
លោក នេត សាវឿន ក្នុងជំនួបរវាងលោក លី ស៊ាងមីង កាលពីថ្ងៃទី ៦ ខែកុម្ភៈ។ រូបថត នគរបាល
ភ្នំពេញៈ ចិនសន្យាជួយគាំទ្រនគរបាលកម្ពុជាក្នុងកិច្ចការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម ក្នុងព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងការបោះឆ្នោតជាតិ ព្រមទាំងជំរុញការសាងសង់ទីបញ្ជាការអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យបានចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខ។
ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក លី ស៊ាងមីង (Li Xiang Ming) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី ៦ ខែកុម្ភៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ភាគីទាំង ២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលជាតិចិន ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហោះសារក្នុងហ្វេសប៊ុកនាថ្ងៃទី ៦ ខែកុម្ភៈថា លោក Li Xiang Ming បានកោតសរសើរដល់នគរបាលកម្ពុជាដែលបានដឹកនាំអនុវត្តផែនការការពារក្នុងព្រឹត្តិការណ៍សំខាន់ៗជាក់ស្តែងដូចជាកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយរក្សាបាននូវសុវត្ថិភាពទាំងស្រុងជូនគ្រប់គណៈប្រតិភូចូលរួម។
ហ្វេសប៊ុកដដែលបន្តថា លោក Li Xiang Ming បានគាំទ្រចំពោះការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំង ២។ «ភាគីចិនក៏សន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសកិច្ចការការពារព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដូចជាការប្រកួតកីឡា SEA GAMES លើកទី ៣២ និងកីឡាជនពិការ ASEAN PARA GAMES លើកទី ១២ ឆ្នាំ ២០២៣ និងការបោះឆ្នោតជាតិ ព្រមទាំងជំរុញការសាងសង់ទីបញ្ជាការអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យបានចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ»។
ប្រភពដដែលបន្តថា ភាគីចិន ក៏បានឯកភាពក្នុងការបណ្តុះបណ្តាលគ្រូបង្គោលកម្ពុជារយៈពេលវែង លើការងារជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យឌីអិនអេ (DNA) និងជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយធ្វើការបញ្ជូនគ្រូបង្គោលកម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសចិន និងត្រឡប់មកបណ្តុះបណ្តាលដល់នគរបាលនៅប្រទេសកម្ពុជាវិញ។
ក្នុងជំនួបនេះលោក នេត សាវឿន បានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលទទួលបាន តាមរយៈកិច្ចសហការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិចិន និងភាពរីកចម្រើនរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។
លោកបានអរគុណដល់ភាគីរដ្ឋាភិបាលចិន ដែលក្នុងរយៈកាលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់នគរបាលកម្ពុជាទាំងឧបករណ៍ និងមធ្យោបាយសម្ភារបម្រើឱ្យកិច្ចប្រតិបត្តិការ ការបណ្តុះបណ្តាលកសាងធនធានមនុស្ស និងការជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោក នេត សាវឿន លើកឡើងថា ភាគីចិន និងកម្ពុជាបានសហការគ្នាបានល្អក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានាកន្លងមកដោយបានកាត់បន្ថយបទល្មើសបានយ៉ាងច្រើនពិសេសបទល្មើសហ្គេមអនឡាញ។
ហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា នគរបាលកម្ពុជា និងនគរបាលចិនបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែប្រសើរថែមទៀត ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាម MoU រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងចិនត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំង ២ យកចិត្តទុកដាក់ពង្រឹងបន្ថែម។ ចិនគឺជាម្ចាស់ជំនួយធំបំផុតក្នុងការកសាងហេដ្ឋារចនានានារួមទាំងការជួយកសាងបញ្ជាការដ្ឋានវិទ្យាស្ថានយោធាផ្សេងៗ និងការហ្វឹកហ្វឺនដល់កងទ័ព និងនគរបាលកម្ពុជាក្នុងន័យជំរុញការកសាងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាសន្តិសុខជាតិបានទាន់ពេលវេលា។
លោក ម៉េងដាវិត ថា៖ «ការជួយជាបរិក្ខារ ហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់កម្ពុជាសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអន្តរជាតិនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងជួយនគរបាលកម្ពុជាឱ្យទទួលបានបទពិសោធន៍ កសាងសមត្ថភាព និងបច្ចេកទេសក្នុងកិច្ចការពារសន្តិសុខ និងស្ថិរភាពសង្គមនៅព្រឹត្តិការណ៍ធំៗលើកក្រោយទៀត»៕