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រវាង​មូលនិធិ IFAD និង​ក្រសួង​កសិកម្ម តាមរយៈ​កម្មវិធី​ ASPIRE។ កម្មវិធី​ ASPIRE ដែល​បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​ខ្មែរ តាមរយៈ​ការផ្ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​ចាំបាច់​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ព្រម​ទាំង​ការបណ្ដុះបណ្ដាល​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​ទំនើប​ដល់​កសិករ​ខ្មែរ​ចំនួន​រាប់​ម៉ឺន​គ្រួសារ។

បន្ទាប់​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់នឹង​ការប្រែប្រួល​អាកាសធាតុ​បិទ​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២២ មូល​និធិ​អភិវឌ្ឍន៍​កសិកម្ម​អន្ដរជាតិ IFAD បាន​សម្រេច​បន្ត​គាំទ្រ​នូវការអនុវត្ត​កម្មវិធី​ផ្ដល់​សេវាកម្ម​កសិកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជន​បទ និង​ពាណិជ្ជកម្ម​កសិកម្ម​ប្រកប​ដោយ​បរិយាប័ន្ន (ASPIRE-AT) ក្នុង​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ និង​ពលករ​នៅ​ជនបទ តាមរយៈ​កំណើន​វិស័យ​កសិកម្ម​ប្រកប​ដោយ​និរន្ដរភាព និង​បរិយាប័ន្ន​ ដោយ​ផ្អែក​លើ​ការនាំចេញ​និង​ទីផ្សារ​ក្នុង​ស្រុក។

បើតាម​ការរំពឹង​ទុក កម្មវិធី​ ASPIRE-AT នឹង​ផ្ដល់​ផល​ដល់​គ្រួសារ​កសិករ​ខ្នាតតូច​ចំនួន​ ១២៥ ០០០ ដែល​មាន​ភាព​ក្រីក្រ ឬក្បែរ​ក្រីក្រ និង​ងាយ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ទីផ្សារ​កសិកម្ម ឬ​ផល​វិបាក​ផ្សេងៗ ព្រមទាំង​អ្នក​ដែលមាន​លទ្ធភាព​ទាញ​យក​កាលានុវត្ត​ភាព​ពី​វិស័យ​កសិកម្ម។ ប្រជាជន​ដែល​ទទួល​ផល​ពី​កម្មវិធី​ ASPIRE-AT ​មាន​ស្ដ្រី​ប្រមាណ​ ៥០% ​យុវជន​ ២០% និង​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ១,៥%​ផងដែរ​៕