​សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា លោក សាយ សំ​អាល់ បាន​ជំរុញ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អាស៊ី ប៉ាស៊ីហ្វិក និង​ដៃគូ​ឱ្យមាន​កិច្ចសហការ​ជាស​កល​ក្នុងការ​ដោះស្រាយ​បញ្ហា​កាកសំណល់​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ផ្ទេរ​បច្ចេកទេស​ពី​ប្រទេស​ជឿនលឿន​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

​ការជំរុញ​នេះ​ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា​តំណាង​ដោយ​ក្រសួងបរិស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ ​«​វេទិកា​ថ្នាក់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​លើក​ទី​១១ ស្តីពី​ 3R​ និង​សេដ្ឋកិច្ច​ច​ក្រា​» ក្រោម​ប្រធានបទ «​សមាហរណកម្ម​សេដ្ឋកិច្ច​ច​ក្រា​ទៅក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ឆ្ពោះទៅ​សម្រេចបាន​សង្គម​គ្មាន​សំណល់ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១០ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នៅ​ខេត្តសៀមរាប ដោយមាន​គណៈប្រតិភូ​ជាតិ និង​អន្តរ​ជាតិប្រមាណ​ ៥០០ ​រូប​ចូលរួម ក្រោម​កិច្ចសហការ​រៀបចំ​ពី​ក្រសួងបរិស្ថាន​ជប៉ុន និង​មជ្ឈមណ្ឌល​សហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​តំបន់ ​(UNCRD)​។

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ថ្លែងថា ខណៈ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​តំបន់​មួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​នៃ​ពិភពលោក ប៉ុន្តែ​កាកសំណល់​នៅតែ​កើនឡើង​ច្រើន រួមទាំង​ប្លា​ស្ទិ​ក​ផងដែរ ដែល​តម្រូវឱ្យ​មានការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

​លោក​បាន​បន្តថា វេទិកា​ក្រោម​ប្រធានបទ “​សមាហរណកម្ម​សេដ្ឋកិច្ច​ច​ក្រា​ទៅក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ឆ្ពោះទៅ​សម្រេចបាន​សង្គម​គ្មាន​សំណល់​និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​”​ គឺ​ធ្វើបាន​ទាន់ពេលវេលា ហើយ​យើង​កំពុងតែ​ព្យាយាម​ស្តារឡើងវិញ​ពី​វិបត្តិ​កូ​វីដ​ ១៩ ដែល​នេះ​គឺជា​ឱកាសល្អ​សម្រាប់​គ្រប់ភាគី​ធ្វើការ​ពិភាក្សា​ចែករំលែក​បទពិសោធន៍ ព្រមទាំង​ការយល់ឃើញ​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​វាយតម្លៃ​លើ​ជម្រើស​ដ៏​សំខាន់ៗ​។

​លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​កាកសំណល់ មិនមែនជា​ការងារ​ងា​យ​ស្រួល​ទេ សម្រាប់​យើង ប៉ុន្តែ​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​អត្ថប្រយោជន៍​របស់​មនុស្ស​ធម៌​ទាំងមូល ហើយ​វា​គឺជា​ស្វាគមន៍​ដែល​វិស័យ​ឯកជន​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​មាន​ឆន្ទៈ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​នៅក្នុង​ដំណើរការ​បដិវត្ត​ន៍ក​ម្ម​ក្នុង​ការបង្កើត​នូវ​ការវិនិយោគ​បច្ចេកទេស ហើយ​នវានុវត្តន៍​សមស្រប​ដើម្បី​បរិស្ថាន​»​។​

​នាឱកាស​នោះ លោក សាយ សំ​អាល់ បាន​ជំរុញ​ដល់​អង្គពិធី​ទាំងមូល​ត្រូវមាន​កិច្ចសហការ​ជាស​កល ព្រមទាំង​ផ្ទេរ​បច្ចេកវិទ្យា​ពី​ប្រទេស​ជឿនលឿន​ដល់​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​តិចតួច​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​ឱ្យមាន​ប្រសិទ្ធភាព​។

​លោក​ថា​៖ «​សម្រាប់​ការធ្វើ​បដិវត្តន៍​កម្ម​ធ្វើឱ្យ​សង្គម​ពុំមាន​កាកសំណល់​ពិត​ជាមាន​សារៈសំខាន់ ហើយ​អ្វីដែល​យើង​ត្រូវការ​គឺ​សាមគ្គី​ភាពជា​សកល និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​»​។

​លោក​បានបង្ហាញ​ជំហរ​ថា សម្រាប់​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ចាប់ដៃ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​មនុស្សធម៌ ក្នុង​គោលដៅ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ក្នុង​តំបន់ និង​ពិភពលោក​ផ្នែក​បរិស្ថាន​។

លោក​ថា​៖ «​ប្រទេស​កម្ពុជា​បានធ្វើការ​ប្រឹងប្រែង​ជាច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ហើយ​យើង​ក៏​ធ្វើការ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​យើង​ហើយ​បានធ្វើការ​យ៉ាងសកម្ម​រួមទាំង​នៅក្នុង​ប្រទេស​និង​លក្ខណៈ​អន្តរជាតិ ហើយ​យើង​បានកំណត់​នូវ​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​អព្យាក្រឹត​កា​បោ​ន ព្រមទាំង​កំណើន​បៃតង​ផងដែរ​»​។​

លោក សាយ សំអាល់ នៅក្នុងវេទិកាពីថ្ងៃទី ៨ កុម្ភៈ។ រូបថត រ៉ាស់ហ៊ីម

​រីឯ​អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជប៉ុន លោក Shigeki Kobayashi ក៏បាន​ថ្លែង​ដែរ​ថា តាមរយៈ​វេទិកា​នេះ​លោក​សង្ឃឹមថា អ្នក​ទាំងអស់គ្នា​នឹង​ទទួលបាន​ការពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​និង​ដោយ​អត្ថន័យ​ក្នុងការ​គ្រប់គ្រង​ទាក់ទង​ជាមួយ​កាកសំណល់​ដែលជា​បញ្ហា​មួយ​សំខាន់​នៅក្នុង​តំបន់​របស់​យើង​ក៏ដូចជា​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។​

​លោក​ថា​៖«​យើង​ក៏មាន​ក្របខ័ណ្ឌ​មួយចំនួន​ក្នុងការ​គ្រប់គ្រង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ពង្រឹង​កាកសំណល់ និង​ការដឹកជញ្ជូន​ក៏ដូចជា​បច្ចេកវិទ្យា​។​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន​បាន​គាំទ្រ​ទៅលើ​ការកែលម្អ និង​ការគ្រប់គ្រង​កាកសំណល់​ជាច្រើន​នៅក្នុង​តំបន់​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការសម្របសម្រួល និង​ការផ្លាស់ប្តូរ​ក្នុងការ​រៀបចំ​សេដ្ឋកិច្ច​ច​ក្រា​នៅក្នុង​ប្រទេស​នីមួយៗ​»​។

​ជាមួយគ្នា​នោះ លោក​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​បង្កើត​ភាពជា​ដៃគូ​រឹងមាំ​នៅទីនេះ​ដើម្បី​ពង្រឹង​គោលការណ៍ ​3R និង​សេដ្ឋកិច្ច​ច​ក្រា​។​

​ប្រធាន​មជ្ឈមណ្ឌល​សហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ក្នុង​តំបន់ ហៅ​កាត់​ថា UNCRD​ លោក Kazushing Endo បាន​ថ្លែងថា ប្រធានបទ ឬ​មូលបទ​នៅក្នុង​វេទិកា គឺ​ការរួបរួម​សេដ្ឋកិច្ច​វិលជុំ​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​ធំៗ ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​សង្គម​ដែល​គ្មាន​កាកសំណល់​។

​លោក​ថា​៖ «​ប្រធានបទ​នេះ​មាន​លក្ខណៈ​ជាប់​ពាក់ព័ន្ធ​ក្នុង​បរិបទ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​សមូហភាព​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​រួមគ្នា​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​របៀបវារៈ​អន្តរជាតិ ក៏ដូចជា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយក៏​ដូចជា​កតិកាសញ្ញា​បរិស្ថាន និង​ឆ្ពោះទៅរក​សង្គម​ដែល​គ្មាន​កាកសំណល់​»​។​

​ប្រធាន​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោកស្រី Alissar Chaker បាន​ថ្លែងថា ទន្ទឹមនឹង​មានការ​កើនឡើង​នៃ​នគរូបនីយកម្ម ធ្វើឱ្យមាន​មនុស្ស​កាន់តែច្រើន​ធ្វើ​ចំណាកស្រុក​ពី​តំបន់​ជនបទ​ទៅកាន់​ទីក្រុង​ដែល​ធ្វើឱ្យ​ប្រឈម​ផ្នែក​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​កើតឡើង រួមទាំង​មានការ​កើនឡើង​យ៉ាងខ្លាំង​នៃ​កាកសំណល់​ផងដែរ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ជាពិសេស ការបំពុល​ប្លា​ស្ទិ​កបាន​ក្លាយទៅជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព​សាធារណៈ និង​ជីវភាព​រស់នៅ យើង​គួរតែ​ប្រើប្រាស់ និង​កាត់បន្ថយ និង​ច្នៃ​ឡើងវិញ​នូវ​សំរាម​ប្លា​ស្ទិ​ក ដូច​សេដ្ឋកិច្ច​វិលជុំ​ផងដែរ គឺ​ដើម្បី​កាត់បន្ថយ​នូវ​ការផលិត​បន្ថែម ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​តម្រូវការ​ប្លា​ស្ទិ​ក​»​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែងប្រាប់ ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុង​ខ្លឹមសារ​រួម​នៃ​ការបើក​វេទិកា​ថ្នាក់​តំបន់​នេះ គឺ​បាន​ផ្ដោតជាសំខាន់​ទៅលើ​គោលការណ៍​3R​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ការប្រើប្រាស់ និង​ការកែច្នៃ គឺ​សំដៅ​ធ្វើយ៉ាងណា​ដើម្បី​ទាញ​នូវ​សំណល់​ដែល​បាន​ប្រើប្រាស់ យកមក​កែច្នៃ​ឡើងវិញ​បង្កើត​ទៅជា​ផលិតផល​ដែលមាន​តម្លៃ សម្រាប់​ការប្រើប្រាស់ និង​មាន​លក្ខណៈ​ជា​វិលជុំ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​វេទិកា​នេះ​គេ​ផ្ដោតជាសំខាន់​ផងដែរ​ទៅលើ​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិ​កថា តើ​គេ​ត្រូវធ្វើ​យ៉ាងដូចម្ដេច​ដើម្បី​ធ្វើ​រួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​សំណល់​ទាំងអស់​ហ្នឹង ក្រៅពីនោះ​ក៏​ផ្ដោតជាសំខាន់​

​ផងដែរ ទៅលើ​ថា តើ​បណ្ដា​ប្រទេស​ទាំងអស់​ហ្នឹង ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងដូចម្ដេច​សាមគ្គីភាព​គ្នា​យ៉ាងដូចម្ដេច​ដើម្បី​គ្រប់គ្រង​បញ្ហា​នេះ​ដើម្បីឱ្យ​សង្គម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គ្មាន​កាកសំណល់​»៕