ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផល ត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល និងត្រូវជំរុញវារីវប្បកម្ម ការកែច្នៃ និងលើកទឹកចិត្តដល់វិស័យឯកជន ព្រមទាំងត្រូវពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ។
លោក ឌិត ទីណា បានធ្វើការជំរុញបែបនេះក្នុងពេលចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារវិស័យជលផលឆ្នាំ ២០២២ និងលើកទិសដៅការងារ ២០២៣ នៅទីស្តីការក្រសួងកសិកម្មកាលពីព្រឹកថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២៣។
តាមការផ្សាយលើគេហទំព័រក្រសួងកសិកម្ម នៅថ្ងៃទី ៧ ខែកុម្ភៈ បានបញ្ជាក់ថា៖ «ទន្ទឹមនឹងលទ្ធផលការងារដ៏ល្អប្រសើរដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផល គឺទី១ ត្រូវពង្រឹងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ទី២ ត្រូវជំរុញវារីវប្បកម្ម ការកែច្នៃ និងការលើកទឹកចិត្តដល់វិស័យឯកជន និងទី៣ គឺត្រូវពង្រឹងសហគមន៍នេសាទ និងការផ្លាស់ប្តូរមុខរបរប្រជានេសាទ»។
ប្រភពដដែលបន្តថា ទន្ទឹមនឹងនោះ លោករដ្ឋ មន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមអំពីការធានានូវសន្តិសុខស្បៀង និងឧត្តមភាពនៃផលិត ផល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ លើការងារ អនាម័យ ភូតគាមអនាម័យ SPS និងជួយគាំទ្រដល់វិស័យឯកជន ដើម្បីសម្របសម្រួលដល់ការនាំចេញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំនាញចាំបាច់ ត្រូវកសាងទំនុកចិត្តដល់ប្រជាជន។
ក្រសួងកសិកម្មបញ្ជាក់ទៀតថា៖ «ឯកឧត្តមបានណែនាំដល់មន្ដ្រីទាំងអស់ ឱ្យធ្វើការប្រកបដោយវិចារណញ្ញាណ ដោយត្រូវដឹងថា យើងកំពុងធ្វើអ្វី? ដើម្បីអ្វី? ដើម្បីនរណា? ហើយអ្វីទៅដែលជាគោលដៅរបស់យើង?»។
ជាមួយគ្នានេះលោក ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ ២០២២ កន្លងទៅតាមតួនាទីភារកិច្ច ទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការសហការ និងគាំទ្រចាំបាច់ដល់ការអនុវត្តការងាររបស់រដ្ឋបាលជលផលក្នុងបុព្វហេតុអភិរក្សនិងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព។
ប្រភពដដែលបានឱ្យដឹងទៀតថា តាមស្ថិតិ វារីវប្បកម្មគឺការចិញ្ចឹមត្រីអនុវត្តបាន ៣៣០ ៦០០ តោន ស្មើនឹង ៩១,៨៣% ការភ្ញាស់ពូជកូនត្រីបាន ២៨៣ ៥០០ ០០០ កូនស្មើនឹង ៩៤,៥% ការចិញ្ចឹមក្រពើបាន ៣៩១ ៤១៤ ក្បាលស្មើនឹង ១៣០,៤៧% បង្កើតបណ្តុំវារីវប្បកម្មបាន ៣៣១ កន្លែង មានសមាជិក ១០ ៨០៦ នាក់ និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានបានចំនួន ៨ កន្លែង។ ចំពោះការនាំចេញផលនេសាទបានចំនួន ៨ ០០០ តោន ដែលបានចំណូលសរុបជាង ៣៧០ លានរៀល។
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជា បានគាំទ្រចំពោះការណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងការជំរុញការគ្រប់គ្រងនិងអភិរក្សធនធានជលផល និងជំរុញវារីវប្បកម្ម ។
លោកថ្លែងថា៖ «ជាការល្អហើយដែលឯកឧត្តមរដ្ឋមន្ត្រីថ្មីគាត់មានគោលនយោបាយថ្មី ហើយមានវិធានការថ្មីលើកទឹកចិត្តប្រជាពលរដ្ឋ ហើយយើងក្នុងនាមសមាគមវារីវប្បករសប្បាយរីករាយ ព្រោះធម្មតាជាជំហានៗខ្ញុំជឿថា ប្រែមុខមាត់ថ្មីដែលបានរដ្ឋមន្ត្រីថ្មីគាត់ថាអីគាត់ធ្វើហ្នឹង ខ្ញុំសង្កេតឃើញសកម្មភាពគាត់»។
លោករ៉ាដែនលើកឡើងថា វារីវប្បករមានវិបត្តិច្រើនដោយសារបញ្ហាកូវីដ ១៩ ផង និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផង ហើយតម្លៃទំនិញផ្សេងៗឡើងថ្លៃ ដែលជាផ្នែក ១ ធ្វើឱ្យតម្លៃផលិតកម្មក៏ឡើងថ្លៃផងដែរ នាំឱ្យមានការ ពិបាកក្នុងការផលិត។ ជាមួយគ្នានេះលោក សុខ រ៉ាដែន រំពឹងថា លោកឌិត ទីណា នឹងជួយធ្វើយ៉ាងណាឱ្យមានការចុះការប្រាក់ធនាគារចំពោះអ្នកចិញ្ចឹមត្រី និងអ្នកធ្វើកសិកម្មពិតប្រាកដ។
លោក ស៊ីន សុវណ្ណារ៉ា ប្រធានសហគមន៍នេសាទស្រែស្រណុកសាមគ្គី នៅខេត្តស្ទឹងត្រែង បានថ្លែងនៅថ្ងៃទី ៧ ខែកុម្ភៈថា ការគ្រប់គ្រងនិងអភិរក្សធនធានជលផល ខាងសហគមន៍នៅមានភាពទន់ខ្សោយ ដោយសារខ្វះដៃគូជំនួយ និងធនធាន។ ចំណែកការជួយអន្តរាគមន៍ពីខាងមន្ត្រីជំនាញជលផលថ្វីបើមានភាពសកម្មប៉ុន្តែកម្លាំងតិចហើយពេលខ្លះមកមិនទាន់ពេលដោយសារមមាញឹកការងារខ្លាំង ហេតុនេះការគ្រប់គ្រងមិនអាចក្តោបជុំបាន។
ជាមួយគ្នានោះ លោក សុវណ្ណារ៉ា លើកឡើងថា អ្នកនេសាទខុសច្បាប់មួយចំនួនជាអ្នកចំណូលថ្មីមកពីស្រុកផ្សេង មានការពិបាក ក្នុងការចុះណែនាំ និងបង្ក្រាប ព្រោះអ្នកទាំងនោះមានការខ្លាចរអានិងគោរពច្បាប់តែពេលមន្ត្រីជំ នាញចុះត្រួតពិនិត្យប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកសង្ឃឹមថា សហគមន៍នឹងមានថាមពលគ្រប់គ្រាន់នៅពេលមានជំនួយធនធានផ្សេងៗ ជួយដល់ប្រជា សហគមន៍ក្នុងការចុះបំពេញ ការងារអភិរក្សជលផល។
លោកថ្លែងថា៖ «ថ្ងៃណាដែលយើងមានការរួមសាមគ្គី មានទាំងខាងជលផលចុះមក គេខ្លាច ១ ថ្ងៃហ្នឹងអ៊ីចឹងទៅពេលមន្ត្រីជលផលទៅវិញបាត់ គាត់លែងខ្លាច ពេលសហគមន៍ចុះទៅ គាត់ប្រមាថ រកកាប់រកចាក់ទៀតនោះ ហើយជលផលធម្មតា ១ ខេត្តគាត់ម៉េចត្រូវចុះមកខាងយើងរាល់ថ្ងៃ គាត់មិនទៅនេះទៅនោះរកពេលទំនេរមិនបានផង»៕