
រូបភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ បានស្នើដល់ស្ថាប័ននេះ ឱ្យពិនិត្យពិចារណាលើបញ្ហាហិរញ្ញប្បទានហិរញ្ញាវត្ថុ ដែលជាគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
ការស្នើបែបនេះ ត្រូវបានលោក ឌិត ទីណា បន្ថែមថា គឺធ្វើយ៉ាងណាបង្កើនផលិតភាពប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះត្រូវពិនិត្យទាំងការវិនិយោគ និងទីផ្សារ ក្នុងខ្សែច្រវាក់ផលិតកម្ម ពិសេសផ្តោតជាសំខាន់លើគុណភាពនិងតម្លៃ ជាជាងបរិមាណ។ លើសពីនេះទៀត ត្រូវធ្វើយ៉ាងណាឱ្យអ្នកផលិត ឬកសិករមើលឃើញពីតម្លៃឬផលចំណេញនៃការមិនប្រើសារធាតុគីមីលើផលិតផលកសិកម្ម។
បើតាមក្រសួងកសិកម្ម គោលបំណងនៃជំនួបនេះ គឺដើម្បីធ្វើការផ្លាស់ប្តូរយោបល់លើអាទិភាពសំខាន់ៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលស្របនឹងកិច្ចសហប្រតិបត្តិការអាទិភាពរបស់សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យកសិកម្ម ដែលពេលថ្មីៗនេះ EU បានពិគ្រោះយោបល់ស៊ីជម្រៅជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង ដើម្បីកំណត់កិច្ចការចម្បងនិងអាទិភាព ដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ សំដៅជំរុញការនាំចេញផលិតផលដែលមានតម្លៃទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះរួមមានសហភាពអឺរ៉ុប និងតំបន់អាស៊ានជាដើម។
ដោយឡែក នៅក្នុងជំនួបរវាង លោករដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា លោកក៏បានស្នើឱ្យភាគីប៉ាគីស្ថានពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះ
បណ្តាលភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ។
ក្នុងជំនួបនោះ លោក ឌិត ទីណា បានឯកភាពចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដែលលើកឡើងអំពីតម្រូវការនៃផែនការការងារ (Framework) ដើម្បីជាផ្លូវដើរមួយច្បាស់លាស់ក្នុងការអនុវត្តការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលជីកសិកម្មដែលមានគុណភាពនិងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថានមកកាន់ទីផ្សារកម្ពុជាផងដែរ។ ដ្បិតតែការនាំចូលជីពីប៉ាគីស្ថានចូលមកកម្ពុជាអាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នារវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕