
លោក ស ខេង ចាប់ដៃជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី កាលពីថ្ងៃទី ៦ ខែកុម្ភៈ។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់ទុកសមិទ្ធផល ជាតិសំខាន់ៗលើការអភិវឌ្ឍសង្គម ជាច្រើន រួមនឹងការបោះឆ្នោតនាពេលកន្លងមក ដែលកម្ពុជាសម្រេចបាន ជាសមិទ្ធផល ដែលកើតមានឡើង ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។
លោកលើកឡើងបែបនេះ ក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) នាថ្ងៃទី ៦ ខែកុម្ភៈ ដើម្បីពិភាក្សាការងារ និងលើកឡើងពីវឌ្ឍនភាពទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ជាពិសេសជុំវិញជំនួយអភិវឌ្ឍន៍នានារបស់ជប៉ុនសម្រាប់កម្ពុជា។
ក្នុងជំនួបនោះលោក ស ខេង បានស្វាគមន៍ចំពោះវត្តមាននៃឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជាពីភាគីជប៉ុន។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនតាមរយៈឯកអគ្គរាជទូតថ្មីចំពោះការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជាតាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតមកដល់សព្វថ្ងៃ។
លោក ស ខេង ថ្លែងថា៖ «សមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ៗលើការអភិវឌ្ឍសង្គម ដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីប្រវត្តិលើកកម្ពស់ទំនាក់ទំនង រវាងកម្ពុជា និងជប៉ុន រហូតសម្រេចបានជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលបច្ចុប្បន្ន បន្ទាប់ពីមានសហប្រតិបត្តិការល្អអស់ជាច្រើនទសវត្សរ៍មកនេះ។ លោកចាត់ទុកជាផែនទី ១ ដ៏មានសារៈសំខាន់ក្នុងការបន្តជំរុញដល់ការពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំង ២ កាន់តែខ្លាំងថែមទៀត។
តាមរយៈក្រសួងមហាផ្ទៃ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្រាប់លោក ស ខេង ថា លោកពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលលោកត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសមានអារ្យធម៌ល្អ និងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយជប៉ុន រហូតសម្រេចបានទំនាក់ទំនងក្របខ័ណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជប៉ុនបានចូលរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោកឯកអគ្គរាជទូតបានរៀបរាប់អំពីដំណើរការនៃគម្រោងមួយចំនួនដែលជប៉ុនបានជួយដល់កម្ពុជា រួមមាន ការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រការងារពាក់ព័ន្ធនឹងការបោះឆ្នោត តាមរយៈភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA) ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល។ គម្រោងនេះនឹងជួយគាំទ្រតាមរយៈអង្គការ UNDP និងគម្រោងពង្រឹងអភិបាលកិច្ច និងតម្លាភាព នៃរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ជាការឆ្លើយតប លោក ស ខេង បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ជប៉ុនទៅលើគម្រោងទាំងឡាយនោះ ដោយលោកបានកត់សម្គាល់លើជំនួយសំខាន់ទៅលើការជួយរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលលោកថា ជាកិច្ចការមួយដ៏មានសារៈសំខាន់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។
លោក ស ខេង សម្តែងក្តីសង្ឃឹម និងលើកឡើងថា៖ «រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រដល់ការងារទាំងនេះ ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិស្របពេលរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លើកឡើងថា ជប៉ុនមិនដែលបោះបង់ការជួយគាំទ្រដល់កម្ពុជាទេ ជាពិសេសជំនួយលើកិច្ចការទាក់ទងដំណើរការបោះឆ្នោត ក្នុងនោះមានជំនួយផ្នែកហិរញ្ញវត្ថុ សម្ភារបច្ចេកទេស។ បើទោះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជប៉ុនមិនសូវជាសកម្មដូចមុនក្តី ប៉ុន្តែជប៉ុននៅតែជួយ លើការងារអប់រំអ្នកបោះឆ្នោត ការងារផ្សព្វផ្សាយក្រោមកិច្ចសហការរបស់ (JICA)។
លោកថ្លែងថា៖ «យើងគិតថា តម្លៃដែលជប៉ុនផ្តល់ឱ្យយើងទាក់ទងការងាររៀបចំការបោះឆ្នោតនេះជាតម្លៃធំធេងមិនអាចកាត់ថ្លៃបានទេ ហើយយើងក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រដល់គ.ជ.ប.ទាំងថវិកា សម្ភារ បច្ចេកទេស និងអ្នកជំនាញការ»។
លោក សូរីដា ក៏បានអំពាវនាវជប៉ុន នៅបន្តជំនួយគាំទ្រដល់ដំណើរការបោះឆ្នោតជាតិកម្ពុជា និងគម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យតទៅទៀតនូវអ្វី ដែលជប៉ុនយល់ថា គួរជួយកម្ពុជា។ ជាពិសេសដំណើរការទំនើបកម្មឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ដែល គ.ជ.ប.កំពុងដាក់ឱ្យដំណើរការ ដើម្បីគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពបន្ថែមលើការងារដោយដៃ។ លោកក៏បានស្នើឱ្យជប៉ុនពិចារណាជួយគាំទ្រលើដំណើរការនេះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស (ADHOC) និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លើកឡើងថា ជប៉ុនតែងតែជាម្ចាស់ជំនួយគាំទ្រលើការងារអភិវឌ្ឍកម្ពុជាសឹងតែគ្រប់វិស័យ។ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ជប៉ុនបានជួយសម្របសម្រួលកិច្ចប្រជុំ រវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងមហាផ្ទៃ ព្រមទាំងដំណើរការបច្ចេកទេសលើការបោះឆ្នោតជាដើម។ ភាគច្រើនជំនួយរបស់ជប៉ុនមកលើកម្ពុជាជាជំនួយក្នុងឥរិយាបថទន់ភ្លន់ ដែលខុសពីបស្ចិមលោក ដែលផ្តោតលើបញ្ហាសិទ្ធិមនុស្ស ការបញ្ចេញមតិ៕