ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​នា​ថ្ងៃទី​​ ២ ខែកុម្ភៈ​បានចេញ​ដំណើរ​ទៅ​ទីក្រុង​ហ្សា​ការ​តា (Jakarta)​ ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) លើក​ទី ​៣២ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​៣៤ ខែកុម្ភៈ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​បញ្ជាក់​នា​ថ្ងៃទី​ ១ ខែមករា​ថា កិច្ចប្រជុំ ACC នេះ​នឹង​ផ្តោតលើ​ការបន្ត​តាមដាន​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​សំណើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត និង​សេចក្តីប្រកាស​ស្តីពី​សេដ្ឋកិច្ច​បៃតង​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​អាទិភាព​នានា​នៅក្នុង​ឆ្នាំ​ ២០២៣ ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នេះ​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​ការបន្ត​តាមដាន​ការងារ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ ៤១ និង​ការ​ពិនិត្យឡើងវិញ ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​របស់​អាស៊ាន​ទាក់ទង​នឹង​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏​នឹងធ្វើ​ការពិភាក្សា​អំពី​អនុសាសន៍​ស្តីពី​ការពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​ស្ថាប័ន​របស់​អាស៊ាន ដោយ​ក្រុមការងារ​កម្រិត​ខ្ពស់​លើ​ចក្ខុវិស័យ​ក្រោយ​ឆ្នាំ ​២០២៥ ​របស់​សហគមន៍​អាស៊ាន និង​ផ្លាស់ប្តូរ​ទស្សនៈ អំពី​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន ក៏ដូចជា​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​ជា​កង្វល់​រួម​របស់​អាស៊ាន​ផងដែរ​។

​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ដឹកនាំ​ដំណើរការ​អាស៊ាន​នៅ​ឆ្នាំនេះ ក្រោម​មូលបទ ​«​អាស៊ាន​សំខាន់​៖ ចំណុចកណ្តាល​នៃ​កំណើន​» ដើម្បី​ធានាថា អាស៊ាន​ក្លាយជា​ចំណុច​នៃ​កិច្ចសហប្រតិបត្តិការ ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​តំបន់ និង​ពិភពលោក​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែមថា​៖ «​នៅក្នុង​ឱកាស​នៃ​ជំនួប​ខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងមាន​កិច្ចសន្ទនា​ដាច់ដោយឡែក​ជាមួយ​សម​ភាគី​របស់​ឯក​ឧត្ដម​ពី​ប្រទេស​អាស៊ាន​មួយចំនួន​ផងដែរ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី បញ្ជាក់​នា​ថ្ងៃទី​ ២ ខែកុម្ភៈ​ថា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី RetnoMarsudi នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​ចង្អៀត​នេះ​នៅ​ថ្ងៃទី​ ៤ ខែកុម្ភៈ​ដែលជា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកដំបូង​ក្នុងអំឡុង​ពេលដែល​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២៣​។​

​កិច្ចប្រជុំ​ចង្អៀត​នេះ នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ និង​កិច្ចប្រជុំ ACC​ នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ​។ នៅក្នុង​កិច្ចប្រជុំ​ទាំងអស់នេះ របៀបវារៈ​ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា រួមមាន​កិច្ចការ​អាទិភាព​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ការ​ពិនិត្យមើល​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ទី ​៤១ ​នៅ​ឆ្នាំ ​២០២២ នៅ​ទីក្រុង​ភ្នំពេញ​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តថា ក្នុង​ភាពជា​ប្រធាន​របស់​ឥណ្ឌូនេស៊ី ក្រោម​មូលបទ ​«​អាស៊ាន​សំខាន់​៖ ចំណុចកណ្តាល​នៃ​កំណើន​» ​ឥណ្ឌូនេស៊ី​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​ឱ្យ​កាន់តែ​រឹងមាំ​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​ពិភពលោក ដូចជា​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ផលប៉ះពាល់​ជា​បន្តបន្ទាប់​នៃ​ជំងឺ​រាតត្បាត និង​គ្រោះមហន្តរាយធម្មជាតិ វិបត្តិ​ហិរញ្ញវត្ថុ វិបត្តិ​ថាមពល និង​វិបត្តិ​ស្បៀងអាហារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្ថែមថា​៖ «​ឥណ្ឌូនេស៊ី​បន្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការរក្សា​ស្ថិរភាព​និង​សន្តិភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​តាមរយៈ​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​។ ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក (AOIP)​ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ឥណ្ឌូនេស៊ី ត្រូវបាន​អនុម័ត​ដោយ​មេដឹកនាំ​អាស៊ាន​ក្នុង​ខែមិថុនា ឆ្នាំ​ ២០១៩ និង​មាន​គោលបំណង​រក្សា​ស្ថិរភាព​ក្នុង​តំបន់​តាមរយៈ​ភាពជា​ដៃគូ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​»៕