សៀមរាបៈ នាយក​ដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃ​ឈើ និងហេដ្ឋា​រចនា​សម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​កាត់​ដក និង​ក្រី​មែក​ឈើ​ទាល​មួយ​ចំនួន ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​មក​ទស្សនា​ប្រាសាទ។

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​នៅថ្ងៃ​ទី៣​ខែកុម្ភៈ​នេះ​បាន​ឱ្យ​ដឹង​ថា ការកាត់​ដក ក្រី​មែក​ឈើ ដែល​ងាប់​ជាយូរ​មក​ហើយ។ មែក និង​គល់​របស់​វា​ពុក​ផុយ​ជា​អន្លើៗ ហើយ​ការកាត់​ដក និង​កាត់​ក្រី​មែក​ឈើ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្ការ និង​បញ្ចៀស​គ្រោះថ្នាក់​ ជួយ​សម្រាល​ទម្ងន់​ដើម​ឈើ ចៀសវាង​បាក់​ធ្លាក់ ឬ​ដួល​រលំ​ជាយ​ថាហេតុ​ផ្សេងៗ ដែល​អាច​បណ្តាល​ឱ្យ​ប៉ះពាល់ នឹង​អាច​បាក់ធ្លាក់​បង្ក​ហានិភ័យ​ចំពោះ​ភ្ញៀវ​ដើរ​ឆ្លងកាត់​ចេញ​ចូល​ទស្សនា​ប្រាសាទ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា៖«ការកាត់​ដក និង​កាត់ក្រី​មែក​ឈើ​នៅ​តាម​ទីតាំង​នានា​ ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ សាធារណ​ជន ក៏ដូចជា​ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​នៅតាម​ដងផ្លូវ​និង​តាម​បរិវេណ​ប្រាសាទ​ក្នុង​តំបន់​រមណីយ​ដ្ឋានអង្គរ»។

អំឡុង​ពេល​អនុវត្ត​កិច្ច​ការងារ​នេះ ក្រុម​ការងារ​ក៏បាន​រៀបចំ​ផ្លូវ​វាង​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ឆ្លង​កាត់ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​កំពុង​កាត់។

អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ឱ្យដឹង​ផងដែរ​ថា នេះ​ជាការងារ​ប្រចាំថ្ងៃ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌ ក៏ដូចជា ថែរក្សា​បរិស្ថាន​ក្នុង​រមណីយ​ដ្ឋានអង្គរ។ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទាំងអស់ សូម​មាន​ការយោគយល់​ អធ្យា​ស្រ័យ និង​ចូលរួម​សហការ ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​បាន​រលូន និង​សុវត្ថិភាព​ខ្ពស់​ទាំងអស់​គ្នា៕