ព្រះ​សីហនុៈ​ អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ លោក ឡុង ឌី​ម៉​ង់ បា​នឱ្យ​ដឹង​នៅ​ថ្ងៃទី ​៩ ​ខែកុម្ភៈ​​ថា ​អាជ្ញា​ធរខេត្ត​បាន​ទទួល​គោល​ការណ៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​សម្រប​សម្រួល​ជា​មួយ​ម្ចាស់​ទីតាំង​ធ្វើការ​កែ​សម្រួល​ និង​រុះរើ​របង​នៅ​ឆ្នេរ​អូរ​ឈើ​ទាល ​១​ ផ្នែក​ខាង​ជាប់​សមុទ្រ​ចេញ ​ដោយ​របង​ ១​ ផ្នែក​នោះ​ត្រូវ​បាន​រុះរើ​ចេញ​រួច​អស់​ហើយ ​កាលពី​​យប់​ថ្ងៃទី​ ៨​ ខែកុម្ភៈ​។

​លោក​ថ្លែង​ថា​៖ «​អាជ្ញាធ​រខេត្ត​បាន​ទទួល​ការណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករ​ដ្ឋមន្ត្រី​ ឱ្យធ្វើ​ការសម្រប​សម្រួល​ជា​មួយ​ម្ចាស់​ទីតាំង​ជា​កម្ម​សិទ្ធិ​ករ​ ដើម្បី​ធ្វើការ​កែ​សម្រួល​និង​រុះរើ​របង​១​ផ្នែក​នៅ​ខាង​ក្រោយ​ដី​ មាន​ន័យ​ថា​ នៅ​ប៉ែក​ខាង​សមុទ្រ​បាន​រុះ​រើចេញ​រួច​ហើយ ម្ចាស់​ដី​ក៏​បាន​ឯក​ភាព​ក្នុង​ការ​រុះរើ​ដែរ​កាល​ពី​យប់​មិញ​»​។

​យ៉ាង​ណា​ក៏ដោយ​ លោក​ ឡុង ឌី​ម៉​ង់ ​មិនបា​ន​បញ្ជាក់​ថា របង​ដែល​នៅ​សេស​សល់​នៅ​ផ្នែក​ផ្សេង​ពី​នោះ​នឹង​ត្រូវ​រុះរើ​បន្តទៀត​ឬ​យ៉ាង​ណា​ទេ​ ចំណែក​ទីតាំង​ដី​នោះ ក៏​មិន​ដឹង​ថា រដ្ឋ​នឹង​ដក​ហូត​មកវិញ​ឬ​យ៉ាង​ណា​នោះ​ដែរ​។ លោក​បញ្ជាក់​ថា​៖«​កិច្ច​ការងារ​និង​សំណួរ​ផ្សេង​ទៀត​ដែល​ផុត​ដែន​សមត្ថ​កិច្ច​របស់​យើង​ខ្ញុំ គឺ​យើងខ្ញុំ​​មិន​អាច​ឆ្លើយ​ជូន​បាន​ទេ​»​។

​លោក​ សាន់ ម៉ា​ឡា មន្ត្រី​តស៊ូ​មតិ​របស់​សមា​គម​បណ្តាញ​យុវជន​កម្ពុជា​ និង​ជា​សកម្ម​ជន​បរិស្ថាន ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៩​ ខែកុម្ភៈ​ថា លោក​គាំទ្រ​ចំណាត់​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ ដែល​បាន​ណែនាំ​ទៅ​កាន់​អាជ្ញាធ​រខេត្ត​ព្រះ​សីហនុ​ ឱ្យ​ចុះ​សម្រប​សម្រួល​ជា​មួយ​ម្ចាស់​ទីតាំង​របង​នៅ​ឆ្នេរ​អូរ​ឈើ​ទាល ដើម្បី​វាយ​កម្ទេច​ចោល​។ នេះ​គឺជា​ចេតនា ​និង​ឥរិយា​បថដ៏​ល្អ​មួយ​របស់​រដ្ឋាភិ​បាល​ក្នុងការឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​ក៏ដូចជា​ប្រតិ​កម្ម​ពី​សា​ធា

រ​ណ​ជន​។

​លោក​ថ្លែងថា​៖«​ឥរិ​យាបថ​បែបនេះ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ហើយ​ស្នើឱ្យ​រដ្ឋាភិ​បាល​តែងតែ​គោរព​ក៏ដូ​ចជា​ធ្វើ​អ្វី​ទៅ​តាម​មតិ​របស់​សាធារ​ណជន​ដើម្បី​ផល​ប្រយោជន៍​ប្រទេសជា​តិ​របស់​យើង​ ចៀស​វាង​នូវ​ឥរិ​យាបថ​​ឆ្លើយត​ប​ដោយ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​មតិ​របស់​សា​ធារណ​ជន​»​។

​យ៉ាង​ណាក៏​ដោយ ​លោក ​សាន់ ម៉ា​ឡា ​បាន​លើក​ឡើង​ថា ការ​វាយ​កម្ទេច​ចោល​របង​នេះ​ធ្វើ​តែ​១​ផ្នែក​ដែល​ជា​ប់​នឹង​ឆ្នេរ​សមុទ្រ​ប៉ុណ្ណោះ ​ចំណែក​របង​នៅ​សង​ខាង​នោះ​ឃើញថា ​នៅតែ​បន្ត​រក្សា​ទុក ហើយ​មើល​ទៅ​ក៏​ជាការ​ទើស​ភ្នែក និង​បិទ​បាំង​សោ​ភ​ណភាព​សម្រស់​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល​។ ដូច្នេះ​លោក​ស្នើសុំ​ដល់​អាជ្ញា​ធរ និង​ប្រមុខ​រាជ​រដ្ឋាភិបា​ល ត្រូវ​សម្រប​សម្រួល​ធ្វើយ៉ាង​ណា​ឱ្យ​ម្ចាស់​របង​នោះ​កែ​សម្រួល​​របង​អម​សង​ខាង​នោះ ​ហើយ​រក្សា​គម្លាត​យ៉ាង​ហោចណា​ស់​ ១១០​ម៉ែត្រ​ទៅ​តាម​ច្បាប់​ប្រទេស​កម្ពុជា​ដែល​មាន​ជា​ធរ​មាន​។

លោក​ គង់ វុ​ធ​ ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​លេខ​៤ ​ក្រុងព្រះ​សីហនុ ​បាន​និយាយ​ថា ការ​វាយ​កម្ទេច​សំណង់​របង​ថ្ម​ដ៏​ស្កឹមស្កៃ​បង្ហាញពី​ឥ​ទ្ធិ​ពល​អ្នកមាន​លុយ​នៅតាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទា​ល​នោះ​គឺជា​ការ​ផ្ដល់​នូវ​សេរីភាព​ដល់​ប្រជា​ពលរដ្ឋ​ទូទៅបាន​ដើរ​លម្ហែកា​យ ស្រូប​ខ្យល់​អាកាស​ប្រកប​ដោយ​ផាសុ​កភាព​និង​សុវត្ថិ​ភាព ហើយ​លោក​គាំទ្រ​ចំពោះ​សកម្ម​ភាព​នេះ​។​

​លោក​ថ្លែងថា​​៖ «​នៅពេ​ល​គេ​សាង​សង់​វា​ធ្វើឱ្យ​ឆ្នេរ​រួម​តូច ហើយ​អ្នកទេ​សចរ​ ភាគច្រើន​មិន​ហ៊ាន​ដើរទៅ​កម្សាន្ត​នៅ​ទីនោះ​ទេ គឺ​បារម្ភ​ពី​បញ្ហា​សុវត្ថិ​ភាព ព្រោះ​វា​ហាក់​ដូច​ជា​ឆ្នេរ​របស់​ឯក​ជន​ផ្ដាច់​មុខ​។ ប៉ុន្តែ​ឥឡូវ​នេះ យើង​សប្បាយ​ចិត្ត​ណាស់ ​បន្ទាប់ពី​​របង​ថ្ម​នោះ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​»​។

​កាលពី​ចុងខែ​មករា ​ឆ្នាំ​ ២០២៣​ កន្លង​ទៅនេះ ​សាធា​រណជន​បាន​សម្តែង​ការមិន​ពេញ​ចិត្ត​និង​បាន​បង្ហោះ​រូបភាព​សកម្ម​ភាព​ធ្វើ​របង​ថ្ម​ចាក់គ្រឹះ​រឹងមាំ​ជាប់​ឆ្នេរ​សមុទ្រ​អូរ​ឈើ​ទាល​ខេត្ត​ព្រះ​សីហនុ​លើ​បណ្តាញ​សង្គម​ជាច្រើន ​ដោយ​សំណូម​ពរ​ឱ្យ​បញ្ឈប់​សកម្មភាព​សាង​សង់​នោះ​ផង​។ យ៉ាង​ណាក៏​ដោយ ​ពេល​វេលា​បាន​អូស​បន្លាយ​រហូត​ដល់​ថ្ងៃទី ​៨​ ខែកុម្ភៈ ​ទើប​រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​ទីតាំង​ដើម្បី​វាយ​កម្ទេច​ចោល​របង​ផ្នែក​ជាប់​ឆ្នេរ​ចេញ​វិញ​រួចរាល់​នៅ​ថ្ងៃទី​៩ ​ខែកុម្ភៈ​ ក្រោយ​ពីមាន​ការ​ណែនាំ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​​។

លោក អំ សំអាត អនុប្រធាន​អង្គការលីកាដូបាន​ថ្លែងថា កន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មាន​ប្រសាសន៍​ណែនាំ ដល់​គ្រប់​ក្រសួង ស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធ​នៅតាម​រាជធានី​-​ខេត្ត ទូទាំងប្រទេស​ថា ប្រសិនបើ​ប៉ះពាល់​ដី​សាធារណៈ ជាពិសេស​តំបន់ឆ្នេរ គឺ​សុំឱ្យ​លុប​ចោលឬ​មោឃភាព​វិញ​។​

​លោក​ថ្លែងថា​៖«​ដូច្នេះ​ការរុះរើ​និង​វាយ​កម្ទេច​របង​ថ្មដែល​សង់​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើទាល​នោះគឺ​មិន​គ្រប់គ្រាន់​ទេក្រសួង ស្ថាប័ននិងអង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាលគួរតែ​ពិចារណា​សើរើនិង​ដកហូត​... ​»​។​

​លោក​បាន​បន្តថា​ បច្ចុប្បន្ន​ឆេ្នរ​សមុទ្រ​កម្ពុជា បាន​ជាប់​ក្នុង​លំដាប់ថ្នាក់​ជា​ឆ្នេរសមុទ្រ​ស្អាត​ក្នុង​ពិភពលោក ដោយមាន​ជីវចម្រុះ​គ្រប់​ប្រភេទ និង​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ស្រស់ស្អាត ដែល​បម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ​។​

​មាត្រា​ ២៧​ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋចែងថា​ «​អនុ​ប្ប​យោគគឺជា​ការធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​នូវ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ចំពោះ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​នៅ​ទំនេរ​លែង​ជា​តម្រូវការ​នៃ​ផលប្រយោជន៍​សាធារណៈ ឬ​ការផ្តល់​សេវាសាធារណៈបាត់បង់​លក្ខណសម្បត្តិ​ក្នុង​ការបម្រើ​ប្រយោជន៍​សាធារណៈ លែង​ជាការ​ប្រើប្រាស់​ដោយផ្ទាល់​ដោយ​សាធារណជន​»​៕​

វីដេអូ៖