រដ្ឋបាលខេត្ត​កំពង់ចាម បាន​និង​កំពុង​ខិតខំ​ស្រាវជ្រាវ ស្វែងរក​ផលិតផល​ដែល​ជា​សក្តានុពល​របស់​ខេត្ត ដើម្បី​ជំរុញ​នូវ​ចលនា "ភូមិ១ ផលិតផល១" សំដៅ​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់ កាត់​បន្ថយ​ចំណាក​ស្រុក អភិវឌ្ឍន៍​នូវ​ចំណេះដឹង និង​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ ខណៈ​ខេត្ត​នេះ​វិស័យ​កសិកម្ម​បាន​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល ប្រមាណ​ជាង ៤០%។

នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី "ភាព​ជោគជ័យ​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លងមក" របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃទី​៣ ខែ​កុម្ភៈនេះ អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា បាន​ថ្លែង​ថា រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​អភិវឌ្ឍ​ឱ្យ​មាន​ការ​រីចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​សមិទ្ធផល ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន ជាពិសេស គឺការ​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោកបន្តថា៖ «ក្នុងនោះ​រដ្ឋបាល​ខេត្ត បាន​ខិតខំ​ស្រាវជ្រាវ ស្វែង​រក​ផលិតផល​ដែល​ជា​សក្តានុពល​របស់​ខេត្ត ដើម្បី​ជំរុញ​នូវ​ចលនា "ភូមិ១ ផលិតផល១" សំដៅ​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់ កាត់​បន្ថយ​ចំណាក​ស្រុក អភិវឌ្ឍន៍​នូវ​ចំណេះដឹង និង​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ លើក​ស្ទួយ​ផលិតផល​ខ្មែរ ទាំង​បរិមាណ​និង​គុណភាព ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ ព្រម​ទាំង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផងដែរ»។

យោង​របាយការណ៍​ស្តីពី​ភាព​ជោគជ័យ​ក្នុង​ពេល ៥ឆ្នាំ​កន្លងមក​របស់​រដ្ឋបាល​ខេត្ត កំពង់ចាម បាន​ឱ្យ​ដឹង​ថា សមិទ្ធផល​សំខាន់ៗ ដែល​ខេត្តសម្រេច​បាន​រួមមាន វិស័យ​គាំពារ វិស័យ​កសិកម្ម វិស័យ​សាធារណការ និង​អភិវឌ្ឍន៍​ជនបទ និង​វិស័យទេ​សចរណ៍ ជាដើម។

ប្រភព​ដដែល​នេះ​បន្ត​ថា វិស័យ​កសិកម្ម​បាន​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល ប្រមាណ​ជាង ៤០% ខណៈ​រដ្ឋបាល​ខេត្ត បាន​ខិតខំ​ជំរុញ​នូវ​យន្តការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ ដូចជា ការអប់រំ បណ្ដុះបណ្តាល បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ជី ថ្នាំ​កសិកម្ម និង​ជំរុញ​នូវ​ការ​ប្រើប្រាស់​ពូជ​ប្រកប​ដោយ​គុណភាព ដល់​ប្រជាកសិករ ក្នុង​គោលដៅ​បង្កើន​ទិន្នផល ធានា​បាន​នូវ​សន្តិសុខ​ស្បៀង លើក​កម្ពស់ សេដ្ឋកិច្ច​គ្រួសារ កាត់​បន្ថយ​ភាព​ក្រីក្រ។ ក្នុង​នោះ ការ​អនុវត្ត​ដំណាំ​ស្រូវ ដំណាំ​កសិ-ឧស្សាហកម្ម ផលិតកម្ម​សត្វ និង​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​មាន​កំណើន​គួរ​កត់​សម្គាល់ ហើយ​ខេត្ត​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ន័យ​ទ្រទ្រង់​នូវ​ការ​ផ្គត់ផ្គង់​ទឹក​ទូទាំង​ខេត្ត​ទាំង​មូល ជាពិសេស ក្នុង​វិស័យ​កសិកម្ម ទប់ស្កាត់​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ ទឹកជំនន់ ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋផ្ទាល់។

ចំពោ វិស័យ​គាំពារ​សង្គម រដ្ឋបាល​ខេត្ត បាន​អនុវត្ត​នូវ​គោល​នយោបាយ​គាំពារ​សង្គម សំដៅ​ជួយ​លើក​កម្ពស់ កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​ហានិភ័យ​ខ្ពស់ សំដៅ​កាត់​បន្ថភាព​ក្រីក្រ​ឱ្យ​បាន​ជា​អតិបរិមា។ ក្នុង​នោះ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូនស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ អាយុ​ក្រោម ២ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ដែល​មាន​អ្នកឆ្លង និង​ស្លាប់ ដោយ​ជំងឺ​កូវីដ១៩ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុង​ពេល​មាន​សម្ពាធ​អតិផរណា និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ដោយ​ទឹក​ជំនន់​ផងដែរ។

វិស័យ​សាធារណការ និង​អភិវឌ្ឍន៍​ជនបទ ដោយ​មាន​ការ​សហការ​ជាមួយ​មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ រដ្ឋបាល​ខេត្ត​បាន​សម្រេច​បាន​នូវ​ការ​ស្ថាបនា និង​ជួសជុល ថែទាំ​ទៅ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​នៅ​ទីក្រុង និង​ជនបទ។ ជាមួយគ្នា​នោះ ការផ្គត់ផ្គង់​ថាមពល អគ្គិសនី ទឹកស្អាត និង​អនាម័យ​ជនបទ ក៏​ត្រូវ​បាន​លើក​កម្ពស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​ផងដែរ។

ចំណែក វិស័យ​ទេសចរណ៍ ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​ទៅ នៅ​ទូទាំង​ខេត្ត​កំពង់ចាម ទទួល​បាន​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​សរុប​ចំនួន ២ ៥៥៧ ៨៩៥នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ២ ៥០៩ ៣២៩នាក់ និង​ភ្ញៀវ​អន្តរជាតិ ៤៨ ៥៧៥ នាក់។

សូមជម្រាបថា សក្ដានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម ពឹង​ផ្អែក​លើ​វិស័យ​សំខាន់ៗ ៣ គឺ វិស័យ​កសិកម្ម សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម ដែល​ក្នុង​នោះ ប្រជាពលរដ្ឋ​ប្រកបរបរ​កសិកម្ម ជា​ចម្បង​ស្មើ​នឹង ៦៣,៩៣%, ឧស្សាហកម្ម និង​សិប្បកម្ម ០,៦៩% និង​របរ​សេវាកម្ម ៣៥,៣៨%៕