បាត់ដំបងៈ ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធបានប្រារព្ធទិវាតំបន់ដីសើមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើម និងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់សាធារណជន ប្រជាសហគមន៍ និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម។

ក្នុងឱកាសធ្វើជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកក្នុងខេត្តបាត់ដំបង លោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបាត់បង់តំបន់ដីសើម គឺកើតឡើងតាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព ការលុប ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។

លោកបានបន្តថា ជាក់ស្តែងនាពេលថ្មីៗនេះ តំបន់ដីសើមបឹងទន្លេសាប ដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តទាំង៦ រួមទាំងខេត្តបាត់ដំបងផងនោះ បានទទួលរងនូវបញ្ហាដូចបានរៀបរាប់ខាងដើម ជាពិសេសការទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើមដ៏មានសារៈសំខាន់នេះ។

លោកបានបញ្ជាក់ថា៖«ការស្តារតំបន់ដីសើមឡើងវិញ» ជាប្រធានបទមួយដ៏មានសារៈសំខាន់ និងរំឭកដាស់តឿនយើងទាំងអស់គ្នា និងប្រាប់យើងថា ដល់ពេលសម្រាប់យើងទាំងអស់គ្នាស្តារឡើងវិញនូវតំបន់ដីសើម ដែលជាធនធានដ៏មានសារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងធម្មជាតិ»។

ដោយមើលឃើញគុណតម្លៃ និងបញ្ហាប្រឈមដែលកំពុងកើតមាន នៅក្នុងតំបន់ដីសើមបឹងទន្លេសាបនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍ណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការបន្ទាន់ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ដោយបានដកហូតយកមកវិញនូវផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ក្នុងតំបន់ ៣ កែសម្រួលព្រំប្រទល់តំបន់ ២ និងស្តារតំបន់ដែលទទួលរងការទន្រ្ទានទាំងនោះ តាមរយៈការដាំស្តារព្រៃលិចទឹកឡើងវិញ និងថែរក្សាដំណុះព្រៃលិចទឹកថ្មី។

ក្រៅពីនោះ USAID Greening Prey Lang-ព្រៃឡង់បៃតងក៏បានលើកឡើងពីសារៈសំខាន់នៃតំបន់ដីសើមផងដែរថា ប្រជាជនកម្ពុជារាប់លាននាក់ពឹងផ្អែកលើតំបន់ដីសើមនៃទន្លេមេគង្គក្រោម ដើម្បីផ្គត់ផ្គង់ដំណាំស្រូវ និងត្រីដល់មនុស្សរាល់គ្នា។ តំបន់ដីសើមមិនត្រឹមតែចិញ្ចឹមប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជម្រកដល់ត្រី សត្វស្លាប សត្វល្មូន ថនិកសត្វ និងប្រភេទសត្វផ្សេងៗទៀតជាច្រើនរាប់មិនអស់៕