​ភ្នំពេញៈ ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​ ៣​ ខែកុម្ភៈ​នេះ​ បានប្រកាស​ជូនដំណឹង​ស្តីពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយនេះ​។

​ក្រសួងយុត្តិធម៌​បាន​ជូនដំណឹង​ដល់​សាធារណជន​ថា ដើម្បី​រួមចំណែក​ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ប្រកបដោយ​បរិ​យា​ប័ន្ន សមធម៌ និង​យុត្តិធម៌ ដែលជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ក្រសួងយុត្តិធម៌​បាននិងកំពុង​ធ្វើការ​អភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល ដើម្បី​ផ្តល់នូវ​សេវា​ឆាប់រហ័ស និង​ភាពងាយស្រួល​ជូន​ដល់​សាធារណជន​ដែលមាន​តម្រូវ​ការស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​។ ក្រសួងយុត្តិធម៌​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល​ចាប់ពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣​ខាងមុខនេះ​តទៅ​។​

​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន ដែលមាន​តម្រូវ​ការស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ឱ្យទទួល​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ព័ត៌មាន​អំពី​តម្រូវការ​ឯកសារ​នានា ជាពិសេស​សាធារណជន​អាចបំពេញ​ពាក្យស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ពី​ចម្ងាយ​តាមរយៈ​កុំព្យូទ័រ ឬ​ទូរ​សព្ទ​ដៃ រួច​ផ្ញើ​មកកាន់​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស​ជាមុន បន្ទាប់មក​អតិថិជន​គ្រាន់តែ​អញ្ជើញ​មកកាន់​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ចាំបាច់​មួយចំនួន ដើម្បី​ផ្តិតមេដៃ និង​បង់ប្រាក់​ជាការ​ស្រេច​។​

​ដើម្បី​ប្រើប្រាស់​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល​នេះ គឺ​តម្រូវឱ្យ​សាធារណជន ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយក​កម្មវិធី​ដែលមាន​ឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់​ប្រព័ន្ធ IOS ឬ​ពី PLAY Store សម្រាប់​ប្រព័ន្ធ​Android ដោយ​អនុវត្តតាម​ការណែនាំ និង​របៀប​ប្រើប្រាស់ ដូច​បាន​ភ្ជាប់​ជូន​នៅក្នុង​កម្មវិធី​នេះ​។​

​ទន្ទឹមនឹង​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នេះ សាធារណជន​នៅតែ​អាច​អញ្ជើញ​មក​បំពេញបែបបទ​ស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ដោយផ្ទាល់ នៅ​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស​នៃ​ក្រសួងយុត្តិធម៌​ដូច​បាន​អនុវត្ត​កន្លងមក​ផងដែរ​៕​