សៀមរាបៈ លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ​នៅ​ព្រះលាន​ជល់ដំរី ក្នុង​បរិវេណ​អង្គរធំ នា​ព្រឹក​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ​ជា​ខួប​គម្រប់ ១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ហើយ​ឆ្នាំ​នេះ អង្គរ​សង្ក្រាន្ត​ធ្វើឡើងក្រោម​ប្រធានបទ «ក្ដីស្រមៃ និង​ក្ដីសង្ឃឹម» ដែល​ជា​ព្រឹត្តិការណ៍​នៃ​ការ​លើក​យក​នូវ​កេរដំណែល​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​មក​រំលេច​ឡើង​ជា​ផ្ទាំង​ទស្សនីយភាព​វប្បធម៌​ជាច្រើន​ដូចជា៖ ល្បែង​ប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការ​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់ និង​សិល្បៈ​ទស្សនីយភាព​ជាច្រើនទៀត។

លោក សោម រតនា ប្រធាន​ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ ២០២៣ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​ក្រុង​ពាលី បើកការដ្ឋាន​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត នៅទីលាន​ជល់ដំរី ក្រុង​អង្គរធំ ខេត្ត​សៀមរាប នាព្រឹក​ថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះថា ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​ឆ្នាំនេះ មាន​រៀបចំ​ចំនួន ៦ទីតាំង កម្មវិធី​កម្សាន្ដ​ចំនួន ៤៤កម្មវិធី ដែល​រៀបចំ​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និង​នៅក្នុង​ក្រុង សៀមរាប ដោយ​មាន​ក្រុម​យុវជន ស.ស.យ.ក. ចំនួន ៥ពាន់ នាក់​ផងដែរ៕