ភ្នំពេញៈ អាវុធ​ចំនួន ​៦០៤ ​ដើម ផលិត ឬ​មាន​ប្រភពពី​សហរដ្ឋអាមេរិក​ដែល​បច្ចុប្បន្ននេះ​ប្រើប្រាស់​លែងកើត ត្រូវបាន​កម្ទេចចោល នៅ​កម្ពុជា​កាលពី​ឆ្នាំមុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​មួយ ដែល​មន្ត្រី​សហរដ្ឋអាមេរិក​ថា «​ដើម្បី​ធានា​សុវត្ថិភាព និង​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។​

​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​សប្តាហ៍​មុន បាន​បំពេញ​ទស្សនកិច្ច​ទៅពិនិត្យ​មើល​គម្រោង​អនុវត្តន៍​រួមគ្នា​មួយ​រវាង​កងយោធពល​ខេមរភូមិន្ទ និង​មូលនិធិ​មនុស្សធម៌ Golden West នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ គម្រោង​នេះ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។

​បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នេះ លោក Murphy បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា​៖ «​ខ្ញុំ​បាន​ចូលរួម​ជាមួយនឹង​ដៃគូ​មូលនិធិ​មនុស្សធម៌ Golden West របស់​យើង ក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ពិនិត្យមើល​កម្មវិធី​កម្ទេច​អាវុធ​ធម្មតា ដែល​គម្រោង​នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​មន្ទីរ​កិច្ចការ​នយោបាយ​យោធា​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​ធានា​សុវត្ថិភាព និង​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។ លោក​ថា​៖ «​វា​ជា​ការល្អ​ណាស់​ដែល​អាវុធ​ចាស់ៗ​ទាំងនេះ​មិនត្រូវ​បាន​យកទៅ​ប្រើប្រាស់​តទៅទៀត​»​។

​លោកស្រី Stephanie Arzate អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា គម្រោង​នេះ​ផ្តោតទៅលើ​ការកាត់បន្ថយ​អាវុធ​ធុន​ស្រាល​តូចៗ និង​ចាស់ៗ ដែលមាន​នៅក្នុង​ស្តុក​។ គម្រោង​នេះ​បានចាប់ផ្តើម​ដំណើរការ​កាលពី​ខែមេសា ឆ្នាំ​ ២០២២​ ក្នុង​គោលបំណង​កម្ទេច​អាវុធ​បរទេស​សរុប​ចំនួន ​៣៥ ០០០ ​ដើម ដែល​ភាគច្រើន​ជា​អាវុធ​ផលិត​នៅ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​។ ប៉ុន្តែ​ក្នុងចំណោម​នោះ​ក៏មាន​អាវុធ​ដែលមាន​ប្រភព​មកពី​អាមេរិក​ចំនួន​ ៦០៤​ ដើម​ផងដែរ ដែល​បច្ចុប្បន្ននេះ​លែង​ប្រើប្រាស់​កើត និង​មាន​អាយុកាល​ប្រហែលជា​៥០​ឆ្នាំ​ទៅហើយ​។

​បើតាម Arzate កាំភ្លើង​ផលិត​នៅ​អាមេរិក​ទាំង ​៦០៤ ​ដើម​នេះ គឺ​ស្មើនឹង ១,៧២​ ភាគរយ​នៃ​អាវុធ​ចាស់ៗ​សរុប​នៅក្នុង​ស្តុក​។ គិត​ចាប់តាំងពី​ខែមេសា ឆ្នាំ​២ ០២២ មក អាវុធ​ជាង​ ១ ​ម៉ឺន​ដើម​ត្រូវបាន​កម្ទេចចោល​។​

​សហរដ្ឋអាមេរិក​ធ្វើការ​ជា​ដៃគូ​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ក្នុង​កម្មវិធី​កម្ទេច​អាវុធ​ធម្មតា​ចាស់ៗ​ចោល​។ សម្រាប់​កម្ពុជា សហរដ្ឋអាមេរិក​ផ្ដល់ជំនួយ​សម្រាប់​កម្មវិធី​នានា​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​អស់​រយៈពេល​៣០​ឆ្នាំ​មកហើយ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។

​នេះ​បើតាម​លោកស្រី Arzate​។ លោកស្រី​អះអាងថា សហរដ្ឋអាមេរិក​គឺជា «​ម្ចាស់ជំនួយ​ដ៏​ធំ​» សម្រាប់​សកម្មភាព​ទាំងនេះ ដោយបាន​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ជាង​ ១៩០​ លាន​ដុល្លារ​គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ មក ​«​ដោយបាន​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​សន្តិសុខសម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​»​។

​លោកស្រី​បន្តថា​៖ «​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​កម្ទេច​អាវុធ ក៏​រាប់បញ្ចូល​ទាំង​កម្មវិធី​កសាង​សមត្ថភាព ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា​អាច​កំណត់​ស្វែងរក និង​កម្ទេច​អាវុធ​ដែល​ប្រើប្រាស់​លែងកើត ដែល​នៅ​សេសសល់​នៅក្នុង​ឃ្លាំង​ថ្នាក់ជាតិ​»​។​

​បើតាម​មូលនិធិ​មនុស្សធម៌ Golden West បាន​ផលិត និង​ផ្តល់​ឧបករណ៍​បំផ្ទុះ​ជាង ​៥០ ​ម៉ឺន ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ដើម្បី​ចែកចាយ​ទៅ​ទូទាំងប្រទេស​កម្ពុជា​សម្រាប់​ប្រើប្រាស់​កម្ទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ Golden West និង​អង្គការ​បោសសម្អាត​មីន​ផ្សេងទៀត ដើម្បី​ដោះស្រាយ​កេរដំណែល​បន្សល់ទុក​ពី​សង្គ្រាម​របស់ខ្លួន​នៅ​កម្ពុជា និង​បោសសម្អាត​គ្រាប់មីន ដែល​ត្រូវបាន​បន្សល់ទុក ដោយ​ប្រទេស​នេះ និង​តួអង្គ​ផ្សេងទៀត​។ នៅ​ឆ្នាំ ​២០១៩ ទឹកប្រាក់​ចំនួន ​៩​ លាន​ដុល្លារ​ត្រូវបាន​ផ្តល់ឱ្យ​គម្រោង​នេះ​។ នេះ​បើតាម​មូលនិធិ Golden West ចុះ​ផ្សា​​យ​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

​មូលនិធិ Golden West បានឱ្យដឹងថា​៖ «​យើង​គាំទ្រ​ចំពោះ​គោលដៅ​របស់​កម្ពុជា​ទាំងស្រុង​ក្នុងការ​ប្រែក្លាយ​ទៅជា​ប្រទេស​ដែល​គ្មាន​មីន​នៅត្រឹម​ឆ្នាំ​ ២០២៥»​។ មូលនិធិ​មនុស្សធម៌​នេះ​បញ្ជាក់ថា អាវុធ​ទី ១ ​ម៉ឺន ត្រូវបាន​កម្ទេច​នៅ​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២២​។

​យ៉ាងណាក៏ដោយ បើទោះបី​ពួកគេ​មាន​មោទនភាព​ក្នុងការ​សម្រេចបាន​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏ដោយ ពួកគេ​បញ្ជាក់ថា នៅមាន​អាវុធ​ចំនួន​២​ម៉ឺន​ដើម​ទៀត​ដែល​មិនទាន់​កម្ទេចចោល​នៅឡើយ​ដែល​ពេលនេះ​នៅក្នុង​ស្តុក​។

​មូលនិធិ​ដដែល​បន្តថា​៖ «​យើង​កំពុង​រួមគ្នា​លើកកម្ពស់​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​នៅ​កម្ពុជា និង​នៅ​ទូទាំង​តំបន់ តាមរយៈ​ការបំផ្លាញ​ចោល​កត្តា​សក្តានុពល​ដែល​អាច​បង្កឱ្យមាន​ការ​រត់ពន្ធ​អាវុធ និង​ការពារ​អាវុធ​ទាំងនេះ​កុំឱ្យ​ធ្លាក់​ដល់ដៃ​ពួកឧក្រិដ្ឋជន និង​ភេរ​វករ​»​។

​ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ អំពី​ដំណើរការ​នៃ​គម្រោង​នេះ​បានទេ ដោយ​លោក​មិនបាន​ឆ្លើយតប​តាម​សំណួរ​ដែល​លោក​ស្នើឱ្យ​ផ្ញើ​តាម​តេ​ឡេ​ក្រាម​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​បាន​និយាយថា ការកម្ទេច​អាវុធ​ចាស់ៗ នឹងមិន​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព​ការពារជាតិ​របស់​កម្ពុ​ជា​ឡើយ ដោយហេតុថា អាវុធ​ចាស់ៗ​ទាំងនោះ​មិនអាច​ប្រើប្រាស់​ទៀត​បាន​។ យ៉ាងណាក៏ដោយ​កម្ពុជា​នៅតែមាន​ភាពចាំបាច់​ក្នុង​ការទិញចូល​អាវុធ​ថ្មីៗ​មក​ជំនួស​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​។

​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ជឿជាក់ថា រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​នឹង​ពិចារណា​ទៅលើ​ការជ្រើសរើស​យក​ប្រព័ន្ធ​អាវុធ​មួយណា ដែល​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការពារ​ប្រទេស​របស់​យើង​»​។

​គម្រោង​រួមគ្នា​រវាង​អង្គការ Golden West របស់​អាមេរិក និង​កងយោធពល​ខេមរភូមិន្ទ​នេះ បានចាប់ផ្ដើម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយពី​សហរដ្ឋអាមេរិក បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា ដោយ​ហ៊ុមព័ទ្ធ​មិនឱ្យ​មានការ​លក់​អាវុធ​របស់​អាមេរិក​ម​ក​កម្ពុជា​។ សហរដ្ឋអាមេរិក​លើក​ហេតុផល​ថា «​ឥទ្ធិពល​យោធា​ចិន បាន​ចាក់គ្រឹះ​ដ៏​ជ្រៅ​នៅ​កម្ពុជា ដែលជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​»​។

​នៅ​ខែធ្នូ ឆ្នាំ​ ២០២១ ភ្លាមៗ​ក្រោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងយោធពល​ខេមរភូមិន្ទ ប្រមូល​អាវុធ​ផលិត​នៅ​អាមេរិក​ទៅ​ដាក់​ក្នុង​ឃ្លាំង​ឬ​កម្ទេចចោល​តែម្ដង​។

​នៅពេល​សួរ​អំពី​ការវិវឌ្ឍ​នៃ​ទណ្ឌកម្ម​ទាំងនេះ លោកស្រី Arzate បាន​បង្វែរ​សំណួរ​ទៅកាន់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​។

​បើតាម​លោក​ គិ​ន ភា កម្ពុជា​មិន​ធ្លាប់បាន​ទិញ​ប្រព័ន្ធ​អាវុធ​ពី​អាមេរិក​ឡើយ​គិត​ចាប់តាំងពី​ការដួលរលំ​របស់រប​ប​ខ្មែរក្រហម​មក​។ ឈរលើ​ហេតុផល​នេះ លោក​ថា ការដាក់ទណ្ឌកម្ម​អាវុធ​កាលពី​ឆ្នាំ​ ២០២១ គ្មាន​ន័យ​ទាល់តែសោះ​។

​លោក​ថ្លែងថា​៖ «​កម្ពុជា​មិន​ធ្លាប់បាន​ទិញ​ប្រព័ន្ធ​អាវុធ​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​បានដាក់​ទណ្ឌកម្ម​អាវុធ​លើ​យើង ហេតុនេះ​វា​ហាក់ដូចជា អាមេរិក​បង្ហាញ​ពី​ភាព​ក្រអឺតក្រទម​របស់គេ​»​។

​លោក ​គិ​ន ភា បញ្ជាក់ថា កម្ពុជា​ក៏​មិន​ធ្លាប់​បដិសេធ​ការផ្ដល់​ជំនួយ​ផ្នែក​យោធា​ពី​ប្រទេស​ណាមួយ​ឡើយ​។ កម្ពុ​ជាមាន​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​ចិន​ដោយសារតែ​រដ្ឋាភិបាល​ចិន មានបំណង​ជួយ​កម្ពុជា​លើ​វិស័យ​ការពារជាតិ​។

លោក​ថា​៖ «​យើង​ឃើញថា កម្ពុជា​បាននិងកំពុង​ពង្រីក​ទំនាក់ទំនង​យោធា​ជាមួយនឹង​ប្រទេស​ទាំងអស់​ទាំង​នៅ​អាស៊ាន និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ជាដើម​»៕