
អ្នកដំណើរជាយុវជន និងយុវនារី ឈប់ម៉ូតូ រកមើលទិញផ្កានៅមុនថ្ងៃនៃទិវា ១៤ កុម្ភៈ។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំចេញវិធានការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយដល់សិស្សគ្រប់មធ្យោបាយកុំឱ្យមានការយល់ខុសអត្ថន័យទិវានៃក្តី ស្រឡាញ់ និងពង្រឹងវិន័យ អប់រំសីលធម៌ តាមដានអវត្តមានឱ្យបានហ្មត់ចត់ដូចឆ្នាំកន្លងទៅ ប៉ុន្តែវិធានការនេះត្រូវបានអ្នកតាមដានការអភិវឌ្ឍសង្គមសង្កេតឃើញថា ហាក់មិនសូវមានប្រសិទ្ធភាពនោះទេ។
តាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៧ ខែកុម្ភៈ បានឱ្យដឹងថា ឆ្នាំនេះមិនខុសពីឆ្នាំមុនៗប៉ុន្មានទេ ក្រសួងអប់រំយុវជន និងកីឡាបានចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅពេលថ្ងៃទិវានៃ ក្ដីស្រឡាញ់ (Valentine''s Day) ជិតមកដល់។ វិធានការនេះគឺដើម្បីឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចូលរួមផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់យុវជន ក៏ដូចជាសិស្សានុសិស្សកុំឱ្យយល់ច្រឡំអត្ថន័យទិវានៃក្ដីស្រឡាញ់ ហើយនាំគ្នាទៅធ្វើអ្វីខុសប្រពៃណី។
ក្រសួងអប់រំបញ្ជាក់ថា៖ «សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ»។
ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំ ដល់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងឆ្នាំ ២០២៣ នេះ ត្រូវបន្តផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិកុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ ជាមួយគ្នានេះ នៅតាមគ្រឹះស្ថានអប់រំត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ជាពិសេសលើការអប់រំសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
ប្រភពដដែលបញ្ជាក់ថា៖ «ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព«មិត្តអប់រំមិត្ត» និងត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្ស»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈថា វិធានការ និងចំណាត់ការរបស់ក្រសួងពាក់ព័ន្ធក្នុងពេលកន្លងមកហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ក្រៅពីវិធានទប់ស្កាត់នេះ ក្រសួងគួរតែណែនាំអំពីអត្ថន័យពិតប្រាកដនៃទិវាក្តីស្រឡាញ់ ព្រមទាំងយន្តការរដ្ឋបាលមួយចំនួននៅតាមសាលារៀន ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីដែលនឹងអាចកើតមាន។
លោកថ្លែងថា៖ «កន្លងមកខ្ញុំមើលឃើញចំណាត់ការហ្នឹងហាក់បីដូចជា មិនសូវមានប្រសិទ្ធភាពទេ។ ជាទូទៅចាត់ការផ្សព្វផ្សាយតែ១ថ្ងៃ២ថ្ងៃ មុនកម្មវិធីហ្នឹងមិនសូវមានប្រសិទ្ធភាពទេ តែនាំគ្នាលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនិងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទើបអាចទប់ស្កាត់ និងកែប្រែទម្លាប់ និង ការប្រតិបត្តិនៅថ្ងៃ១៤កុម្ភៈក្នុងសង្គមយើងបាន»។
លោកបញ្ជាក់ថា ថ្ងៃ ១៤ កុម្ភៈ ឬហៅថា ថ្ងៃ Valentine''s Day នៅប៉ែកខាងបស្ចិមប្រទេសគឺជាថ្ងៃដែលគូស្នេហ៍សម្តែងមនោសញ្ចេតនាដាក់គ្នាដោយបើកចំហរវាងគ្នានិងគ្នា ប៉ុន្តែនៅកម្ពុជាបែរជានាំគ្នាបកថាថ្ងៃនៃក្តីស្រឡាញ់ ឬទិវានៃក្តីស្រឡាញ់រហូតដល់មានការធ្វើសកម្មភាពគគ្រឹកគគ្រេង និងមានការប្រគល់ខ្លួនប្រាណទៅឱ្យគូស្នេហ៍របស់ខ្លួន។ មិនតែប៉ុណ្ណោះក៏ឃើញមានមនុស្សចាស់មួយចំនួនបានសម្តែងការរំភើបញាប់ ញ័រនឹងទិវានោះ ថែមទាំងបង្ហាញជាសាធារណៈថែមទៀតផង។
លោកថ្លែងថា តាមបទពិសោធន៍ដែលលោកធ្លាប់ទៅរស់នៅ និងសិក្សានៅបស្ចិមប្រទេសជាច្រើនឆ្នាំសង្កេតឃើញថា នៅថ្ងៃ ១៤កុម្ភៈ គេមិនមានធ្វើអ្វីដូចក្នុងសង្គមនៅកម្ពុជាធ្វើកន្លងមកនោះទេ។ លោកថ្លែងថា៖ «ទិវាហ្នឹងមិនមានជាថ្ងៃបុណ្យទេ ខ្មែរយើងចេះតែបកខុសថា បុណ្យតាមពិតវាគឺជា ថ្ងៃសង្សារ ឬជាទិវាសង្សារ អាហ្នឹងបានត្រូវ វាមិនមែនជាថ្ងៃបុណ្យដែលយើងត្រូវសម្តែងសេចក្តីស្រឡាញ់ទៅមនុស្សជាទីស្រឡាញ់មិនថាតែគូស្នេហ៍ ឪពុកម្តាយបងប្អូនទេ នៅស្រុកគេមានទិវាក្តីស្រឡាញ់ហ្នឹងផ្សេងគេមិនធ្វើច្រឡូកច្រឡំគ្នាជាមួយថ្ងៃ ១៤ កុម្ភៈហ្នឹងទេ»។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងនៅថ្ងៃទី ៨ ខែកុម្ភៈថា តាមរយៈវិធានការ យុទ្ធនាការផ្សព្វផ្សាយផ្សេងៗ ដែលបានធ្វើច្រើនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះជាលទ្ធផលគឺមានការយល់ដឹងច្រើនអំពីអត្ថន័យពិតប្រាកដនៃថ្ងៃ ១៤ កុម្ភៈ ប៉ុន្តែប្រសិនបើមានអ្នកមួយចំនួនតូចនៅតែធ្វើសកម្មភាពខុសប្រក្រតីនោះ អាចមានន័យថា ដឹងហើយនៅតែប្រព្រឹត្ត។ យ៉ាងណាក៏ដោយក្នុងរឿងនេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌តែងចេញសេចក្តីអំពាវនាវ នៅពេលកៀកថ្ងៃ ១៤ កុម្ភៈ ផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹង បើសិនជាធ្វើសកម្មភាពទាក់ទងនឹងក្តីស្រឡាញ់ អាចធ្វើសកម្មភាពណាដែលមានប្រយោជន៍ដល់មនុស្សជាតិ។
លោកថ្លែងថា៖ «សម្រាប់យើង ថ្ងៃហ្នឹងបើថាចង់ធ្វើឱ្យយើងផ្តល់ក្តីស្រឡាញ់សម្រាប់ប្រជាជនទូទៅ ឪពុកម្តាយ ធ្វើជាសប្បុរសធម៌ អ៊ីចឹងទៅ។៤៥ ឆ្នាំកន្លងទៅនេះតាមការកត់សម្គាល់របស់ខ្ញុំ ឃើញថា មានសកម្មភាពហ្នឹងច្រើនរហូតដល់ឪពុកម្តាយចាស់ទុំខ្លះមានយកអំណោយទៅកន្លែងជនពិការ ឬកន្លែងខ្វះខាតផ្សេងៗទៀតច្រើន»៕