
ភ្នំពេញៈ ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធដែលនៅសេសសល់ក្នុងខេត្តកំពង់ចាមគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៤ ខាងមុខ ក្រោយពីមានការអក់ខានដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ អស់រយៈពេល ២ ឆ្នាំកន្លងមក។
លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានថ្លែងសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក"របស់រដ្ឋបាលខេត្តកំពង់ចាមនាថ្ងៃទី៣ខែកុម្ភៈនេះថា តាមផែនការនៃការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងខេត្តកំពង់ចាមនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ ប៉ុន្តែតាមការព្យាករណ៍ការងារនេះនឹងមិនអាចបញ្ចប់តាមផែនការនោះទេ ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩អស់រយៈ២ឆ្នាំកន្លងមក។ នេះបានធ្វើឱ្យមន្ត្រីពាក់ព័ន្ធពិបាកនៅក្នុងការចុះបំពេញការងារ ហើយភូមិសាស្ត្រកន្លែងខ្លះក៏មានភាពស្មុគស្មាញ ដែលទាមទារឱ្យក្រុមការងារប្រើប្រាស់ពេលវេលាច្រើន។
លោកអភិបាលបានបញ្ជាក់ថា៖«អ៊ីចឹងជាការគ្រោងទុក ដែលត្រូវបញ្ចប់គឺក្នុងឆ្នាំ២០២៤ យើងត្រូវសម្រុកបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ»។
លោកបានបន្ថែមថា គិតត្រឹមបំណាច់ឆ្នាំ២០២២កន្លងមក បានអនុវត្តចុះបញ្ជីចំនួន៧១៣ ៥០០ក្បាលដី ដែលស្មើនឹង៧៧ភាគរយលើក្រុងស្រុកចំនួន១០ និងឃុំសង្កាត់ចំនួន៩១ ហើយនៅសេសសល់ប្រមាណជា២៣ភាគរយទៀត ដែលត្រូវធ្វើការចុះបន្តទៀត។
លោកក៏បានថ្លែងផងដែរថា ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ រដ្ឋបាលខេត្តបានទទួលយកមកដោះស្រាយវិវាទដីធ្លីបានចំនួន៧៤២ករណី។ លោកបានបន្តថា ទំនាស់ដីធ្លីក្នុងខេត្តកំពង់ចាមមិនមានទ្រង់ទ្រាយធំនោះទេ ដែលភាគច្រើនជាទំនាស់ព្រំដី បងប្អូនដណ្តើមកេរដីគ្នា និងការទាមទារបើកផ្លូវជាដើម។ ដើម្បីបង្ការបញ្ហាទំនាស់ទៅថ្ងៃអនាគតនោះ លោកក៏បានណែនាំឱ្យមានការទុកផ្លូវឱ្យបានធំឱ្យហើយនៅកន្លែងដែលមានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធនោះ ជាពិសេសគឺទុកផ្លូវសម្រាប់អ្នកដែលនៅខាងក្រោយដីរបស់អ្នកដទៃ៕