ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើ​ដល់​ខាង​ភាគី​ជប៉ុន​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ដើម្បី​បង្កើន​ចំនួន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ជប៉ុន​ឱ្យដល់ ​៥​ ម៉ឺន​នាក់ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​ ២ ​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​ជប៉ុន​។​

​ការស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន​កម្ពុជា ​(JCA)​ និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ​ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​ការងារ​។

​លោក​បញ្ជាក់ថា​៖ «​យើង​ចង់​ស្នើ​ដល់​ខាង​ភាគី​ជប៉ុន ធ្វើការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់​កម្ពុ​ជា​ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ពលករ​ចំនួន​៥​ម៉ឺន​នាក់​ទៅធ្វើ​ការ​នៅ​ជប៉ុន នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ខ្ញុំ​កត់សម្គាល់​ឃើញថា ក្រុមហ៊ុន​របស់​ជប៉ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា កម្រ​មាន​វិវាទ​ការងារ​ណាស់ ក្រុមហ៊ុន​អនុវត្ត​ទៅតាម​ច្បាប់​បានល្អ រួម​នឹង​ទំនាក់ទំនង​រវាង​និយោជក​ជប៉ុន និង​កម្មករនិយោជិត​កម្ពុ​ជាមាន​ភាពសុខដុមរមនា​នឹង​គ្នា​»​។

​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​នេះ លោក Takahashi Fumiaki និយាយថា លោក​រួម​នឹង​សមាជិក​របស់​សមាគម​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជួយ​កម្ពុជា​លើ​ជំនាញ​ដ៏​ចាំបាច់ ដែល​កំពុងមាន​តម្រូវការ​សម្រាប់​ទៅធ្វើ​ការ​នៅ​ជប៉ុន​។

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ដោយ​សង្កេតឃើញថា រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​បាន​ចរាចរណ៍​នៅ​កម្ពុ​ជាមាន​ចំនួន​កាន់តែច្រើន ដែលជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ខាង​ជប៉ុន ផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ​ថែទាំ និង​ជួសជុល​រថយន្ត​នេះ ទៅដល់​យុវជន​កម្ពុជា​ឱ្យ​កាន់​តែមាន​សមត្ថភាព រួម​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​កែស​ម្ជ​ស្ស ដែលជា​ជំនាញ​មួយ​កំពុងតែ​ពេញនិយម ដែល​អាច​ផ្តល់​ចំណូល​បាន​ប្រសើរ បើ​យុវជន យុវតី​របស់​កម្ពុជា​ចាប់យក​អាជីព​ខាង​កែស​ម្ជ​ស្ស​នេះ​បាន​ស្ទាត់ជំនាញ​»​។

​ជុំវិញ​បញ្ហា​នេះ​លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​ថ្លែងថា នេះ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ក្នុងការ​សហការគ្នា​យ៉ាង​ស្អិតល្មួត​ជាមួយ​ខាង​ជប៉ុន ក្នុង​ការបញ្ជូន​សិក្ខាកាម ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​ពួកគាត់​មិន​ត្រឹមតែ​ទទួលបាន​ចំណូល​ខ្ពស់ សម្រាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ចំណេះ​ជំនាញ​ដែល​ក្រោយពី​ត្រឡប់​មកពី​ជប៉ុន​វិញ សិក្ខាកាម​អាច​ប្រើប្រាស់​ជំនាញ​ទាំងនោះ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន ដែល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​។​

​លោក​បញ្ជាក់ថា​៖ «​កន្លងទៅ​សមាគម មិនដែល​បានទទួល​ព័ត៌មាន​ពី​ការរំលោភបំពាន​ធ្ងន់ធ្ងរ​អ្វី ពី​បងប្អូន​សិក្ខាកាម ឬ​ពលករ​យើង​នៅ​ប្រទេស​ជប៉ុន​នោះទេ បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត ដូចជា​ម៉ាឡេស៊ី​ជាដើម​។ ប៉ុន្តែ​យើង​ស្នើ​ដល់​ក្រសួង​ឱ្យមាន​ការបែងចែក​ឱ្យបាន​ច្បាស់លាស់​រវាង​សិក្ខាកាម និង​ពលករ នៅ​ជប៉ុន​ដើម្បី​កុំឱ្យ​មានការ​ភាន់ច្រឡំ ព្រោះ​ខ្ញុំ​ទទួលបាន​ការទំនាក់ទំនង​ពី​បណ្តាញ​ពលករ​របស់ខ្ញុំ​នៅ​ជប៉ុន ថា ខ្លួន​ទៅ​ជប៉ុន​ក្នុងនាម​សិក្ខាកាម តែ​ទៅធ្វើ​ការងារ​ជា​ពលករ​ទៅវិញ ដែល​នេះ​វា​ខុសពី​និយមន័យ​ពិត​របស់​វា​»​។​

​លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា ដែល​បាន​ចំណាកស្រុក​ទៅកាន់​ប្រទេស​ជប៉ុន ភាគច្រើន​ទៅក្នុង​នាម​ជា​សិក្ខាកាម ដែល​មានន័យថា ទៅ​រៀន​ផង និង​ធ្វើការ​ផង តែ​ការធ្វើការ​នៅ​ជប៉ុន មិនមាន​សល់​លុយ​ច្រើន​ដូច​នៅ​ធ្វើការ​នៅ​កូរ៉េ​ទេ ព្រោះ​ពួកគាត់​ត្រូវ​ចំណាយពេល​រៀន​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​សិក្ខាកាម​ដែល​បញ្ចប់​ការសិក្សា ឬ​ការងារ​ ៣ ​ទៅ ​៥​ ឆ្នាំ ហើយ​ត្រឡប់​មកពី​ជប៉ុន​វិញ ពួកគាត់​តែងតែមាន​អាទិភាព​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​អ្នកខ្លះ​ទទួលបាន​កម្រៃ​ខ្ពស់ជាង​អ្នកសិក្សា​បរិញ្ញាបត្រ​នៅ​កម្ពុជា​ថែមទៀត​។ ម្យ៉ាងវិញទៀត ប្រសិនបើ​យើង​មាន​ធនធានមនុស្ស​ដែលមាន​ជំនាញ​លើ​ភាសា​ជប៉ុន និង​ចេះ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ជប៉ុន​ច្រើន ពិតជា​អាច​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​បន្ថែមទៀត​»​។​

​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ការងារ​គិត​ត្រឹម​ឆ្នាំ​ ២០២២ មាន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ទទួលបាន​ការអនុញ្ញាត ឱ្យធ្វើ​ការជ្រើសរើស​បណ្តុះ​បណ្តាល បញ្ជូន និង​គ្រប់គ្រង​កម្មសិក្សាការី​ពលករ​ជំនាញ ទៅធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​ជំនាន់​ ១១៦​ ទីភ្នាក់ងារ​៕​