ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា លើកឡើងថា ពាក់ព័ន្ធ​នឹង​ការងារ​បោសសម្អាត​មីន ប្រទេស​ស្វ៊ី​ស គឺជា​ដៃគូ​ដ៏​សំខាន់ និង​យូរអង្វែង​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ស្វ៊ី​ស​ពិចារណា​បន្ត​ជួយ​គាំទ្រ​ក្នុងការ​បញ្ចប់​ការងារ​បោសសម្អាត​មីន​ឱ្យអស់​ក្នុង​ឆ្នាំ​២០២៥ និង​បន្ត​គាំទ្រ ដោះស្រាយ​ហានិភ័យ​ផ្សេងៗ​ទៀត​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោយ​ឆ្នាំ​២០២៥​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង​ដូចនេះ​នៅក្នុង​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​ស្វ៊ី​ស កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​ក្នុងនាម​រដ្ឋាភិបាល​កម្ពុ​ជា លោក​បាន​ចូលរួម​ពិធី​នេះ​ជាមួយ លោក Heinrich Schellenberg ឧបការី​រដ្ឋមន្ត្រី ក្រសួងការបរទេស​ស​ហ​ព័ន្ធ​ស្វ៊ី​ស ទទួលបន្ទុក​អាស៊ី​ប៉ាស៊ីហ្វិក​។

​ក្នុងឱកាស​នោះ​លោក​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា បាន​គូសបញ្ជាក់ថា រយៈពេល ៦០ ឆ្នាំនេះ កម្ពុជា និង​ស្វ៊ី​ស មានកំណត់​ត្រា​ដ៏​ល្អ​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ លើ​វិស័យ​ជាច្រើន​ដែល​បានផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​កម្រិត​ជាតិ និង អន្តរជាតិ​។​

​ប្រទេស​ទាំងពីរ គឺជា​អ្នកការពារ​ស្មារតី និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ក្នុងការ​ប្តេជ្ញា​ចិត្តជា លក្ខណៈ​ពហុភាគី​និយម​។ សំខាន់​ជាងនេះទៅទៀត ប្រទេស​ទាំងពីរ គឺជា​អ្នកជំរុញ​គោលនយោបាយ​ការបរទេស​អព្យាក្រឹត ដើម្បី​ការពារ​ឯករាជ្យ​ជាតិ​ជា​រដ្ឋ​អធិបតេយ្យ ដែល​នយោបាយ​ការបរទេស​កម្ពុជា​អព្យាក្រឹតភាព បានអនុម័ត​ដោយ ព្រះ​បរម​រតន​កោដ្ឋ ឆ្នាំ​១៩៥៥ បាន​ក្លាយជា​ប្រយោគ​អចិន្ត្រៃយ៍​នៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។​

​លោក​បន្តថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​កម្ពុជា​-​ស្វ៊ី​ស បន្ត​រីកចម្រើន​ជាមួយនឹង​សន្ទុះ​គួរឱ្យកត់សម្គាល់ ដែល​បង្ហាញឱ្យឃើញ ពី​ទំហំ​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​ការសន្ទនា​នយោបាយ​ជា​ទៀងទាត់ រវាង ក្រសួងការបរទេស​ទាំង​ពីរ ក៏ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត និង​កិច្ចសហប្រតិបត្តិការ​ក្របខ័ណ្ឌ​ពហុភាគី​។

​លោក​ថ្លែងថា​៖«​តាមរយៈ​វេទិកា​នេះ ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​ជឿជាក់ថា វា​ពិតជា​នឹង​រួមចំណែក​ដល់​ការឈាន​ទៅមុខ​បន្ថែមទៀត​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​»​។​

​ជាងនេះទៅទៀត ប្រទេស​ស្វ៊ី​ស បានផ្តល់​ជំនួយ​គាំទ្រ​ផ្នែក​សុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខ​ស្បៀង ការកសាង​ជំនាញ ការ​បោសសម្អាត​មីន ព្រមទាំង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ សុខុមាលភាព និង​វិបុលភាព​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ ហិរញ្ញវត្ថុ​របស់​រដ្ឋា​ភិ​បាល​ស្វ៊ី​ស ដែល​បាន​ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ ហើយ​ប្រជាជន​កម្ពុជា ចងចាំ​ជានិច្ច​ដោយ ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​ការលះបង់​របស់លោក​វេ​ជ្ជ​បណ្ឌិត Beat Richner ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ និង​ស្ត្រី​កម្ពុជា​រាប់លាន​នាក់ តាមរយៈ​ការផ្តល់សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។​

​ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​វត្តមាន ការិយាល័យ​សហប្រតិបត្តិ​ការ​ស្វ៊ី​ស​នៅ​កម្ពុជា​សម្រាប់​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ និង​ការបើក​ដំណើរការ កម្មវិធី​សហប្រតិបត្តិការ​ស្វ៊ី​ស​ថ្មី​នៅក្នុង​តំបន់​មេគង្គ​ឆ្នាំ ២០២២-២០២៥ ដែល​នឹង​អាចជា​កម្លាំង​ជំរុញ​ថ្មី​បន្ថែម​ដល់​ទំនាក់ទំនង​កម្ពុជា​-​ស្វ៊ី​ស​៕​