​ភ្នំពេញៈ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ២​ កុម្ភៈ បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ធ្វើការ​ពិភាក្សា​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​ជំនាញ​ផងដែរ​។​

​លោកស្រី ជូ ប៊ុន​អេង បាន​ថ្លែងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ពិភាក្សា​ផ្តួចផ្តើម​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺធ្វើឡើង ដើម្បី​ឈានទៅដល់​ការរៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​ទ្វេភាគី រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ ដែល​ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​អំពី​ទំនាក់ទំនង និង​ទិន្នន័យ​ពាក់ព័ន្ធ​មួយចំនួន ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ដាក់បញ្ចូល​ក្នុង​អនុស្សរណៈ ដែលជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រវាង​ប្រទេស​ទាំង​២​។​

​មុននឹង​ឈានដល់​ការបង្កើត​គំនិត​ផ្តួចផ្តើម​រៀបចំ​អនុស្សរណៈ​ទ្វេភាគី​នេះ​ឡើង គឺ​បន្ទាប់ពី​មានការ​ពិភាក្សា និង​ឆ្លងឆ្លើយ​តាមរយៈ​លិខិតផ្លូវការ​រវាង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយនឹង​លោក ស៊ិន ចា​យ៉ុង អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៃ​សាធារណរដ្ឋ​កូរ៉េ​។

​អង្គ​ប្រជុំបាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​គ្នា​លើ​បទពិសោធន៍​ពាក់ព័ន្ធ និង​ធាតុ​ចូល​សំខាន់ៗ​នានា​ពី​គ្រប់​សមាជិក​អង្គប្រជុំ​ដែលជា​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​កំណត់​យក​ជា​ខ្លឹមសារ​សម្រាប់​ដាក់បញ្ចូល​ក្នុង​អនុស្សរណៈ​យោគយល់​ទ្វេភាគី មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​មាន​វិសាលភាព​ទូលំទូលាយ លើ​កិច្ចសហការ​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំង​២​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ នឹងត្រូវ​រៀបចំ​ប្រជុំ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពិភាក្សាគ្នា​លើ​វឌ្ឍនភាព និង​រហូត​ឈានដល់​ទទួលបាន​ការឯកភាព​គ្នា​ទាំងស្រុង​។

​ទន្ទឹមនេះ លោកស្រី ​ជូ ប៊ុន​អេង ក៏បាន​ណែនាំ​ឱ្យ​សមាជិក​នៃ​អង្គប្រជុំ​ទាំងអស់​ជួយ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ធាតុ​ចូល​សំខាន់ៗ​បន្ថែមទៀត សម្រាប់​បំពេញបន្ថែម​នៅក្នុង​កិច្ចប្រជុំ​ពេល​ក្រោយ​៕,