
កុមារគ្រុនឈាមពេលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញកាលពីកន្លងទៅ ។ ហុង មិនា
ភ្នំពេញៈ លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ មានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤០០ ករណី ដែលចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ដោយសារសហគមន៍មានភាពស៊ាំនឹងជំងឺដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន។
គ្រុនឈាម គឺជាជំងឺឆ្លង ដោយមានភ្នាក់ងារចម្លងជាសត្វមូស (មូសខ្លា) ដែលបណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ ប្រភេទ ហើយអ្នកជំងឺគ្រុនឈាមកម្រិតមធ្យមបណ្តាលឱ្យមានឡើងកម្តៅ កន្ទួល ឈឺសាច់ដុំ និងសន្លាក់ ខណៈករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និងស្លាប់ទៀតផង។
លោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ កុម្ភៈថា គិតពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៧ កុម្ភៈ មានអ្នកឆ្លងជំងឺនេះជាង ៤០០ ករណី ហើយបើប្រៀបធៀបរយៈពេលដូចគ្នា កាលពីចុងឆ្នាំ ២០២២ គឺមានជាង ១០០ ករណីប៉ុណ្ណោះ ដែលបញ្ជាក់ថា តួលេខនេះ មានការកើនឡើងប្រមាណ៣ដង។
ជាមួយនឹងការកើនឡើងនេះ លោក លាង ឫទ្ធា បានអះអាងថា ចំនួននេះ អាចនឹងមានកើនឡើងបន្ថែមទៀត ក្នុងពេលខាងមុខ ដោយសារសហគមន៍មានសភាពស៊ាំនឹងជំងឺ ហើយចំនួនអ្នកឆ្លងថ្មីនឹងមានសម្ទុះកើនឡើងខ្លាំង ព្រោះការព្យាករក្នុងឆ្នាំ ២០២៣ អាចនឹងកើនឡើងដល់ទៅ ២ ម៉ឺនករណី។
លោកបានបញ្ជាក់ថា៖ «ជាធម្មតាជំងឺគ្រុនឈាម ១ ជុំ ឬ ១ វដ្ដវា មានចន្លោះពី ៤ ទៅ ៥ ឆ្នាំម្តង។ មូលហេតុអ្វីបានអ៊ីចឹង? ដោយសារថា ភាពស៊ាំនៅសហគមន៍ គឺវានឹងថយចុះក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំម្តង។ ដល់អ៊ឹចឹងប្រព័ន្ធការពារក្នុងសហគមន៍រាងថយនឹងធ្វើឱ្យជំងឺគ្រុនឈាមមានការកើនឡើង ព្រោះមានអ្នកកើតថ្មីមក អ្នកមិនទាន់កើតជំងឺហ្នឹងក៏កើន។ ជាទូទៅជំងឺនេះ មនុស្សម្នាក់ៗ អាចនឹងកើតចំនួន ៤ ដង ក្នុង ១ វដ្ដជីវិតខ្លួន»។
បើតាមលោក លាង ឫទ្ធា ស្ថានភាពនៃការកើនឡើងនេះនៅតែមាននិន្នាការកើនឡើងនៅតាមខេត្ត-ក្រុងមួយចំនួន ដូចជា នៅភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ជាដើម ស្របពេលជំងឺគ្រុនឈាមជាទូទៅ តែងកើតមាននៅកន្លែងណា ដែលមានមនុស្សកកកុញរស់នៅ ហើយក៏មានឱកាសកើតឡើងនៅភូមិដាច់ស្រយាលដែរ ប្រសិនបើមានការប្រើពាងទឹកច្រើន ហើយមិនចេះសម្អាត។
ជាមួយគ្នានេះ លោកនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងបានណែនាំដល់ប្រជាសហគមន៍ បើមានករណីសង្ស័យកូនចៅមានកើតជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯងឬនាំទៅព្យាបាលនៅពេទ្យតាមភូមិ ឬពេទ្យឯកជន ដែលមិនមានជំនាញច្បាស់លាស់នោះឡើយ ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
លោកបានបញ្ជាក់ថា៖ «សូមប្រជាជនយើងទាំងអស់បន្តការយកចិត្តទុកដាក់សម្អាតលំនៅ បរិស្ថាន ឧស្សាហ៍លាងពាង ១ អាទិត្យម្តង ឧស្សាហ៍ដូរទឹកថូផ្កា។ ចំណែកចានឆ្នាំងរបស់របរបោះចោលជុំវិញផ្ទះ ត្រឡោកដូង អីហ្នឹង គឺគ្របផ្កាប់កុំឱ្យដក់ទឹក កាលណាភ្លៀងមក ឬពេលទឹកស្រកទៅវិញ វាដក់ទឹកអាចជាឱកាសកកើតមូសខ្លា»។
លោកបានបន្ថែមថា៖ «បើមានអាការក្តៅខ្លួន សូមកុំសាកស្បងប្រើថ្នាំដោយខ្លួនឯង គួរតែទៅព្យាបាលជំងឺនៅ មណ្ឌលសុខភាពដែលនៅជិតបំផុតក្នុងរយៈពេល ៤៨ ម៉ោង ដោយចៀសវាងទៅទទួលការព្យាបាលនៅតាមកន្លែងតូចតាច។ នៅតាមមន្ទីរពេទ្យរដ្ឋយើងទូទាំងប្រទេស គឺតែងតែធ្វើការពង្រឹងសមត្ថភាព បណ្តុះបណ្តាល ដើម្បីឱ្យមានចងចាំពីវិធីព្យាបាលបានត្រឹមត្រូវ»។
កាលពីឆ្នាំ ២០២២ កន្លងទៅ មានករណីជំងឺគ្រុនឈាមជាង ១២ ៥០០ ករណី បណ្តាលឱ្យអ្នកជំងឺស្លាប់ចំនួន ១៩ ករណី ដោយចំនួននេះមានកើនឡើងជាង ៦ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួនត្រឹម ១ ៨១១ ករណី និងមានស្លាប់តែចំនួន ៨ករណីប៉ុណ្ណោះ។
តាមរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ របស់ គ.ជ.គ.ម.បានឱ្យដឹងថា តាមរយៈទិន្នន័យរបស់ក្រសួងសុខាភិបាល ជំងឺគ្រុនឈាមមានការកើនឡើងច្រើនក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។ មូលហេតុសំខាន់គឺដោយសារអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនពេញ ១ ឆ្នាំ និងបង្កឱ្យមានការលិចលង់ជាច្រើនកន្លែង បង្កើតជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
របាយការណ៍ដដែលបញ្ជាក់ថា «វិធានការក្នុងការឆ្លើយតប ក្រសួងជំនាញបានត្រៀមសេរ៉ូម៧ម៉ឺនប្លោក ថ្នាំបាញ់មូស ៩ ០០០ លីត្រ ថ្នាំអាបែតប្រមាណ ៤០០ តោន ដើម្បីប្រើប្រាស់ទប់ទល់បង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។ ករណីរងគ្រោះជំងឺគ្រុនឈាមមានចំនួន ១១ ៧១៩ ករណី និងរងគ្រោះស្លាប់ចំនួន ១៨ នាក់ ដែលសុទ្ធតែជាក្មេងអាយុក្រោម ១៥ ឆ្នាំ (ទិន្នន័យក្រសួងសុខាភិបាល រយៈពេល ៤៨ សប្ដាហ៍)»៕