ភ្នំពេញៈ យុទ្ធនាការ​«មួយ​ជំហាន​គ្មានប្លាស្ទិក» ​ជាយុទ្ធនាការ ​ដែល​បង្កើតឡើង​ដោយ​ក្រុម​យុវជន​២រូប ​ក្នុង​គោលដៅ ​ដើម្បី​ធ្វើ​សកម្មភាព​កម្ចាត់​សំណល់​ប្លាស្ទិក​ចេញ​ពី​បរិស្ថាន។ យុទ្ធនាការ​នេះ ​ធ្វើឡើង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៥ ​ដែល​សុទ្ធសឹង​ជា​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំង។

រាល់​ការចុះ​ទៅ​កាន់​ខេត្ត​នីមួយៗ ​នឹង​មាន​ការប្រមូល​ផ្ដុំ​ក្រុមយុវជន​ដែល​ស្ម័គ្រចិត្ត​ចូលរួម ​និង​មាន​ការអំពាវនាវ​បន្ថែម​ពី​ប្រជាជន​ក្នុង​តំបន់​សម្រាប់​ការចូលរួម​បន្ថែម។ ក្រោយ​ពី​ប្រមូល​ផ្ដុំ​គ្នា​បាន ​ពួកគេ​នឹង​ចេញ​ដើរ​រើស​សំរាម​ តាម​គោល​ដៅ​ផ្សេងៗ​គ្នា ​ហើយ​សំរាម​ដែល​ប្រមូល​បាន​នឹង​ត្រូវ​បែងចែក​យក​ទៅ​កែច្នៃ​បន្ត​ទៀត។

សម្រាប់​រាជធានី-​ខេត្ត​ទាំង៥​នោះ ​រួមមាន ​ខេត្តកែប ​ខេត្តសៀមរាប​ ខេត្តក្រចេះ ​រាជធានីភ្នំពេញ ​និង​ខេត្តបាត់ដំបង។ សម្រាប់​ខេត្តបាត់ដំបង ​គឺជា​ខេត្ត​ចុងក្រោយ​ដែល​យុទ្ធនាការ​នេះ​ត្រូវបាន​ធ្វើ​កាលពី​ថ្ងៃទី២៩ ​ខែមករា។ បន្ទាប់ពី​នេះ​ទៅ​ ​យុទ្ធនាការ​ត្រូវបាន​បិទបញ្ចប់ ​ហើយ​អាច​នឹង​បន្ត​ធ្វើ​ទៀត ​ប្រសិនបើ​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ។

កញ្ញា​វីរៈ មូនីកា ​ដែលជា​សហស្ថាបនិក​នៃ​យុទ្ធនាការ ​«មួយ​ជំហាន​គ្មាន​ប្លាស្ទិក»​ បានឱ្យដឹងថា ​ក្នុង​គម្រោង​របស់​យុទ្ធនាការ​ទាំងមូល ​គឺ​ធ្វើ​ត្រឹមតែ​ក្នុង​ខេត្ត​ចំនួន​៥ប៉ុណ្ណោះ។ ដូច្នេះ​ខេត្តបាត់ដំបង ​គឺជា​ខេត្ត​ចុងក្រោយ​ហើយ​សម្រាប់​ការប្រារព្ធ​យុទ្ធនាការ​នេះ។

បើ​តាម​យុវតី​រូប​នេះ ​មាន​ការចូលរួម​យុទ្ធនាការ​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជាង​១ពាន់​នាក់ ​ពី​សំណាក់​សហគមន៍​ទេស​ចរណ៍​នានា ​មន្ទីរ​បរិស្ថាន​ខេត្ត ​មន្ត្រី​សាលាក្រុង​បាត់ដំបង ​និង​សិស្សានុសិស្ស​នៅ​ខេត្តបាត់ដំបង​ផង​ដែរ។

កញ្ញា​វីរៈ​ មូនីកា ​ប្រាប់ថា​៖«ក្រោយ​បញ្ចប់​យុទ្ធនាការ​នេះ​ទៅ ​យើង​ឃើញថា ​មាន​[ការបញ្ចេញ​មតិ]​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ដោយ​ពួក​គាត់​ចង់​ឱ្យមាន​យុទ្ធនាការ​នេះ​បន្ត​ទៀត»។

ការចង់​ឱ្យ​បន្ត​ទៅមុខ​ទៀត ​ដោយសារ​កន្លងមក​យុទ្ធនាការ​«មួយ​ជំហាន​គ្មាន​ប្លាស្ទិក» ​មិនត្រឹម​តែ​ ប្រមូល​ផ្ដុំគ្នា​ដើម្បី​រើស​សំរាម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​បានបញ្ជា្រប​ចំណេះដឹង​ទៅដល់​អ្នកចូលរួម ​និង​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​អំពី​ផលប៉ះពាល់​នៃ​កាក​សំណល់​ប្លាស្ទិក​ដែលបាន​បោះចោល​ទៅក្នុង​បរិស្ថាន។ ម្យ៉ាងទៀត​ក្រុមការងារ​ធ្វើយុទ្ធនាការ​នេះ​ក៏បាន​ឱ្យ​ប្រជាជន​ដឹង​ផងដែរ​ថា ​ប្លាស្ទិក​ដែល​ប្រមូល​បាន ​នឹង​ត្រូវ​យកទៅ​ធ្វើ​អ្វី​បន្តទៀត ​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ទៅលើ​បរិស្ថាន​។

យុទ្ធនាការ​នេះ ​ក៏តែងតែ​លើក​ទឹកចិត្ត ​ឱ្យ​ប្រជាជន​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ​ដោយ​ជំនួស​មកវិញ​នូវ​សម្ភារ​បរិស្ថាន ​ដែល​អាចឱ្យ​ពួកគេ​ប្រើប្រាស់​ឡើង​វិញ​បាន។

ទោះ​យ៉ាងណា ​យុទ្ធនាការ​នេះ​ក៏បាន​សម្រេច​ទៅតាម​ការគ្រោង​ទុក​ហើយ​ដែរ ​ពោល​គឺ​រួច​ក្នុង​ខេត្ត​ចំនួន​៥នេះ​តែម្តង។​សម្រាប់​ការអំពាវនាវ​របស់​ភាគី​ពាក់ព័ន្ធ​នឹង​ការបន្ត​យុទ្ធនាការ​នេះ​ទៀត​ កញ្ញា​វីរៈ មូនីកា ​បញ្ជាក់ថា ​អាស្រ័យ​ទៅ​លើ​ការទទួល​បាន​ការគាំទ្រ​បន្ត​ទៀត។ គាំទ្រ ​គឺ​ទាំង​ការចូលរួម​ជាកម្លាំង ​និង​ចូលរួម​ផ្ដល់​ជាជំនួយ​ហិរញ្ញវត្ថុ ​ព្រោះ​បើ​មិន​មាន​ជំនួយ​ហិរញ្ញវត្ថុ​ទេ ​យុទ្ធនាការ​ ក៏​ពិបាក​នឹង​ធ្វើដំណើរ​ទៅ​មុខ​ទៀត​ដែរ។

ទោះជា​យ៉ាងនេះ​ក្តី ​កញ្ញា ​និង​ក្រុមយុវជន ​ដែលបាន​រួមចំណែក​ជួយ​យុទ្ធនាការ​នេះ​កន្លងមក ​មាន​ការសប្បាយ​ចិត្ត​ ដែល​សកម្មភាព​ទាំងនេះ​បានចេញ​ជាផ្លែផ្កា ​ជាពិសេស​បានធ្វើឱ្យ​ប្រជាជន​មាន​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​ការគ្រប់​គ្រង​សំណល់​ប្លាស្ទិក។

សូម​រំឭកថា ​យុទ្ធនាការ​នេះ​ត្រូវបាន​បង្កើត​ឡើង​កាល​ពី​ខែកក្កដា ​ឆ្នាំ​២០២២​ ដោយបាន​បង្កើត​សកម្មភាព​រើស​សំរាម​នៅ​រាជធានី-​ខេត្ត​ចំនួន​ទាំង៥​ខាង​លើ​នោះ។

កន្លង​មក ​យុទ្ធនាការ​នេះ​បានប្រមូល​សំរាម​ក្នុង​ចំនួន​ផ្សេងៗ​គ្នា ​ដូចជា ​ខេត្ត​កែប ​ប្រមូល​បាន​៥០០​គីឡូក្រាម ​ខេត្ត​សៀមរាប​ប្រមូល​បាន​១ ២០០​គីឡូក្រាម ​ខេត្តក្រចេះ​ប្រមូល​បាន ៥០០គីឡូក្រាម ​ រាជធានីភ្នំពេញ​ប្រមូលបាន​សំរាម​១​ម៉ឺន​តោន​ និង​ចុងក្រោយ​នៅ​ខេត្តបាត់ដំបង ​ប្រមូលបាន​សំរាម​ប្លាស្ទិក ​ចំនួន​៣៥០គីឡូក្រាម ​និង​កាកសំណល់​ទូទៅ​ប្រមាណ​៨២០គីឡូក្រាម​ផង​ដែរ៕