ត្បូងឃ្មុំៈ ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឆ្នាំ ២០១៨-២០២២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០២៣ ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ ត្បូងឃ្មុំ ថ្ងៃទី ៤ ខែ​កុម្ភៈ​នេះ លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ដល់​សមាជិក​គណបក្ស ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​បាន​ស្រុះ​ដៃគ្នា​ដើម្បី​ទទួល​បាន​ជោគជ័យ​លើសលប់​ឆ្ពោះទៅ​ពេល​បោះឆ្នោត​ខាងមុខ។

លោក ហេង សំរិន បាន​គូស​បញ្ជាក់​ថា កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ គឺ​សំដៅ​ឱ្យ​អង្គ​ប្រជុំ​យើង​បាន​យល់​ជ្រួតជ្រាប​ស៊ីជម្រៅ និង​ឯកភាព​គ្នាទៅ​លើ​សំណុំ​ឯកសារ ដែល​មហាសន្និបាត​វិសាមញ្ញ​បាន​អនុម័ត​ទាំង​ពី​ការ​វាយ​តម្លៃ​លទ្ធផល នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​រយៈពេល ០៥ ឆ្នាំ​ កន្លង​មក និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០២៣ ពិសេស កម្មវិធី​នយោបាយ ០៥ ឆ្នាំ ដែល​គណបក្ស​បាន​ដាក់​ចេញ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧ នា​ពេល​ខាងមុខ ក៏​ដូចជា ជំហាន​ការងារ​ជាក់ស្តែង​ទាំងឡាយ ដែល​ត្រូវ​បន្ត​ធ្វើ​ពី​ពេល​នេះ រហូត​ដល់​ការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត ដើម្បី​រៀបចំ​ការងារ​ជាក់ស្តែង ក្នុង​ក្របខ័ណ្ឌ​ខេត្ត​សំដៅ​ដណ្តើម​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ឱ្យ​សម្រេច​បាន​តាម​សន្ទស្សន៍​ដែល​គណបក្ស​បាន​ដាក់​ចេញ​សម្រាប់​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ។

ជាមួយគ្នានេះ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន បាន​ស្នើ​ដល់​ក្រុម​ការងារ​និង​សមាជិក​សមាជិកា​ទាំងអស់ បន្ត​ពង្រឹង​ក្រុម​ការងារ​គណបក្សចុះ​មូលដ្ឋាន​គ្រប់ថ្នាក់ ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រាយ​ក្រុម​ការងារ​ឱ្យ​ដល់​គ្រប់​ភូមិ​នៃ​ឃុំ និង​សង្កាត់​នីមួយៗ។ ក្រុម​ការងារ​គ្រប់​ថ្នាក់​ត្រូវ​បង្កើន​សកម្មភាព​ចុះ​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន ក្នុង​ការ​រៀបចំ​ចាត់ចែង​អនុវត្ត​ផែនការ​ការងារ​ឆ្ពោះ​ទៅ​កាន់​ការបោះ​ឆ្នោត​ឱ្យ​បាន​ហ្មត់ចត់ និង​គ្រប់ជ្រុងជ្រោយ។

លោក​បញ្ជាក់​ថា៖ «បន្ត​ពង្រឹង​ការ​គ្រប់គ្រង​សមាជិក និង​ការ​កសាង​ពង្រីក​សមាជិក​ថ្មី ជាពិសេស យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត​តាម​គោលការណ៍ “ពង្រឹងចាស់ កសាងថ្មី” ដោយ​ខិតខំ​ធ្វើ​ឱ្យ​សមាជិក​ម្នាក់​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​មួយ​សន្លឹក»៕