ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​ជូន​ពលរដ្ឋ​ប្រមាណ ១ ២០០ គ្រួសារ រស់នៅ​ក្នុង​អគារ​បុរីកីឡា​ទាំង ៨ អគារ ដោយ​លើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ថែមទៀត។

​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​នា​ថ្ងៃទី ៣ ខែកុម្ភៈ​បាន​ថ្លែងប្រាប់​ពលរដ្ឋ​នៅ​បុរីកីឡា​ថា ដោយ​ពិនិត្យឃើញ​អំពី​ស្ថានភាព​របស់​បងប្អូន និង​ដើម្បី​ជួយ​សម្រួល​ឱ្យ​បងប្អូន ទទួល​បាន​កម្មសិទ្ធិ​ស្របច្បាប់ លើ​ចំណែក​ឯកជន នៃ​អគារ​សហកម្មសិទ្ធិ​បុរី​កីឡា ក៏ដូច​សម្រាល​បន្ទុក​ក្នុងការ​បង់ពន្ធ​អាករ និង​សេវា​សុរិយោដី​នានា ក្នុង​ដំណើរ​ការបំពេញ​នីតិវិធី​កសាង​ប័ណ្ណ​កម្មសិទ្ធិ​ខាងលើ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​បែបបទ ដើម្បី​ចុះបញ្ជី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​ចំនួន ១ ៣៩២ យូនីត នៃ​អគារ​បុរីកីឡា​ទាំង ៨ អគារ ពលរដ្ឋ​ទាំងអស់ ប្រមាណ​ជាង ១ ២០០ គ្រួសារ។

ក្នុងនោះ​ក៏​រួមមាន​ការលើកលែង​នូវការ​បង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ ព្រមទាំង​សេវា​អន្តរក្រសួង​នានា ក្នុងការ​ចុះបញ្ជី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ លើ​ចំណែក​ឯកជន​ទាំងនេះ​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន។

​នេះ​ជាការ​បង្ហាញ​ការយកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​អគារ​បុរីកីឡា​ទាំង ៨ អគារ​នេះ ដែល​ធ្វើឱ្យ​ពួកគាត់​សប្បាយរីករាយ​យ៉ាងខ្លាំង៕​