
លោកវេជ្ជបណ្ឌិត ធា គ្រុយ ថ្លែងនាពេលកន្លងទៅ។ រូបថត គណៈគ្រូពេទ្យកម្ពុជា
ភ្នំពេញៈ គណៈគ្រូពេទ្យកម្ពុជាបានអំពាវនាវទៅដល់គ្រូពេទ្យប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ ដែលមិនទាន់បានចុះបញ្ជីនិងស្នើសុំអាជ្ញាប័ណ្ណត្រូវមកស្នើសុំអាជ្ញាប័ណ្ណនៅការិយាល័យគណៈគ្រូពេទ្យរាជធានី-ខេត្តក្នុងឆ្នាំនេះ ហើយបានអះអាងថា នឹងលើកលែងការបង់ភាគទានជំពាក់។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត ធា គ្រុយ ចុះថ្ងៃទី ១៣ ខែមករា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកធា គ្រុយ បានលើកឡើងក្នុងលិខិតនេះថា ដើម្បីលើកទឹកចិត្តដល់ការគោរពច្បាប់ និងជំរុញឱ្យក្រុមគ្រូពេទ្យ ដែលកំពុងប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រដោយមិនមានអាជ្ញាប័ណ្ណមកចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណវេជ្ជសាស្ត្រនៅការិយាល័យរបស់គណៈគ្រូពេទ្យរាជធានី-ខេត្តសាមី ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិធ្វើការលើកលែងការបង់ភាគទានជំពាក់សម្រាប់គ្រូពេទ្យដែលមកចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណ ឆ្នាំ ២០២៣។
លោកបានបញ្ជាក់ថា៖ «ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី/ខេត្តទាំងអស់មេត្តាកៀរគរគ្រូពេទ្យដែលមិនបានធ្វើអាជ្ញាប័ណ្ណ និងគ្រូពេទ្យដែលមិនទាន់បានចុះបញ្ជី សូមមករួសរាន់បំពេញកាតព្វកិច្ចរបស់ខ្លួន ដោយលើកលែងការបង់ពិន័យថយក្រោយ ហើយចំពោះគ្រូពេទ្យទាំងអស់ដែលមិនទាន់បានចុះបញ្ជីនៅគណៈគ្រូពេទ្យគឺហាមដាច់ខាតមិនឱ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ»។
គ្រូពេទ្យដែលបានមកចុះបញ្ជីនៅគណៈគ្រូពេទ្យ និងបន្ដអាជ្ញាប័ណ្ណទើបអាចធានាបានថាជាគ្រូពេទ្យពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់។
យ៉ាងណាក្ដី បើតាមសេចក្តីជូនដំណឹងដដែល ការអនុគ្រោះនេះមិនលើកលែងការទទួលទោសពីអាជ្ញាធរដូចមានចែងក្នុងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលត្រង់មាត្រា ២៨ ឡើយ ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៥ លានរៀលចំពោះអ្នកមានវិជ្ជាជីវៈសុខាភិបាលដែលប្រកបរបរនេះដោយគ្មានអាជ្ញាប័ណ្ណ។
មួយវិញទៀតការអនុគ្រោះនេះអនុវត្តសម្រាប់តែឆ្នាំ ២០២៣ ប៉ុណ្ណោះហើយចាប់ពីឆ្នាំ ២០២៤ ទៅក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មិនធ្វើអន្តរាគមន៍ឱ្យមានការបន្ធូរបន្ថយអ្វីទៀតឡើយ។
ទាក់ទងនឹងវិស័យសុខាភិបាលនេះដែរក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ពីថ្ងៃទី ៣ ខែកុម្ភៈ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ បានជោគជ័យ។
យោងតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងថា៖ «លោក Williams បានពិភាក្សាពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះវិស័យសុខាភិបាលកម្ពុជា និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា»។
នាឱកាសនោះដែរ លោក ម៉ម ប៊ុនហេង ក៏បានស្វាគមន៍លោក Dominic Williams និងរាជរដ្ឋាភិបាលអង់គ្លេសផងដែរដែលតែងតែជួយវិស័យសុខាភិបាលកម្ពុជាតាំងពីកម្មវិធីកំណែទម្រង់វិស័យសុខាភិបាលរហូតមក ពិសេសក្នុងពេលមានការឆ្លងរាលដាលជំងឺកូវីដ ១៩។
សូមរំឭកផងដែរថា កាលពីខែសីហា ឆ្នាំ ២០២១ អង់គ្លេសបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដល់កម្ពុជា ៤១៥ ០០០ ដូស ដែលជាជំនួយសប្បុរសធម៌៕