
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជន ស៊្វីស ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា ជាពិសេស ការជួយគាំទ្រផ្នែកសិក្សា និងផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា និងការជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការងារពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជា។
ការថ្លែងរបស់ លោក ស ខេង បែបនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ដែលលោកបានអនុញ្ញាតឱ្យលោក Heinrich Schellenberg រដ្ឋលេខាធិការក្រសួងការបរទេសស៊្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និង ឯកឧត្តម Pedro ZHAHLEN អគ្គរដ្ឋទូតស៊្វីស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព។
លោក ស ខេង បានស្វាគមន៍លោក Heinrich Schellenberg រដ្ឋលេខាធិការនិងឯកឧត្តម Pedro ZHAHLEN ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកក៏ចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស៊្វីស ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក។
លោកបញ្ជាក់ថា៖ «ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា ជាពិសេស ការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា និងការជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការងារពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជា»។
លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រនានា ដែលរដ្ឋាភិបាល ស៊្វីស បានផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួង មហាផ្ទៃ ដែលក្នុងនោះក៏មានការ សូមផ្ដល់នូវការគាំទ្រផ្នែកសិក្សា និងផ្តល់យោបល់ទៅលើការធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
ជាការឆ្លើយតប ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស៊្វីស បានថ្លែងអំណរគុណ និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម លើប្រវត្តិនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-ស៊្វីស ហើយដែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ លោកក៏គាំទ្រចំពោះការលើកឡើងរបស់លោក ស ខេង ផងដែរ ដោយសារថា មន្ទីរពេទ្យនេះបានជួយគាំពារគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺ កុមារកម្ពុជា។
លោកលើកឡើងថា គម្រោងនានាមួយចំនួនដែលរដ្ឋាភិបាល ស៊្វីស បាននិងកំពុងតែអនុវត្តជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងគម្រោងទ្វេភាគីក៏ដូចជា គម្រោងដែលអនុវត្តនៅក្នុងក្របខ័ណ្ឌមេគង្គ។
លោកថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្មច្បាប់ NGOs ស៊្វីស មានការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជា ខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏ដូចជា កិច្ចការផ្សេងៗទៀត ដើម្បីក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិរបស់កម្ពុជា»។
ក្នុងឱកាសនោះ លោក ស ខេង និងរដ្ឋលេខាធិការក្រសួងការបរទេស ស៊្វីស ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើការងារមួយចំនួនទៀត ក្នុងនោះរួមមានការត្រៀមលក្ខណៈសម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតជាតិឆ្នាំ ២០២៣ ការបន្តពង្រឹងការកសាងភាពជាដៃគូររវាងអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស អំពើជួញដូរមនុស្សបទល្មើសគ្រឿងញៀន និងប្រឆាំងទៅនឹងការសម្អាតប្រាក់៕