ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈោ្មះ ការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា៖ «គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំនៅរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧ ដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៤ ដល់ម៉ោង ១៧:៣០ នាទី»។
ពាក្យសុំចុះបញ្ជីនេះ ផ្ដល់ជូនដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណង ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh ។ ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬ តំណាងដែលបានទទួលការ ផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ។
ប្រភពដដែលបានឱ្យដឹងថា ការផ្ទេរសិទ្ធិបន្តត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨។
គជប បានឱ្យដឹងទៀតថា ការរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ មាន ២ របៀបគឺ គណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ គឺធ្វើដោយដៃ។
គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ដើម្បីរៀបចំបញ្ជីបេក្ខជន ឈរឈ្មោះតាមកម្មវិធី។
គណបក្សនយោបាយដែលមានបំណងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះតាមកម្មវិធីត្រូវដាក់ពាក្យ ស្នើសុំបង្កើតគណនីមក គ.ជ.ប ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចជា ពាក្យស្នើសុំបង្កើតគណនីគណបក្សនយោបាយ លិខិតផ្ទេរសិទ្ធិគ្រប់គ្រងគណនីគណបក្សនយោបាយ (ប្រសិនបើមាន) សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ និងសញ្ញាសម្គាល់ (Logo) គណបក្សនយោបាយ (ជាពណ៌ និងសខ្មៅ ដែលមានទំហំធំបំផុតត្រឹម ៥ MB) ។
គជបបញ្ជាក់ថា៖ «ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់ កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ និងបញ្ចប់ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣។ កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះនេះ ត្រូវបិទនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣»។
ប្រភពដដែលបានបន្តថា គណបក្សនយោបាយដែលបានរៀបចំបញ្ជីបេក្ខជនតាមកម្មវិធីរួចហើយ ត្រូវបោះពុម្ពចេញពីកម្មវិធីនូវឯកសារសម្រាប់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជី (ទ.១០០៨) ដូចខាងក្រោម៖ ទី១ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សរុបទូទាំង ប្រទេសតាមលំដាប់អាទិភាពពីខ្ពស់មកទាប។ ទី២ សេចក្តីបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោតរបស់បេក្ខជនក្នុងបញ្ជីបោះឆ្នោតផ្លូវការ ដើម្បីយកទៅឱ្យអាជ្ញាធរឃុំ សង្កាត់ ធ្វើការបញ្ជាក់ (មិនត្រូវកោស ឬលុប) ។
គណបក្សនយោបាយត្រូវរៀបចំសំណុំឯកសារពាក់ព័ន្ធសម្រាប់ភ្ជាប់ជាមួយ ទ.១០០៨ ដើម្បីយក ទៅដាក់នៅ គ.ជ.ប តាមកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ៕