ភ្នំពេញៈ ទីតាំង​ច្រកចេញចូល និង​តំបន់​ឈប់​សម្រាក (Rest Areas) តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបាន​ដាក់​បញ្ចូល​ជា​ផ្លូវការ ទៅក្នុង​ផែនទី Google Maps។​ ​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​កាលពី​ថ្ងៃទី ២ ខែកុម្ភៈ​ថា៖ «​លោកអ្នក​អាច​ស្វែងរក​ទីតាំង​ច្រក​ចេញចូល និង​ទីតាំង​ទាំង ៤ នៃ​តំបន់​ឈប់សម្រាក (Rest Areas) តាម​បណ្តោយ​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ បាន​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស តាមរយៈ​ផែនទី Google Maps»។

​ទន្ទឹមនឹងនេះ តំបន់​ឈប់សម្រាក​ចំនួន ២ គឺ​ទីតាំង​កំពង់ស្ពឺ (K63) និង​ទីតាំង​កំពង់​សិលា (K109) ក៏បាន​បើក​ឱ្យ​ដំណើរការ​នូវ​ស្ថានីយ​ប្រេងឥន្ធនៈ​ផងដែរ។​

​ក្រសួង​សាធារណការ បាន​លើកឡើងថា​៖ «​ជាមួយ​នឹង​សេវាកម្ម​នានា​ដែល​បាន​ផ្តល់ជូន ធ្វើឱ្យ​ការបើកបរ​លើ​ចម្ងាយ​ផ្លូវ ១៨៧,០៥ គីឡូម៉ែត្រ​នេះ កាន់​តែមាន​ភាព​ងាយស្រួល ឆាប់រហ័ស និង​ប្រកបដោយ​ផាសុកភាព ប៉ុន្តែ​! ការបើកបរ​ដោយ​សុវត្ថិភាព គឺ​ផ្តើម​ចេញ​ពីអ្នក​បើកបរ​ផ្ទាល់»។

​ជាមួយគ្នានេះ ក្រសួង​សាធារណការ​បាន​ជំ​រុញឱ្យ​អ្នក​បើកបរ ចូលរួម​គោរព​តាម​សេចក្តី​ណែនាំ សម្រាប់​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន ជាពិសេស​គឺ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន៕​