ភ្នំពេញៈ សិស្សានុ​សិស្ស​ចំនួន ២៣៩ ៨៦៣ នាក់​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​ការចាក់​ដូស​ជំរុញ​ចាប់​ផ្តើម​ថ្ងៃ​ទី៦ ខែកុម្ភៈ ដល់​ថ្ងៃទី៤ ខែមីនា​ឆ្នាំ​២០២៣​នេះ​តាមរយៈ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​(TYDA)។

យោងតាម​ក្រសួងអប់រំ​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ស្ដី​ពីការត្រៀម​ចាក់វ៉ាក់​សាំង​ដូស​ជំរុញ​ជូន​បុគ្គលិក​អប់រំ និង​សិស្សានុ​សិស្ស ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣​ខែ​កុម្ភៈ​នេះ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា និង​មាន​សមាជិក​ចូលរួម​ចំនួន ២៧០ នាក់។

តាមរយៈ​ការចាក់​វ៉ាក់ស៊ាំង​លើក​នេះ​នឹង​មាន​សិស្សានុ​សិស្ស​ចំនួន ២៣៩ ៨៦៣ នាក់ ដែល​នឹង​ទទួល​បាន​ការចាក់​ដូស​ជំរុញ ដែល​នឹង​ចាប់​ផ្តើម​ថ្ងៃ​ទី៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២៣ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ​(TYDA)។

ការចាក់​វ៉ាក់ស៊ាំង​ដូស​ជំរុញ​ត្រូវ​បាន​ធ្វើ​ឡើង​យោងតាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដើម្បី​បន្ត​រក្សា​នូវ​និរន្តរភាព​នៃ​ដំណើរ​ការ​ប្រទេស​ជាតិ​ប្រក្រតី និង​ការរស់នៅ​ជាធម្មតា​តាម​ប្រក្រតីភាព​ថ្មី​រួម​ទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជាតិ៕​