
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ៣នាក់បន្ថែមទៀត បានយល់ព្រមទទួលយកដំណោះស្រាយនៃការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រោយពីមានការតវ៉ាជាច្រើនលើកនាពេលកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
ការព្រមព្រៀងទទួលយកដំណោះស្រាយនេះ បានធ្វើឱ្យចំនួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ២៦៥នាក់ បានបញ្ចប់វិវាទការងារ ក្នុងចំណោម ៣៧៣ នាក់ ខណៈអតីតបុគ្គលិកក្រុមហ៊ុននេះ ចំនួ ១០៨ នាក់ទៀត នៅមិនទាន់ព្រមទទួលយកដំណោះស្រាយ។
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា៖ «ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ»។
គួរបញ្ជាក់ផងដែរថា យន្តការនៃការដោះស្រាយបញ្ចប់វិវាទរវាងបុគ្គលិកណាហ្គាវើលដ៍ ជាមួយក្រុមហ៊ុនដោយការផ្តល់សំណងជាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងការស្វែងការងារថ្មីជូននេះធ្វើឡើងតបតាមសំណើរបស់អតីតបុគ្គិល ណាហ្គាវើលដ៍ មួយចំនួន ដែលស្នើឱ្យលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ចូលជួយធ្វើកិច្ចអន្តរាគមន៍។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ធ្លាប់ថ្លែងថា ដោយសារការតវ៉ាអស់ជាច្រើនខែកន្លងមក មិនទទួលបានលទ្ធផលទើបមានអតីតបុគ្គលិកខ្លះសម្រេចចូលខ្លួនទទួលយកសំណង ព្រោះពួកគាត់ជួបប្រទះវិបត្តិសេដ្ឋកិច្ច។
លោក អាត់ ធន់ ថ្លែងថា៖ «ខ្ញុំយល់ថា ដំណោះស្រាយនេះវាសមស្របហើយសម្រាប់អ្នកដែលសុខចិត្ត ហើយអ្នកនៅតវ៉ាផ្សេងទៀត គាត់មិនសុខចិត្តទេ។ ពួកគាត់ខ្លះទទួលយកការសម្របសម្រួលនេះ ដោយសារពួកគាត់មិនអាចទ្រាំទ្រនឹងបញ្ហាសេដ្ឋកិច្ចបានទេ ហើយការតវ៉ានេះ វាអូសបន្លាយពេលយូរពេកហើយ»។
សូមជម្រាបថា អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានផ្តើមផ្ទុះការតវ៉ា ចាប់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ ក្រោយពីក្រុមហ៊ុនណាហ្គាវើលដ៍ បានជូនដំណឹងពីគម្រោងបញ្ឈប់បុគ្គលិកប្រមាណ ១ ៣២៩ នាក់ ក្រោមហេតុផលជួបវិបត្តិហិរញ្ញវត្ថុដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩៕