
លោក W. Patrick Murphy ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាល។ ហុង មិនា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណចំនួនជាង ១០០ ដុំហើយ។ កិច្ចការនេះដំណើរការទៅបានដោយសារមានការខិតខំរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្នាក់សហព័ន្ធ និងថ្នាក់មូលដ្ឋាន។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ ការត្រួត ពិនិត្យរមណីយដ្ឋាន និងការចងក្រងឯកសារនៃអំពើចោរកម្មក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានសិក្ខាកាមចូលរួមជាមន្ត្រីមកពីស្ថាប័នផ្សេងគ្នា ៦៥ រូប ក្នុងនោះមានគយ ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរជាតិផ្សេងៗ ក៏ដូចជា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
លោកឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងថា៖ «ទោះបីមានការខិតខំក្នុងការការពារកុំឱ្យមានការលួចវត្ថុបុរាណដ៏មានតម្លៃ ក៏ចលនាខុសច្បាប់ឆ្លងកាត់ព្រំដែននៅតែមានជាបន្ត។ ការជួញដូរវត្ថុបុរាណ គឺជាសកម្មភាពល្មើសឆ្លងកាត់ព្រំដែនទាក់ទងនឹងលុយច្រើនពាន់លានដុល្លារ។ តាំងពីឆ្នាំ ១៩៩៧ មក អាមេរិកបានបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណចំនួនជាង ១០០ ដុំ ហើយ ឆ្នាំនេះក៏មានបញ្ជូនមកបន្ថែមទៀតដែរ»។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ ២០២២ លោកស្រី ភឿង សកុណា លោក Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងរូបលោក បានរៀបចំពិធីអបអរ ១ នៅសារមនី្ទរជាតិ ពីការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណ ចំនួន ២៧ ដុំ ពីអាមេរិក។
លោក W. Patrick Murphy ថ្លែងថា៖ «សហរដ្ឋអាមេរិក នៅបន្តជួយគាំទ្រកិច្ចប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងបានផ្ដល់ជំនួយជាង ៣,៥ លានដុល្លារ ក្នុងការជួសជុលប្រាសាទភ្នំបាខែងឡើងវិញ។ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ក៏បានផ្តល់ជំនួយឥតសំណងដល់កិច្ចប្រឹងប្រែងនៃការអប់រំដល់សហគមន៍ នៅប្រាសាទសំបូរព្រៃគុក»។
ពាកព័ន្ធនឹងវគ្គបណ្តុះបណ្តាលស្តីពីការការពារ ការត្រួតពិនិត្យរមណីយដ្ឋាន និងការចងក្រងឯកសារនៃអំពើចោរកម្មក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Patrick Murphy បានឱ្យដឹងថា អ្នកជំនាញជនជាតិអាមេរិក ដែលបានមកផ្ដល់ការបណ្តុះបណ្តាល គឺជាសមាជិកនៃក្រុមការងារបេតិកភណ្ឌវប្បធម៌ (CATE) ពួកគេមានមកពីទីក្រុងនានានៃសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍សំខាន់ក្នុងផ្នែកបុរាណវិទ្យា ការអនុវត្តច្បាប់ និងបេតិកភណ្ឌវប្បធម៌។ ការបណ្ដុះបណ្តាលនេះ នឹងណែនាំពីការបង្កើត និងរក្សាទុកនូវឯកសារសម្រាប់ទីតាំងអភិរក្ស និងសម្រាប់ តាមដាននូវការអនុត្តនានា។
លោកបញ្ជាក់ថា៖ «គោលដៅគឺដើម្បីឱ្យកម្ពុជាបង្កើតបាននូវប្រព័ន្ធសារពើភណ្ឌទីតាំងថ្នាក់ជាតិ។ នៅចុងបញ្ចប់នៃសិក្ខាសាលា សិក្ខាកាមនឹងបង្កើនការយល់ដឹងស៊ីជម្រៅនូវច្បាប់នានាទាក់ទងនឹងការការពារបេតិកភណ្ឌនៃប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំង ក្របខ័ណ្ឌច្បាប់ផងដែរ»។
លោកបន្ថែមថា សិក្ខាកាម នឹងយកចំណេះដឹងដែលពួកគេមានតាមរយៈការចុះទៅដល់ទីតាំងនៅខេត្តបន្ទាយមានជ័យ ជាទីតាំងមួយនៅកម្ពុជា ដែលងាយរងនឹងសកម្មភាពខុសច្បាប់បំផុត។ វគ្គបណ្តុះបណ្តាល នឹងជួយជំរុញនូវកិច្ចសហការរវាងអ្នកមានអាជីពក្នុងផ្នែកបេតិកភណ្ឌ លើសពីនេះ នឹងរៀនសូត្រពីការសហការចែករំលែកព័ត៌មានផងដែរ។
លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា វត្ថុបុរាណខ្មែររាប់រយដែលជាធាតុសំខាន់នៃស្ថាបត្យកម្ម និងស្នាដៃសិល្បៈកម្ពុជា ត្រូវបានគេលួច និងយកទៅដាក់លក់នៅទីផ្សារអន្តរជាតិជាច្រើនឆ្នាំមកនេះប្រទេសកម្ពុជាក៏បានធ្វើការងារទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់ ហើយកម្ពុជាក៏ជាប្រទេសដំបូងក្នងតំបន់អាស៊ីដែលបានធ្វើសច្ចាប័នលើអនុសញ្ញាឆ្នាំ ១៩៧០ របស់អង្គការយូណេស្កូ ក្នុងការទប់ស្កាត់ និងជួញដូរវត្ថុបុរាណខុសច្បាប់។
លោកស្រីថ្លែងថា៖ «នៅក្នុងកម្រិតថ្នាក់ជាតិរដ្ឋាភិបាលរបស់យើងក៏បានអនុវត្តច្បាប់ទាក់ទងនឹងការការពារបេតិកភណ្ឌ ហើយតាមរយៈក្របខ័ណ្ឌនេះយើងគិតថាជាចំណុច ១ សំខាន់ក្នុងការទប់ស្កាត់កុំឱ្យមានការបាត់បង់បន្ថែមទៀត។ យើងឃើញថា ថ្វីបើយើងមានការខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប៉ុន្តែការលួចលក់ដូរ និងបំផ្លិចបំផ្លាញវត្ថុបុរាណនៅតែមាន»។
លោក ហេង កំសាន្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា គោលដៅនៃការបណ្តុះបណ្តាលនេះ ទី១ ដើម្បីពង្រឹងឱ្យយល់កាន់តែច្បាស់អំពីច្បាប់ការពារបេតិកភណ្ឌ កិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗទៀតក្នុងការគ្រប់គ្រងនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងរៀនបន្ថែមអំពីការស៊ើបអង្កេត និងវិធីសាស្ត្រនៃការចងក្រងឯកសារ ហើយយើងនឹងរៀនអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងការអនុវត្តច្បាប់ និងការសិក្សាមួយចំនួនទាក់ទងនឹងការចុះបញ្ជីសារពើភណ្ឌជាមួយសារមន្ទីរ និងដៃគូផ្សេងទៀត»។
លោកស្រី Catherine Foster នាយិកាប្រតិបត្តិ គណៈកម្មាធិការសម្របសម្រួលបេតិកភណ្ឌវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ថ្លែងថា ការទប់ស្កាត់ការជួញដូរវត្ថុបុរាណជាការងារសំខាន់របស់ទូតអាមេរិក។ ក្នុងសន្និបាតលើកទី ១៦ របស់សហរដ្ឋអាមេរិកក៏បានជជែកគ្នាពីប្រធានបទនេះផងដែរ គោលដៅសំខាន់គឺការពារសម្បត្តិវប្បធម៌ជាតិរបស់ប្រទេសនីមួយៗ ជាពិសេសប្រទេសនៅក្នុងជម្លោះមានប្រដាប់អាវុធជាដើម។
លោកស្រីថ្លែងថា៖ «យើងបានធ្វើការសម្របសម្រួល ធ្វើការជាមួយនឹងប៉ូលិស ជាមួយអ្នកអនុវត្តច្បាប់ រដ្ឋអំណាចពាក់ព័ន្ធ និងសារមន្ទីរផងដែរ។ដូច្នេះយើងបានធ្វើការឱ្យមានប្រសិទ្ធភាពដើម្បីរួមដៃគ្នា និងភាពជាដៃគូជាមួយនឹងសហគមន៍មូលដ្ឋានដើម្បីធ្វើការការពារវត្ថុបុរាណ»។
លោកស្រីបញ្ជាក់ថា សហគមន៍មូលដ្ឋាន ក៏ដូចជារដ្ឋាភិបាលដើរតួសំខាន់ណាស់ក្នុងការសហការគ្នាដើម្បីបំពេញការងារនេះសំដៅធ្វើការអង្កេត តាមដាន ទប់ស្កាត់ក្នុងការជួញដូរវត្ថុបុរាណខុសច្បាប់ ដើម្បីធានាសុវត្ថិភាពដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងប្រទេសទាំងមូល។ សិក្ខាសាលានេះនឹងបង្កើតនូវប្រព័ន្ធចងក្រងដើម្បីចុះបញ្ជីដើម្បីពង្រឹងបន្ថែមឱ្យសហគមន៍មូលដ្ឋានអាចតាមដាននូវករណីមានចោរកម្មផ្សេងៗទាក់ទងនិងបេតិកភណ្ឌវប្បធម៌ បន្ថែមលើនោះ អាមេរិកក៏មានទំនាក់ទំនងស្អិតរមួតជាមួយកម្ពុជាផងដែរ ក្នុងការទប់ស្កាត់ ថែរក្សា ការពារ សម្បត្តិបេតិកភណ្ឌ ដែលបានចុះអនុស្សរណៈយោគយល់គ្នាក្នុងពេលកន្លងមក៕