
សកម្មភាពធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមានម្នាក់ តែមិនមានអ្នកស្លាប់ថ្មីដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៨ ខែកុម្ភៈ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២ នាក់បន្ថែមទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ទាំងអស់ មិនមែនជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេសនោះទេ។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មីម្នាក់ និងគ្មានអ្នកស្លាប់ថ្មីឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧០០ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៣៦ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៧២ នាក់៕