​ភ្នំពេញៈ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ​(PSE)​ ផ្តល់​កញ្ចប់​អាហារូបករណ៍​ដល់​កុមារ​ចំនួន ​២៥០​ នាក់ ដែល​ធ្វើ​ចំណាកស្រុក​តាម​ឪពុកម្តាយ​មក​ធ្វើការ​សំណង់​ និង​ការងារ​ផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បាន​ចូលរៀន​នៅតាម​សាលាបឋមសិក្សា និង​មធ្យមសិក្សា​។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លិខិត​ដែល​ជម្រាបជូន​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ស្តីពី​ការជ្រើសរើស​កុមារ​ចូលរៀន​សម្រាប់​កម្មវិធី​អប់រំ​ចំណេះ​ទូទៅ នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ឆ្នាំ​សិក្សា​ ២០២២-២០២៣​ បានសរសេរថា អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ​ផ្តល់​កញ្ចប់​អាហារូបករណ៍​ដល់​កុមារ​ចំនួន​ ២៥០​ នាក់ ដែល​ធ្វើ​ចំណាកស្រុក​តាម​ឪពុកម្តាយ​មក​ធ្វើការ​សំណង់​និង​ការងារ​ផ្សេងៗ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​បាន​ចូលរៀន​នៅតាម​សាលាបឋមសិក្សា និង​មធ្យមសិក្សា​គោលដៅ​។​

​ទន្ទឹមនឹងនេះ អង្គការ​នឹង​ផ្តល់​កញ្ចប់​អាហារូបករណ៍​សម្រាប់​ថ្នាក់​ព​ន្លឿ​ន​ការសិក្សា​ដល់​កុមារ​ចំនួន​៥០​នាក់ ដែល​បំពេញបាន​លក្ខខណ្ឌ​ដូចជា​៖១. កុមារ​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ គិត​ត្រឹម​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣, ២. មានការ​សិក្សា​យឺត​ចាប់ពី ២​កម្រិត​ថ្នាក់​ឡើងទៅ​, ៣. ស្ថិតក្នុង​កម្រិត​គ្រួសារ​ក្រីក្រ និង​៤.​ព្រម​ទទួលយក​ការចុះ​វាយតម្លៃ​ស្ថានភាព​គ្រួសារ​ពី​ក្រុមការងារ​របស់​អង្គការ​។ ចំពោះ​ការសិក្សា គឺ​នឹងត្រូវ​ធ្វើឡើង​ដោយផ្ទាល់​នៅក្នុង​បរិវេណ​របស់​អង្គការ​។​

​ការទទួល​ពាក្យ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូតដល់​ថ្ងៃទី ​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ព័ត៌មាន​លម្អិត​អាចទាក់ទង​ទៅកាន់ លោក​ប្រាក់ កុសល ប្រធាន​ផ្នែក​អប់រំ និង​សង្គម​តាមរយៈ​ទូរ​សព្ទ​លេខ ០៧០ ៨២២ ២៨០/ ០៧៧ ៨២២ ២៨០​។​

​ក្រសួង​ក៏បាន​ណែ​នាំឱ្យ​មន្ទីរអប់រំ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អ្នកពាក់ព័ន្ធ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ឪពុកម្តាយ​និង​កុមារ​ដូច​មាន​ក្នុង​លក្ខខណ្ឌ​ជ្រើសរើស​ខាងលើ​បាន​ជ្រាប និង​ដាក់ពាក្យ​ស្នើសុំ​កញ្ចប់​អាហារូបករណ៍ ដើម្បី​ទទួលបាន​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ និង​ឆ្នាំ​សិក្សា​បន្តបន្ទាប់​ទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ឆ្នាំ​២០២២​កន្លងមក​បានស្នើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​រៀបចំ​ការផ្ដល់​ការសិក្សា​ដល់​កុមារ​ចំណាកស្រុក ដើម្បីឱ្យ​ពួកគេ​ទទួលបាន​នូវ​ការអប់រំ​៕​