​ភ្នំពេញៈ អាជ្ញាធរ​កម្ពុជា​គ្រោង​សាងសង់​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី​​៣ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​ ១៣០​ ពាន់​ម៉ែត្រគុប ​ក្នុង ​១ ​ថ្ងៃ​ ដែល​រាជរដ្ឋាភិបាល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​ ២០២៦​។ នេះ​បើតាម​ខ្លឹមសារ​នៃ​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ប្រជុំពិភាក្សា​ស្តីពី​ការរៀបចំ​សិក្សា​សមិទ្ធិ​លទ្ធភាព​របស់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ​រវាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង JICA កាលពី​ចុង​សប្តាហ៍​មុន​។​

​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោក ឡុង ណា​រ៉ូ បានឱ្យដឹងថា រោងចក្រ​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ឆ្នាំ ​២០២៦ ​ខាងមុខ​គឺ​ស្ថិតក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​ជូន​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ជំរុញ​ការផ្គត់ផ្គង់​តំបន់​ភាគ ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ និង​ ១ ​ផ្នែក​ទៀត​ក្នុង​ខេត្តកណ្តាល​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ​សិក្សា​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ​ជំហាន​ទី៣ ដើម្បី​ពង្រីក​ការផ្គត់ផ្គង់​ទឹកស្អាត​ឱ្យបាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​នៅ​ប៉ែក​ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ​ដោយសារ​បច្ចុប្បន្ន ប្រជាជន​ដែល​រស់នៅ​ប៉ែក​ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ មានទឹក​ប្រើប្រាស់​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​»​។​

​លោក​ ឡុង ណា​រ៉ូ បាន​បន្ដថា ដើម្បី​តប​តាម​ការប្រើប្រាស់​ទឹក គម្រោង​នេះ​មាន​សមត្ថភាព​ផលិត​ប្រមាណ​ជា ១៣០ ​ពាន់​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ​។​ចាប់ពី​ខែមេសា ឆ្នាំនេះ​តទៅ ទីប្រឹក្សាបច្ចេកទេស​នឹង​ចាប់ផ្តើម​សិក្សា​ពី​សមិទ្ធិ​សមត្ថភាព​នៃ​គម្រោង​នេះ​។​

​ក្នុងនោះ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ដើមឆ្នាំ​ ២០២៤ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ពិភាក្សា​ពី​ចំនួន​ឥណទាន លើ​គម្រោង​ទាំងមូល ដែល​នឹង​ផ្តល់​ដោយ​ (JICA)​ បន្ទាប់មក​នឹងដាក់​ដេញថ្លៃ​អ្នក​សាងសង់ ការជ្រើសរើស​អ្នកត្រួតពិនិត្យ​សំណង់ ដោយ​នឹង​ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​ ២០២៦ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៩​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី លោក ឡុង ណា​រ៉ូ​។​

​ទោះបីយ៉ាងណា លោក​ឡុង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មិនទាន់​បញ្ជាក់​ពី​ទំហំ​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ដំណើរការ​សាងសង់​រោង​ចក្រ​ទឹកស្អាត​នេះ​ថា មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់ថា រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី ​៣ គឺជា​កម្មវិធី​កំណត់​ដែល​បានចែង​ក្នុង​គម្រោង​មេ​ជំហាន​ទី​៣ ដែល​ស្ថិតក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​លើ​ការសិក្សា​គម្រោង​មេ​ឆ្នាំ​ ២០២១-២០៣០ ដើម្បី​ជំរុញ​ការ​ផ្គត់​ផ្គត់​ទឹក​ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ទៅតាម​ផែនការ​កំណត់​នៅ​ឆ្នាំ​ ២០៣០ ពោលគឺ​ត្រូវ​ផលិត​ទឹក​ឱ្យបាន ១​ លាន​ ៨ ​សែន​ម៉ែត្រគុប ក្នុង ​១​ ថ្ងៃ ដើម្បី​ធ្វើឱ្យ​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​

​គួរ​បញ្ជាក់ដែរថា ជុំវិញ​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ដៃគូ​សហការ​សំខាន់​ចំនួន​ ២ គឺ ​(JICA)​និង​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​បារាំង ​(AFD)​ និង​អឺរ៉ុប​ផងដែរ​។ ក្រៅពីនោះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក៏មាន​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​ដែល​ទទួល​អភិ​វ​ឌ្ឍ​នៅ​តំបន់​ព្រលានយន្តហោះ​បង្កើត​ថ្មី និង​ការផ្គត់ផ្គង់​នៅ​តំបន់​អរិយ​ក្សត្រ​។ បច្ចុប្បន្ន​កម្ពុជា​ទទួល​បានការ​ឯកភាព​ពី​កូរ៉េ​ហើយ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កូរ៉េ នឹង​បន្ត​ចូលរួម​អភិវឌ្ឍ​សំដៅ​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​ឆ្លើយតប​ទៅនឹង​ផែនការ​ឆ្នាំ​ ២០៣០ ដែល​ត្រូវមាន​ទឹកស្អាត​ប្រើប្រាស់​ដល់​ ១ ​លាន​ ៨​ សែន ម៉ែត្រគុប ​ក្នុង​ ១ ​ថ្ងៃ​។​

​នៅ​ឆ្នាំ ​២០២៣ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អាច​ផលិត​ទឹកស្អាត​ប្រមាណ ៦៦០ ​ពាន់​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ ជូន​អតិថិជន​ចំនួន ​៤៥ ​ម៉ឺន​គ្រួសារ​។ តែ​យ៉ាងណា ការផ្គត់ផ្គង់​ទឹក​នៅតែមាន​ការខ្វះខាត ខណៈ​តម្រូវការ​ទឹក​បច្ចុប្បន្ន​មាន​ប្រមាណ​ពី​ ៧,៥​ សែន​ម៉ែត្រគុប ទៅ ៨ ​សែន​ម៉ែត្រគុប ​ក្នុង ​១ ​ថ្ងៃ​។​

​គិត​មកទល់ពេលនេះ រោងចក្រ​ផលិត​ទឹកស្អាត​និរោធ​បាន​សាងសង់​រួច​ទាំង​ជំហាន​ទី​១ និង​ជំហាន​ទី​២ ក្នុងនោះ រោងចក្រ​ផលិត​ទឹកស្អាត​និរោធ​ជំហាន​ទី​១ អាច​ផលិត​ទឹកស្អាត​បាន​ ១៣​ ម៉ឺន​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ ខណៈ​ជំហាន​ទី​២ ក៏មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ដូច​ជំហាន​ទី​១ ដែរ​។​

​ដោយឡែក​នៅពេល​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី​៣ ​នេះ សាងសង់​រួច កម្ពុជា ​JICA រំពឹងថា នឹង​ជំរុញ​ការតភ្ជាប់​ទឹកស្អាត​ ទៅ​តំបន់​ជាយក្រុង​និង​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​ឱ្យបាន​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​ ២០៣០ ពោល គឺ​ត្រូវ​ផលិត​ទឹក​ឱ្យបាន​ ១​ លាន​ ៨​ សែន​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ ដើម្បី​ធ្វើឱ្យ​ប្រជាជនមាន​ទឹក​ប្រើ​គ្រប់គ្រាន់​៕