
អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា ថ្លែងក្នុងសន្និសទីសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៣។ រូបថត អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
កំពង់ចាមៈ ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ចាម កើនបានចំនួន ២៧៦ ភូមិ និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើន ៣៤ ៧៤១ គ្រួសារ។ នេះបើតាមអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា។
លោក អ៊ុន ចាន់ដា ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី ៣ ខែកុម្ភៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «ក្នុងនោះទឹកស្អាតផ្នែកឯកជនបានពង្រីកដាក់បណ្តាញថ្មីកើនបាន២៤៥ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន២៧ ៨១៨គ្រួសារ និងអង្គភាពរដ្ឋាករទឹក បានពង្រីកបណ្តាញបន្ថែម កើនបានចំនួន ២១ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាត កើនបានចំនួន ៧ ១០៣ គ្រួសារ»។
បើតាមលោកអភិបាលខេត្តកំពង់ចាម ការសរុបបណ្តាញបំពង់ទឹកស្អាតដែលចែកជូនដល់ប្រជាពលរដ្ឋបានចំនួន៧០៤ភូមិ លើ៩២៣ភូមិ ស្មើនឹង៧៦,២៧ភាគរយ ដោយមានប្រជាពលរដ្ឋ៨៩ ៤៤០គ្រួសារ លើ២៧៤ ២៤៤គ្រួសារ ស្មើនឹង៣២,៦១ភាគរយ។
លោកបានឱ្យដឹងថា ខេត្តកំពង់ចាមមានទឹកស្អាតផ្នែកសាធារណៈចំនួន ១មូលដ្ឋាន និងទឹកស្អាតផ្នែកឯកជនចំនួន ៦០មូលដ្ឋាន សរុបចំនួន ៦១មូលដ្ឋាន មានសមត្ថភាពផលិតទឹកស្អាតបានចំនួន៩១៤ម៉ែត្រគុប ក្នុង១ថ្ងៃ ដែលមានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្ត បានចំនួន ១០៧ឃុំ-សង្កាត់ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង ៩៨,១៦ភាគរយ ដែលមានចំនួន ៨៨៣ភូមិ លើ៩២៣ភូមិ ស្មើនឹង ៩៥,៦៦ភាគរយ។ នៅសល់៤០ភូមិទៀត ដែលត្រូវបន្តការជំរុញរៀបចំប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ។
ប្រភពដដែលបន្ថែមថា ក្រៅពីការយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត រដ្ឋបាលខេត្តកំពង់ចាមក៏បានយកចិត្តទុកដាក់លើការងារកែលម្អសោភណភាព ការគ្រប់គ្រងធនធានធម្មជាតិ និងទេសចរណ៍ផងដែរ។ក្នុងនោះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍ និងការលើកស្ទួយសោភណភាពតាមទីប្រជុំជនរបស់ក្រុង-ស្រុក ជាពិសេសនៅក្នុងក្រុងកំពង់ចាមត្រូវរៀបចំយ៉ាងណាឱ្យស័ក្តិសមជាក្រុងរដ្ឋបាល និងពាណិជ្ជកម្ម ។
លោកថ្លែងថា៖«យើងខិតខំប្រឹងប្រែងនៅក្នុងការរៀបចំតុបតែងកែលម្អទាំងសួនសាធារណៈ ទាំងផ្លូវ ប្រព័ន្ធលូ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលបម្រើដល់វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម និងផ្នែករដ្ឋបាលដែលធ្វើយ៉ាងណាឱ្យមានការទាក់ទាញនិងការចាប់អារម្មណ៍ ពីភ្ញៀវជាតិ និងអន្តរជាតិក្នុងការប្រាស្រ័យទាក់ទងការងារ និងមកលេងកម្សាន្ត»។
ក្នុងពេលថ្មីៗនេះ រដ្ឋបាលខេត្តក៏បានរៀបចំស្ថាបនាសួនច្បារតាមផ្លូវមាត់ទន្លេ ហើយសួនច្បារដែលរងការខូចខាតត្រូវធ្វើថ្មីឡើងវិញ ថែមទាំងគិតគូរដល់ការធ្វើបន្ទប់ទឹកអនាម័យ ដែលបម្រើដល់ភ្ញៀវទេសចរផងដែរ។ មួយវិញទៀត រដ្ឋបាលខេត្ត ក៏បានសាងសង់រូបសំណាកដែលជាទីសក្ការបូជា គឺរូបដំរីឯរាវ័ណ ដែលតំណាងដល់ការដឹងគុណ និងការឧទ្ទិសដល់សន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោកអភិបាលខេត្តកំពង់ចាម។
ដោយឡែក នៅខេត្តពោធិ៍សាត់ ក៏បាននិងកំពុងសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្រោមហិរញ្ញប្បទានឥតសំណងប្រមាណ២២លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ប្រភពដដែលឱ្យដឹងថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣។ ក្រោយពីបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់ នឹងកើនដល់ចំនួន១៣ ៨៦០ម៉ែត្រត្រីគុណក្នុង១ថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់ ប្រមាណជាង៨៦% ឬប្រជាពលរដ្ឋក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់ទាំងមូលជិត៧០% នឹងទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ៕