
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរចិននៅព្រលានយន្តហោះពីថ្ងៃទី ៧ កុម្ភៈ។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វណ្ណឌីន បានលើកឡើងថា ប្រភពនៃការឆ្លងមេរោគកូវីដ ១៩ នៅកម្ពុជា មិនអាចផ្តោតសំដៅតែលើប្រជាជនចិនតែ ១ ទេ ប៉ុន្តែត្រូវមើលជារួមនូវការធ្វើចរាចរណ៍របស់មនុស្សដែលបានចូលមកកម្ពុជា ដែលមានស្ទើរតែគ្រប់ពូជសាសន៍ទាំងអស់នាពេលបច្ចុប្បន្ន។
លោកស្រី ឱ វណ្ណឌីន ថ្លែងដូចនេះ កាលពីថ្ងៃទី ៦ ខែកុម្ភៈ បន្ទាប់ពីមានការលើកឡើងថា បន្ទាប់ពីចិនបើកប្រទេសឡើងវិញ និងបើករបាំងសូន្យកូវីដ (Zero Covid) តើឥទ្ធិពលនៃការឆ្លងកូវីដ ១៩ ដោយសារចិននេះបានមកដល់កម្ពុជាទេ ឬក៏មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ?
លោកស្រីបញ្ជាក់ថា៖ «បច្ចុប្បន្ន យើងមិនអាចសំដៅតែទៅលើសាធារណរដ្ឋប្រជាមានិតចិនបានទេ តែយើងត្រូវមើលជារួមថា ការដែលធ្វើចរាចរណ៍នៃមនុស្សដែលធ្វើដំណើរនៅលើសកលលោកនេះ មិនមែនមានតែចិនទេ គឺមានគ្រប់ពូជសាសន៍ទាំងអស់ ដូចជាមានមកពីអាមេរិក ប្រទេសខាងអឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអាស៊ី រួមនឹងប្រទេសជិតខាងយើងផងដែរ»។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា៖ «យើងមិនគួរណាផ្តោតអារម្មណ៍តែទៅលើបញ្ហាអ្នកទេសចរចិនដែលចូលមកកម្ពុជាទេ ហើយយើងទាំងអស់គ្នាដឹងហើយថា ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ នេះ គឺដោយសារការចល័តរបស់បុគ្គល ហើយការចល័តនេះមិនមែនសំដៅតែលើប្រទេសណាមួយទេ ពីព្រោះគ្រប់មនុស្សទាំងអស់ដែលគាត់ធ្វើដំណើរ គឺយើងមិនអាចដឹងថា តើគាត់មាន ឬមិនមានផ្ទុកមេរោគកូវីដ ១៩ ដែរ»។
លោកស្រីបញ្ជាក់ថា ចំណុចសំខាន់មិនត្រូវផ្តោតទៅលើប្រទេសណាឬជនជាតិណាមួយទេ តែអ្វីដែលចាំបាច់ គឺត្រូវចេះការពារខ្លួន ហើយត្រូវរក្សាឱ្យបាននូវភាពសុំារបស់បុគ្គល និងភាពសុំារបស់សហគមន៍។ នៅពេលណាដែលមានភាពសុំារឹងមាំ នោះនឹងមិនមានបញ្ហាណាមួយដែលជះឥទ្ធិពលលើវិបត្តិនៅក្នុងការដើរត្រឡប់ថយក្រោយទៅវិញនូវការផ្ទុះចេញជាទ្រង់ទ្រាយធំ ឬក្នុងសភាពណាមួយដែលធ្ងន់ធ្ងរឡើយ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ៧ ខែកុម្ភៈ កម្ពុជាបានទទួលស្វាគមន៍ការហោះហើរត្រង់មកវិញលើកដំបូងរបស់យន្តហោះអាកាសចរណ៍ Air China ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកទេសចរចំនួន ១២២ នាក់។ កាលពីថ្ងៃទី ២៧ ខែមករា កន្លងទៅកម្ពុជាក៏បានទទួលស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុដែលមានអ្នកដំណើរសរុបចំនួន ១០៤ នាក់ផងដែរ។
កាលពីដើមខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជានឹងមិនរើសអើង ហើយបើកទ្វារទទួលស្វាគមន៍ភ្ញៀវចិនជាមួយក្តីរំពឹងថា នឹងអាចទទួលបានទេសចរចិនប្រមាណ ២ លាននាក់ក្នុងឆ្នាំ ២០២៣ នេះ ខណៈប្រទេសមួយចំនួនលើពិភពលោកកំពុងស្ទាក់ស្ទើរ ឬបានដាក់ចេញវិធានការទាក់ទងនឹងការធ្វើដំណើររបស់ជនជាតិចិន ដោយបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ ឡើងវិញនៅក្នុងប្រទេសចិន។
សូមរំឭកផងដែរថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញដល់សិស្សានុសិស្សនៅភ្នំពេញ បានចាប់ផ្តើម កាលពីថ្ងៃទី ៦ កុម្ភៈ ដែលយុទ្ធនាការនេះមានរយៈពេល ២៧ ថ្ងៃ ដោយមានការចូលរួមជួយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «យុវជនសម្តេចតេជោ (TYDA)» ចំនួន ៣២ ក្រុមដែលនឹងត្រូវចាក់វ៉ាក់សាំងជូនសិស្សានុសិស្សចំនួន ២៣៩ ៨៦៣ នាក់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៦ ខែកុម្ភៈ អត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៦ មានចំនួន ជិត ២០ ម៉ឺននាក់។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជានៅពេលនេះឈានដល់ការចាក់ដូសជំរុញ ដូសទី៦ ហើយ ហើយបន្ទាប់ពីដូសទី៦ នេះទៅ លោកនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះជាប្រចាំ (Routine) ផងដែរ។
បុគ្គលដែលបានចាក់ដូសទី៦ រួច បន្ទាប់ពី ៦ ខែឡើងទៅ ពួកគាត់អាចស្វែងរកការចាក់វ៉ាក់សាំងទៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានដូចទៅនឹងការចាក់វ៉ាក់សាំងការពារផ្តាសាយដែលត្រូវចាក់ ១ ឆ្នាំម្តងៗផងដែរ៕