​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ធ្វើការ​បញ្ជាក់ជូន​ថា «​ពានរង្វាន់​មិនមែនជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន ក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ​» ដោយ​បន្ថែមថា មធ្យោបាយ​ស្របច្បាប់ ​គឺ​ចូលរួម​ដំណើរការ​កាត់ក្តី និង​មាន​ភ័ស្តុតាង​រឹងមាំ​។​ការបញ្ជាក់​ជូន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្រេច​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បានផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់ កញ្ញា ឈឹម ស៊ីថរ ដែលជា​ម្ចាស់​ពាន​ម្នាក់​ក្នុងចំណោម ១០ រូប​ជុំវិញ​សកលលោក ដែល​ទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ដែល​ផ្តល់ឱ្យ​កញ្ញា ឈឹម ស៊ីថរ គឺ​ទទួលស្គាល់​ពី​បុគ្គល​ក្លាហាន​ទាំងឡាយណា ដែល​បង្ហាញ​ពី​ភាពក្លាហាន​យ៉ាង​ពិសេស និង​ភាពជា​អ្នកដឹកនាំ​ក្នុងការ​តស៊ូ​មតិ​ដើម្បី​លើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស​ដែល​គេ​ទទួលស្គាល់​ជាស​កល និង​សេរី​ភាពជា​មូលដ្ឋាន​។ ក្រសួងការបរទេស​អា​មេ​រិ​ក បញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ គឺជា​អ្នក​ទី​១ នៃ​ប្រទេស​កម្ពុជា ដែល​បាន​ពានរង្វាន់​នេះ ។

​យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ក្រសួង​បានធ្វើការ​សង្កេត​ទៅលើ​ការប្រកាស​នាពេល​ថ្មីៗ​នេះ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បានសម្រេច​ផ្តល់​ពានរង្វាន់​ដល់​បុគ្គល​ល្មើសច្បាប់​មួយរូប នៅក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា ពានរង្វាន់​ជារឿយៗ​គឺ​សម្រាប់​ទទួលស្គាល់​បុគ្គល​ដែល​តស៊ូ ដើម្បី​សន្តិភាព ភាពសុខដុមរមនា​និង​ការបង្រួបបង្រួម​ជាតិ ការកាត់បន្ថយ​សព្វាវុធ ការលុបបំបាត់​ការរើសអើង អំពើហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ឬក៏​បង្កើត​ស្នាដៃ​ណាមួយ​សម្រាប់​សង្គម ជាដើម​។

​ប្រភព​ដដែល​បន្តថា ការប្រកាស​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក មិន​តំណាងឱ្យ​បំណងប្រាថ្នា​ពិតប្រាកដ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ទេ ព្រោះ​ទង្វើ​បែបនេះ​គឺជា​សារ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់លាក់ ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច កេង​យក​ប្រយោជន៍​ពី​ស្ថានការណ៍ ដើម្បី​បម្រើ​របៀបវារៈ​លាក់ពុត​របស់ខ្លួន ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បញ្ជាក់ថា​៖ «​ពានរង្វាន់​នេះ​មិនមែនជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន​នៅក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ​។ មធ្យោបាយ​ស្របច្បាប់​គឺ ការចូលរួម​ក្នុង​ដំណើរការ​កាត់ក្ដី និង​ផ្តល់​ទឡ្ហីករណ៍​ផ្លូវច្បាប់ ជាមួយ​ភ័ស្តុតាង​រឹងមាំ ដើម្បី​ដោះ​បន្ទុក នៅក្រោម​ច្បាប់ និង​នីតិវិធីតុលាការ​របស់​រដ្ឋ​ពាក់ព័ន្ធ​»​។​

​ក្រសួងការបរទេស​ឱ្យដឹងទៀតថា ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​រូបនោះ ពុំ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ឬក៏​វិវាទ​ការងារ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការបំពាន​ជាក់ស្តែង​លើ​បម្រាម មិនឱ្យ​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេល​កំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​

​មាត្រា ២៣០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា បាន​ចែងថា «​ប្រសិនបើ​ជន​ត្រូវ​ចោទ​បាន​គេចវេះ​ដោយ​ចេតនា ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ បណ្តោះអាសន្ន​បាន​»​។

​ជាមួយគ្នានេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏បាន​ថ្លែង​ដែរ​ថា ពាក់ព័ន្ធ​ករណី​កញ្ញា ​ឈឹម ស៊ីថរ ជាប់ឃុំ វា​ជា​រឿង​កាតព្វកិច្ច​របស់​កញ្ញា​ជាមួយ​ខាង​តុលាការ ដែល​វា​មិនមែនជា​រឿង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ខាង​រាជ​ដ្ឋា​ភិ​បាល​ឡើយ​។ លោក ផៃ ស៊ី​ផាន បញ្ជាក់ថា​៖«​អាហ្នឹង​ជា​រឿង​ដាច់ដោយឡែក​តើ ជា​រឿង​ផ្ទាល់ខ្លួន​របស់គាត់ និង​រដ្ឋាភិបាល​បរទេស​នោះ​ហើយ​។ មិនមែន​ពាក់ព័ន្ធ​ជាមួយ​គាត់ និង​រាជរដ្ឋាភិបាល​កម្ពុជា ឬ​គាត់​ជាមួយនឹង​តុលាការ​របស់​កម្ពុជា​នោះទេ ពីព្រោះ​ករណី​ហ្នឹង គឺ​វា​ដាច់ដោយឡែក​ពីគ្នា​»​។​

​សូមជម្រាបថា កញ្ញា​ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍ ត្រូវបាន​ឃាត់ខ្លួន​រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​សហជីព​របស់ខ្លួន​លើក​ទី​១ កាលពី​ខែមករា ឆ្នាំ ២០២២ ក្រោម​បទ​ចោទ “​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ហើយ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ កាលពី​ខែមីនា ឆ្នាំ ២០២២​។

​កាលពី​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កញ្ញា​ត្រូវបាន​ឃាត់ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពី​សំណាក់​នគរបាល​អន្តោប្រវេសន៍ និង​ត្រូវបាន​ឃុំខ្លួន​ជា​លើក​ទី​២ ក្រោយ​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​។ តុលាការ​បានសម្រេច​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ព្រៃ​ស​) ដោយ​មូលហេតុ​ល្មើស​បម្រាម​របស់​តុលា​ការដែល​ដាក់​ស្ថិតក្រោម​ការត្រួតពិនិត្យ ហាម​ចេញ​ក្រៅប្រទេស​៕​