
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់បងប្អូនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រោយពីបានបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើងតាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា កាលពីថ្ងៃ៤ ខែកុម្ភៈ ក្នុងពិធីផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម» ជូនដល់និស្សិតប្រមាណ ២០០នាក់រួមទាំងព្រះសង្ឃ ផងដែរនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុដើម្បីឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។
លោកស្រី បានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះថា ដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយលោកស្រីក៏បានរំឭកពីខួបកំណើតរបស់កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយដែលជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ចំពោះចលនាអន្តរជាតិរបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមវិញ គឺបានកំណត់យកថ្ងៃទី៨ ខែឧសភា ជាថ្ងៃខួបកំណើតរបស់លោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនា ធ្វើជាទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៦៣ រហូតមកដល់ឆ្នាំ២០២៣នេះ គឺខួបទី១៦០ឆ្នាំហើយ។
លោស្រី ម៉ែន នារីសោភ័គ មានថ្លែងថា៖ «អត្ថន័យនៃប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម មានគោលបំណងសំខាន់ជាច្រើន ដោយក្នុងនោះក៏សូមអំពាវនាវបងប្អូនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រោយពីបានបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ»។
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជារូបនេះ ក៏បានលើកឡើងពីគោលបំណងបន្តដោយចង់ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗដែលកាកបាទក្រហមកម្ពុជាសម្រេចបាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្ថានភាពនៃការរាតត្បាតជាសកលជំងឺកូវីដ១៩ និងបង្ហាញពីសកម្មភាពចម្រុះដូចភ្លៀងរលឹមរបស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ បរិយាប័ន្នសង្គម។
លោកស្រីថា៖ «កាកបាទក្រហមកម្ពុជាប្តេជ្ញា ក្នុងការបន្តចូលរួមដោះស្រាយផលប៉ះពាល់ជាប្រព័ន្ធចាក់ស្រែះ ដែលកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើវិសមភាព ហើយដែលបច្ចុប្បន្នវិសមភាព នៅក្នុងសង្គមកាន់តែរីកធំឡើងថែមទៀត ដែលប្រការទាំងនេះ បាននិងកំពុងធ្វើឱ្យក្រុមជនរងគ្រោះ និងងាយរងគ្រោះបំផុត កាន់តែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ រួមទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត»។
ទន្ទឹមនឹងនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានគូសបញ្ជាក់ដែរថា ក្នុងបរិបទរបស់កាកបាទក្រហមកម្ពុជា ក្រុមគោលដៅនៃការងារបរិយាប័ន្ន គឺជាគ្រួសារទទួលផលពីកាកបាទក្រហមកម្ពុជា ក្នុងនោះមានអ្នកងាយរងគ្រោះបំផុត ដែលសំដៅលើ ចាស់ឥតទីពឹង ជនជាតិភាគតិច ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាព កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ អ្នករងគ្រោះដោយអំពើហិង្សា រំលោភបំពាន ការរើសអើងគ្រប់ប្រភេទជាដើម។
អ្នករងគ្រោះដោយគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជា អ្នករងគ្រោះដោយគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អ្នករងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រាំងស្ងួត គ្រោះថ្នាក់ចរាចរណ៍ និងសហគមន៍នៅតាមតំបន់ជនបទដាច់ស្រយាល ទទួលផលជាអណ្តូងទឹកស្អាត កសាងភាពធន់សហគមន៍។ នេះបើតាមការលើកឡើងបន្ថែមពីលោកស្រី ម៉ែន នារីសោភ័គ។
លោកស្រី ថ្លែងថា ៖ «យើងសង្ឃឹមជឿជាក់ថា ក្មួយៗជាយុវជននឹងបន្តចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ហើយជាពិសេសបងប្អូនជនរួមជាតិ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ឆ្លើយតបសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះទាំងទ្បាយ ដើម្បីបរិយាប័ន្នសង្គម មិនទុកនរណាម្នាក់ចោល និងដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា និងប្រកាន់និន្នាការនយោបាយឡើយ»។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅ កាកបាទក្រហមកម្ពុជា បានជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧៣ ១៣៤ គ្រួសារ កសាងផ្ទះចំនួន ១០៤ ខ្នង និងបណ្តុះបណ្តាលជំនាញ និងអប់រំ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារផ្សេងទៀត។
កាកបាទក្រហមកម្ពុជា បានជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងផ្ដល់ស្បៀងសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត ចំនួន ១៨ ៥៣៩ គ្រួសារ សង់ផ្ទះ ១២ ខ្នង និងផ្តល់ស័ង្កសីជួសជុលផ្ទះរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១ ២២៥ គ្រួសារ។
របាយការណ៍ដដែលបានបន្តថា កាកបាទក្រហមកម្ពុជា បានផ្តោតទៅលើវិស័យសំខាន់អាទិភាពចំនួន ៤ សម្រាប់យុទ្ធសាស្ត្រឆ្នាំ ២០២១-២០៣០ ក្នុងនោះមាន វិស័យអាទិភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ វិស័យអាទិភាពសុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងវិស័យអាទិភាពការអភិវឌ្ឍស្ថាប័ន។
សូមបញ្ជាក់ថា ក្រោយពីមានការបង្រួបបង្រួមកាកបាទក្រហមកម្ពុជាឡើងវិញនៅឆ្នាំ១៩៩៤ ការរៀបចំពិធីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងរូបភាពថ្នាក់ជាតិ និងទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយដំណាក់កាលដំបូង បានផ្តោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយលើកកម្ពស់កិត្តិនាមសមាគមជាតិឱ្យសាធារណមតិជាតិ-អន្តរជាតិ បានស្គាល់កាកបាទក្រហមកម្ពុជាឡើងវិញ។
សម្រាប់ឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា កាកបាទក្រហមកម្ពុជា បានសម្រេចបន្តផ្អាកការប្រារព្ធមិទី្ទងថ្នាក់ជាតិ ប៉ុន្តែនៅបន្តរក្សាការអំពាវនាវឱ្យសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តដល់កាកបាទក្រហមកម្ពុជា តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម»៕