រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោកស្រី ហ៊ុន ដានី បាន​ថ្លែង​ថា ផ្តើម​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ស្ត្រី ក្រសួង​បាន​ចាត់​ទុក​ស្ត្រី គឺជា​កម្លាំង​ចលករ​ដ៏​មាន​សក្តានុពល​និង​ជា​ភាគី​ពាក់ព័ន្ធ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ដែល​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ភាពធន់​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ លើក​ស្ទួយ​កម្រិត​ជីវភាព​គ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។

នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី​ការ​អនុវត្ត​គោល​នយោបាយ​លើក​កម្ពស់​សិទ្ធិ តួនាទី តម្លៃ​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍ នៅ​សាលា​ខេត្ត ស្ទឹងត្រែង កាល​ពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ និង​មន្ទីរទេសចរណ៍​ខេត្ត​ស្ទឹងត្រែង រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោកស្រី ហ៊ុន ដានី មាន​ប្រសាសន៍​ថា ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ កម្មវិធី និង​សកម្មភាព​នានា​ជាច្រើន ដើម្បី​ជំរុញ​ការ​លើក​កម្ពស់​សិទ្ធិ តួនាទី តម្លៃ​ស្ត្រី ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ​សាធារណៈ និង​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍។

លោកស្រី​បាន​ថ្លែង​បញ្ជាក់​ថា៖ «នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដាក់​ចេញ​នូវ​គោល​នយោបាយ​គាំពារ​សង្គម និង​កិច្ចការពារ​តាម​ផ្លូវ​ច្បាប់​ដល់​ក្រុម​ស្ត្រី​ដែល​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត​ទេសចរណ៍។ ស្ត្រី​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ពង្រឹង​ភាព​ធន់ ស្តារ និងអភិវឌ្ឍ​វិស័យ​ទេសចរណ៍»។

លោកស្រី​បាន​បន្ត​ថា ចំពោះ​មុខ​នេះ ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​កាន់តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ពី​សំណាក់​ប្រមុខដឹក​នាំ​រាជរដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ជំនួយ​សង្គម និង​កិច្ច​ការពារ​តាម​ផ្លូវ​ច្បាប់​ដល់​ក្រុម​ស្ត្រី​ដែល​បម្រើការ​ផ្នែក​សេវា​កម្សាន្ត​ទេសចរណ៍​ថែម​ទៀតផង។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​ចូលរួម​របស់​ស្រ្តី​ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ផងដែរ នៅ​ក្នុង «គោល​នយោបាយ​សមភាព​យេនឌ័រ» ដែល​មាន​ចែង​ក្នុង​របៀប​វារៈ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ផ្តល់​នូវ​តម្លៃ និង​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​ស្រ្តី​នៅ​គ្រប់​ដំណើរការ​នៃ​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ ដោយ​បាន​ចាត់​ទុក​ថា «ស្ត្រី គឺជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ»។

ពាក់ព័ន្ធ​ស្រ្តី​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៣ បាន​ណែនាំ​ដល់​ក្រុម​ការងារ​មេធាវី​របស់លោក ឱ្យ​ការពារ​ផ្លូវ​ច្បាប់​ចំពោះ​ស្រ្តី​បម្រើ​សេវា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ដើម្បី​ការពារ​សិទ្ធិ​ស្រី្ត​ដែល​បម្រើការងារ​ក្នុង​វិស័យ​នេះ៕