
អភិបាលស្រុកបសេដ្ឋដែលត្រូវបានស្នើសុំដកតំណែង ។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈថា គណៈបញ្ជាការឯកភាពខេត្តបានសម្រេចស្នើសុំដកតំណែងអភិបាលស្រុកបសេដ្ឋហើយ កាលពីពេលថ្មីៗនេះ ប៉ុន្តែលោកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយ ខណៈករណីអភិបាលស្រុករូបនេះក៏កំពុងស្ថិតក្នុងការស្រាវជ្រាវបន្តផងដែរ។
លោកថ្លែងថា៖ «យើងពិតជាបានស្នើសុំដកតំណែងអភិបាលស្រុកបសេដ្ឋ [លោក ឈឺន សុធន] ពិប្រាកដមែន ប៉ុន្តែនៅមិនទាន់អាច បញ្ជាក់មូលហេតុបាននៅឡើយទេចាំមានឯកសារច្បាស់លាស់ជាផ្លូវការសិន»។
លោក វ៉ី សំណាង បានឱ្យដឹងថា អភិបាលស្រុកថ្មីនៃស្រុកបសេដ្ឋនឹងត្រូវឡើងកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងត្រូវជ្រើសរើសចេញពីអភិបាលរងនៃគណៈភិបាលស្រុកដែលកំពុងបម្រើការនៅទីនោះ។ លោកថា ខណៈពេលអភិបាលស្រុកថ្មីនៅមិនទាន់មានការសម្រេចច្បាស់លាស់ក្នុងការកាន់កាប់មុខតំណែងនេះ រដ្ឋបាលខេត្តបានដាក់ឱ្យអភិបាលស្រុកដែលនឹងត្រូវបញ្ចប់តំណែងនោះបន្តកាន់កាប់ការងារបណ្តោះអាសន្នសិន។
យ៉ាងណាក្ដី លោកអភិបាលខេត្ត ក៏មិនបានបញ្ជាក់ច្បាស់ទេថា អភិបាលរងស្រុកបសេដ្ឋដែលនឹងឡើងកាន់តំណែងថ្មីនោះ ជាអភិបាលរងស្រុករូបណាដែរ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានផ្ញើលិខិតទៅអភិបាលស្រុកបសេដ្ឋដើម្បីសុំឱ្យផ្អាកសកម្មភាពចំនួន ២ គឺ ទី១ សុំផ្អាកសកម្មភាពអនុញ្ញាតឱ្យលោកស្រី វន់ ឈើរិនគីអានសាយណាវ ក្នុងការប្រមូលទិញដីដោយខុសច្បាប់ និងទី២ ស្នើសុំឱ្យ លោក ស៊ិន សារុន នាយករដ្ឋបាលស្រុកបញ្ឈប់សកម្មភាពបើកទឹកបង្គោកទឹកអាង និងប្រគល់ដៃម៉ារ៉ាវេន [ឧបករណ៍រវៃម៉ាស៊ីន] មកសាលាស្រុកបសេដ្ឋវក្សាទុកវិញ។ ប្រសិនបើអភិបាលស្រុកមិនព្រមបញ្ឈប់សកម្មភាពទាំង ២ នេះទេ ACU នឹងស្នើសុំផ្អាកជាបណ្តោះអាសន្នមុខងាររបស់អភិបាលស្រុក។
លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈថា អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តការងារស៊ើបអង្កេតបញ្ហាទិញលក់ដីដែលអាចជាដីសាធារណៈរបស់រដ្ឋនៅស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ នៅមិនទាន់អាចបញ្ជាក់ប្រាប់ព័ត៌មានលម្អិតជុំវិញរឿងនេះបានទេ។
លោកថា កន្លងមក ដើម្បីកុំឱ្យប៉ះពាល់ដល់ការងាររបស់អង្គភាពក្នុងការស៊ើបអង្កេតបញ្ហាដីធ្លីនៅទីនោះ ទើបអង្គភាពធ្វើការជូនដំណឹងទៅគណៈអភិបាលស្រុកបសេដ្ឋ ក៏ដូចជានាយករដ្ឋបាលស្រុកឱ្យបញ្ឈប់សកម្មភាពទិញលក់ដីនៅទីនោះ។
លោក សៅ រិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលស្រុកបសេដ្ឋ បានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈថា លោកមិនបានទទួលព័ត៌មានច្បាស់ថា មានចំណុចណា ឬឯកសារបញ្ជាក់ណាខ្លះដែលថ្នាក់លើដាក់បន្ទុកក្នុងការបញ្ចប់មុខតំណែងលោក លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋនោះទេ គឺធ្លាប់មានតែលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ១ ប៉ុណ្ណោះក្នុងពេលកន្លងមក។
លោកបានឱ្យដឹងទៀតថា បញ្ហាទិញលក់ដីសាធារណៈរបស់រដ្ឋនៅស្រុកបសេដ្ឋមានភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីរដ្ឋបាលស្រុកបានចេញលិខិតផ្លូវការបញ្ឈប់សកម្មភាពបម្រើដល់ការទិញលក់ដីក្នុងពេលកន្លងមក តាមការណែនាំរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយបច្ចុប្បន្នក៏មិនមានសកម្មភាពអ្វីថ្មីដែរ។
លោកថ្លែងថា៖ «បញ្ហាដីធ្លីនៅស្រុកបសេដ្ឋមានភាពស្ងប់ស្ងាត់ទៅវិញហើយ យើងមើលឃើញថា អ្នកដែលពាក់ព័ន្ធដើរប្រមូលទិញឬក៏ដូចជាអ្នកដែលពាក់ព័ន្ធលក់ទិញអីហ្នឹងក៏មានការស្ងប់ស្ងាត់អស់ហើយដែរ ហើយកន្លងទៅរដ្ឋបាលស្រុកក៏បានចេញលិខិតផ្លូវការផ្អាកសកម្មភាពទៅលើអ្នកពាក់ព័ន្ធផងដែរ»។
លោក សៅ រិទ្ធ បានឱ្យដឹងទៀតថា តាមព័ត៌មានដែលលោកបានដឹងគឺលោក សំអឿន សុបញ្ញា អភិបាលរងស្រុកបសេដ្ឋបច្ចុបន្នអាចនឹងត្រូវបានឡើងកាន់តំណែងថ្មីជាភិបាលស្រុក ប៉ុន្តែយ៉ាងណាក្ដី លោកក៏នៅមិនទាន់បានទទួលព័ត៌មានច្បាស់លាស់ និងមិនទាន់ឃើញមានលិខិតតែតាំងផ្លូវការនៅឡើយ។ លោកថាតាមការកត់សម្គាល់របស់លោកជាក់ស្តែងដែលធ្វើកំពុងធ្វើការងារនៅទីនោះឃើញថា អភិបាលរងស្រុករូបនេះ មានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលអាចកាន់មុខតំណែងនេះបាន។
បើតាមលោក សៅ រិទ្ធ អាងចំនួន ២ គឺ ទី១ អាងទំនប់តានួន មានទីតាំងនៅភូមិតានួន ឃុំពោធិ៍ម្រាល និងទី២ គឺអាងទំនប់តាដែងស្ថិតក្នុងភូមិតាដែង ឃុំពោធិ៍ម្រាល នៃស្រុកសេដ្ឋ មានទំហំប្រមាណ ១៦០ ហិកតា ជាអាងដែលប្រជាជនអាស្រ័យផលប្រើប្រាស់សម្រាប់នេសាទត្រី ដកព្រលឹត យកទឹកធ្វើស្រែប្រាំង និងយកទឹកប្រើប្រាស់ផ្សេងៗ ត្រូវបានគេលួចបោះបង្គោលពង្រីកយកដីលក់ទិញដោយខុសច្បាប់ ប៉ុន្តែរដ្ឋបាលស្រុកមិនបានដឹងថា គេទិញលក់អស់ចំនួនប៉ុន្មានហិកតានោះទេ៕