
មន្ត្រីរាជការដែលទទួលបានការដំឡើងប្រាក់បៀវត្តរ៍ពីរាជរដ្ឋាភិបាល។ រូបថត SPM
ភ្នំពេញៈ តាមរយៈច្បាប់ថវិកាជាតិឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក សម្រាប់ចំណាយលើបុគ្គលិករដ្ឋ នៅក្នុងឆ្នាំ ២០២៣ ដែលនឹងត្រូវដំឡើងប្រាក់បៀវត្ស រ៍ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់ខែអប្បបរមាជាង ១ លាន ១ សែនរៀល ឱ្យដល់ជាង ១ លាន ៣ សែនរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាឡើងដល់ ៧១ ម៉ឺនរៀល ដើម្បីគាំទ្រដល់ជីវភាព មន្រ្តីរាជការ បន្ទាប់ពីខកខានក្នុងការដំឡើងអស់រយៈពេល ២ ឆ្នាំ ដោយសារតែបញ្ហាកូវីដ ១៩។
នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវុត្ថុ បានថ្លែងថា នៅក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំលំបាកមួយ សម្រាប់កម្ពុជា ព្រោះជាឆ្នាំដែលមានកំណើនទាប ប៉ុន្តែឆ្នាំនេះ រាជរដ្ឋាភិបាល នៅតែបង្កើនការចំណាយទៅលើវិស័យសំខាន់ៗមួយចំនួនជាពិសេសការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ។
លោកបានបញ្ជាក់ថា៖«ឆ្នាំនេះ ការចំណាយលើវិស័យអប់រំ សុខាភិបាលឡើងទាំងអស់ បៀវត្សរ៍មន្រ្តីរាជការឡើង ជាទូទៅ១០ភាគរយ សោធនក៏ឡើងដែរ ដោយអ្នកចាស់ៗមុនបានសោធនទាប ដោយសារប្រាក់ខែគាត់ទាប ហើយអ្នកក្រោយបានខ្ពស់ ដោយសារប្រាក់ខែខ្ពស់ ឥឡូវយើងដំឡើងអ្នកទាប ឱ្យបានប្រហាក់ប្រហែលអ្នកខ្ពស់ ហើយគ្រាន់តែចាយលើរឿងហ្នឹងអស់ប្រហែល៤៥លានដុល្លារ»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្រ្តីរាជការនេះ គឺជាគោលនយោបាយសារពើពន្ធ ក្នុងការជំរុញកំណើន ថ្វីត្បិតតែបន្ទុកបន្តិចមែន តែវាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចមានការកើនឡើង នោះរដ្ឋាភិបាលក៏អាចប្រមូលពន្ធបានច្រើនជាងមុន ដែលនឹងធ្វើឱ្យហិរញ្ញប្បទានត្រឡប់ទៅតាមគ្រួសារនីមួយៗវិញបានច្រើនជាងមុនដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖«ពេលដែលប្រាក់បៀវត្សរ៍មានការកើនឡើង នោះពន្ធលើប្រាក់បៀវត្សរ៍ក៏កើនទៅតាមនោះដែរ មានន័យថា បើសិនជារាជរដ្ឋាភិបាល ចាក់បញ្ចូលថវិកា១០០លានដុល្លារ ក្នុងការដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ នោះនឹងធ្វើឱ្យ GDP របស់ប្រទេសកើនពី៣០០លានដុល្លារ ទៅ៥០០លានដុល្លារ ទៅតាមមេគុណថេរ នៅក្នុងកំណើនសេដ្ឋកិច្ចតាមរយៈការចំណាយរបស់រដ្ឋាភិបាល»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៣ បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការស៊ីវិល ត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល,គ្រូបង្រៀន និងគ្រូពេទ្យ ត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល, បៀវត្សរ៍នគរបាល (ពលបាលត្រី) ត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ), បៀវត្សរ៍យោធិន (ពលទោ) ត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល៕